កូរ៉េខាងត្បូង៖ ពីថ្ងៃចន្ទនេះទៅ អ្នកដែលកន្លងមកចាក់វ៉ាក់សាំងកូវីដមួយដូសរបស់ក្រុមហ៊ុន Janssen នឹងត្រូវមកទទួលចាក់វ៉ាក់សាំងដូសបន្ថែមហើយ ដែលតាមតួលេខដែលគេរំពឹងនឹងមានដល់ទៅ១.៤លាននាក់ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN New។
វ៉ាក់សាំង Janssen នេះត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងចាប់ផ្តើមចាក់ជូនប្រជាជនកូរ៉េតាំងពីខែមិថុនាកន្លងមក ហើយមានភាពពេញនិយមដោយសារតែវ៉ាក់សាំងនេះត្រូវការតែមួយដូសប៉ុណ្ណោះ។ វ៉ាក់សាំងរបស់អាម៉េរិកនេះ ចាក់បានសម្រាប់អ្នកអាយុ៣០ឆ្នាំឡើងដល់៦០ឆ្នាំ មន្ត្រីរាជការស៊ីវិលក្នុងវិស័យការជាតិ និងមន្ត្រីការទូតយោធាជាដើម។
យ៉ាងណាមិញជាមួយនឹងការចាក់វ៉ាក់សាំងអាមេរិកនេះ គេឃើញថាអត្រានៃការឆ្លងកូវីដទៅលើអ្នកចាក់វ៉ាក់សាំងកូវីដរួចនោះ មានច្រើនជាងគេគឺអ្នកចាក់វ៉ាក់សាំង Janssen នេះឯង។
ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ដែលបានចាក់វ៉ាក់សាំងនេះ មានមនុស្សដល់ទៅ២៦៦.៥នាក់ បានរកឃើញថាបានឆ្លងកូវីដ គឺខ្ពស់ជាងវ៉ាក់សាំងដទៃទៀតដូចជាវ៉ាក់សាំង AstraZeneca ត្រឹមតែ៩៩.១នាក់ វ៉ាក់សាំង Pfizer មានត្រឹមតែ ៤៨.២នាក់ វ៉ាក់សាំង Moderna ត្រឹមតែ ៤.៦ ហើយអ្នកដែលចាក់វ៉ាក់សាំង Pfizer លាយជាមួយនឹង AstraZeneca មានត្រឹមតែ ៧១.១នាក់ប៉ុណ្ណោះ។
ដូចនេះ មនុស្សចំនួន១.៤លាននាក់ដែលកន្លងមកបានចាក់វ៉ាក់សាំង Janssen នឹងត្រូវចាក់វ៉ាក់សាំងកូវីដដូសបន្ថែមនេះហើយ។ សម្រាប់អ្នកទាំងនេះមានជម្រើសអាចជ្រើសរើសវ៉ាក់សាំងកូវីដបច្ចេកវិទ្យា mRNA របស់ Pfizer ឬ Moderna ឬប្រសិនបើពួកគេមានអាយុលើសពី៣០ឆ្នាំឡើងទៅ គេក៏អាចរើសយកវ៉ាក់សាំងកូវីដ Jansse ១ដូសដដែលដើម្បីចាក់បន្ថែម។
អ្នកដែលមានសិទ្ធចាក់វ៉ាក់សាំងដូសបន្ថែមនេះ គឺត្រូវបានចាក់វ៉ាក់សាំងកូវីដ Janssen នេះកន្លងមកបានផុតរយៈពេល២ខែយ៉ាងតិចឡើងទៅ។