ចាប់ផ្តើមប្រក្រតីភាពថ្មីភ្លាម វិហារសាសនាឃើញមនុស្សរាប់ពាន់នាក់មកកកកុញគ្នា ចូលរួមពិធីសាសនានៅពេលចុងសប្តាហ៍ .. តែអ្នកមកចូលពិធីសាសនាបាន ទាល់តែមាន..

កូរ៉េខាងត្បូង៖ សប្តាហ៍ដំបូងនៃការឈានត្រឡប់មកកាន់ប្រក្រតីភាពថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូង គេឃើញថាសង្គមកូរ៉េបានក្លាយមកសភាពប្រក្រតីសឹងតែទាំងស្រុងទៅហើយ ហើយក្នុងនោះដែរ ទីតាំងវិហារសាសនានៅកូរ៉េ ក៏មិនខុសគ្នាដែរ គឺមានមនុស្សមកយ៉ាងច្រើនកុះករ ចូលរួមពិធីសាសនានៅពេលចុងសប្តាហ៍។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅម៉ោង១០ព្រឹក គេឃើញនៅតាមវិហារសាសនាជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង មានមនុស្សមកតម្រង់ជួរគ្នាយ៉ាងវែងរង់ចាំចូលរួមក្នុងពិធីសាសនាដែលតែងធ្វើនៅពេលចុងសប្តាហ៍នេះ។

ជាក់ស្តែងសម្រាប់វិហារសាសនាមួយកន្លែងនៅកណ្តាលក្រុងសេអ៊ូល រាប់តាំងពីថ្ងៃចន្ទដើមខែវិច្ឆិកានេះមក បានកំណត់អនុញ្ញាតឱ្យមនុស្សដល់៦០០នាក់ហើយ អាចមកទីតាំងវិហារនេះដើម្បីធ្វើពិធីនានាដោយក្នុងនោះគេត្រូវពិនិត្យថាតើ អ្នកមកចូលរួមមានបានចាក់វ៉ាក់សាំងរួចរាល់ហើយឬនៅផងដែរ។

វិហារសាសនាធំមួយទៀតឈ្មោះ Yoido Full Gospel Church ដែលជាវិហារសាសនាគ្រឹស្តធំជាងគេនៅកូរ៉េខាងត្បូង ក៏មានមនុស្សមកតម្រង់ជួរគ្នារង់ចាំចូលរួមពិធីសាសនានៅព្រឹកថ្ងៃអាទិត្យនេះផងដែរ ដោយអ្នកចូលរួមក៏ត្រូវធ្វើការស្គេន QR Code ដើម្បីកំណត់អត្តសញ្ញាណ និងធ្វើការវាស់សីតុណ្ហភាពផងដែរ មុននឹងចូលទៅខាងក្នុងបាន។

បុគ្គលិកនៅក្នុងវិហារនេះនិយាយថា ត្រឹមថ្ងៃអាទិត្យនេះមានអ្នកមកចូលរួមប៉ាន់ស្មានមានដល់ជាង ៦០០០នាក់ឯណោះ ហើយអ្នកដែលមកចូលរួមទាំងអស់គឺសុទ្ធតែជាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ប៉ុណ្ណោះ។

ចំណែកឯវិហារសាសនាមួយទៀត ដែលជាវិហារសាសនាព្រះពុទ្ធវិញនៅសេអ៊ូលដែរនោះ គឺវិហារ 조계사 ក៏មានមនុស្សទៅធ្វើពិធីសាសនាពេញទាំងអស់ផងដែរ ដោយកៅអីដែលគេរៀបចំនៅក្រៅវិហារចំនួនជាង ២០០កៅអី មានមនុស្សមកចូលរួមអង្គុយពេញទាំងស្រុងតាំងពីមុនម៉ោង១០ព្រឹក​ឯណោះ។

អ្នកមកចូលរួមពិធីសាសនានេះម្នាក់ អាយុ៨១ឆ្នាំបាននិយាយថា ពិតជារីករាយណាស់ដែលខ្លួនអាចមកធ្វើបុណ្យសែនព្រេនបានជាថ្មីដូចនេះ ក្រោយពីត្រូវបានរិតត្បិតមិនអាចចូលរួមពិធីសាសនាបានអស់ជាង២ឆ្នាំមកនេះ។

Leave a Reply

Your email address will not be published. Required fields are marked *