៤ថ្ងៃដំបូង អនុវត្តប្រក្រតីភាពថ្មីនៅកូរ៉េខាងត្បូង បើកភោជនីយដ្ឋាន និងហាងនានាច្រើនជាងមុនភ្លាម ប៉ូលិសកូរ៉េឃាត់បានអ្នកធ្វើដំណើរស្រវឹង ដល់ជាងរាប់ពាន់នាក់..

កូរ៉េខាងត្បូង៖ ត្រឹម៤ថ្ងៃនៃការចាប់ផ្តើមប្រក្រតីភាពថ្មី បន្ថយគម្លាតសង្គមនៅកូរ៉េខាងត្បូង គេឃើញថាតួលេខនៃអ្នកបើកបរល្មើសក្នុងស្ថានភាពស្រវឹងកើនឡើងច្រើនមែនទែន ដែលសមត្ថកិច្ចប៉ូលិសចាប់បាន នេះបើតាមការបញ្ជាករបស់សមត្ថកិច្ចនៅថ្ងៃសៅរ៍នេះ​ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ចុះផ្សាយក្នុងព័ត៌មាននេះបានឱ្យថាចន្លោះពីថ្ងៃចន្ទដើមសប្តាហ៍នៃខែថ្មី មកដល់ថ្ងៃព្រហស្បតិ៍នេះ បើតាមការបញ្ជាក់របស់ប៉ូលិសកូរ៉េ មានមនុស្សដល់ទៅ១៤៨៦នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនដែលរកឃើញថាបានបើកបរក្នុងស្ថានភាពស្រវឹង ហើយក្នុងនោះមានដល់ទៅ៣៨៤នាក់ មានជាតិអាល់កុលក្នុងខ្លួនខ្ពស់ ដល់កម្រិតដែលប៉ូលិសត្រូវដកហូតប័ណ្ណបើកបរ ហើយអ្នកនៅសល់ទាំងអស់ផ្សេងទៀតទទួលការព្រមាននឹងអាចដកហូតប័ណ្ណបើកបរនៅពេលខាងមុខ បើល្មើសទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទទី១ វិច្ឆិកានេះ កូរ៉េខាងត្បូងចាប់ផ្តើមអនុវត្តប្រក្រតីភាពថ្មី រស់នៅជាមួយជំងឺកូវីដ ដែលក្នុងនោះមាន៣ដំណាក់កាល ហើយបច្ចុប្បន្ននេះជាដំណាក់កាលទី១ ដែលវិធានការគម្លាតសង្គមមួយចំ​នួនធំត្រូវបានបន្ធូរបន្ថយ។

ក្នុងដំណាក់កាលដំបូងដែលនឹងចាប់ផ្តើមអនុវត្តពីសប្តាហ៍ក្រោយនេះ នឹងមានការបង្កើនចំនួននៃការជួបជុំឯកជនសម្រាប់តំបន់សេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ឱ្យបានដល់ ១០នាក់ ចំណែកឯតំបន់ដទៃទៀតទូទាំងប្រទេសកូរ៉េខាងត្បូង នឹងអាចមានការជួបជុំគ្នាបានដល់ទៅ១២នាក់ ដែលក្នុងនោះមិនចាំបាច់មានការកំណត់លើចំនួនអ្នកចាក់វ៉ាក់សាំងនោះទេ។ ក្នុងនោះដែរ ប្រសិនបើការជួបជុំនៅតាមភោជនីយដ្ឋាន និងកាហ្វេដែលត្រូវដោះម៉ាស់ទទួលទានអាហារនោះ គឺគេកំណត់ចំនួនជួបជុំត្រូវមានមនុស្សត្រឹម៤នាក់ ដែលមិនទាន់ចាក់វ៉ាក់សាំង។

ការកំណត់ម៉ោងអាជីវកម្មផ្សេងៗនឹងត្រូវលុបចោលទាំងស្រុង លើកលែងតែទីតាំងអាជីវកម្មកម្សាន្តពេលរាត្រីដែលនៅតែមានការកំណត់ដដែលជាបណ្តោះអាសន្នសិន។ ក្នុងនោះ ដែរ សម្រាប់ការចូលទៅកម្សាន្តក្នុងអាជីវកម្មកម្សាន្តរាត្រី គេនឹងត្រូវមានប្រព័ន្ធពិនិត្យកាតវ៉ាក់សាំងសម្រាប់អ្នកបានចាក់វ៉ាក់សាំងកូវីដរួចរាល់ និងការពិនិត្យលើលទ្ធផលតេស្តកូវីដអវិជ្ជមានសម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង។

ក្រៅពីការល្មើសបើកបរដោយស្ថានភាពស្រវឹងនេះ ប៉ូលិសកូរ៉េក៏រកឃើញនូវករណីមនុស្ស២៧៩នាក់ផ្សេងទៀត ដែលត្រូវចាប់បានថាល្មើសនឹងគម្លាតសង្គមក្នុងអំឡុងពេល៤ថ្ងៃនេះ។

ជាមួយនឹងការបើកទូលាយសកម្មភាពសង្គមច្រើននេះ កូរ៉េខាងត្បូងក៏ចាប់ផ្តើមមានការផ្តួចផ្តើមរៀបចំការតវ៉ាជាសាធារណៈកើនឡើងខ្លាំងផងដែរ។ ក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយនេះ ប៉ូលិសកូរ៉េទទួលបានសំណើសុំធ្វើបាតុកម្មជួបជុំដល់ទៅ ៥,៣១៩ សំណើ ហើយក្នុងនោះដល់ទៅ ១,៤៦៦សំណើគឺនៅទីក្រុងសេអ៊ូល។ តាមស្ថានការណ៍ប្រក្រតីភាពថ្មីនេះ ការជួបជុំសាធារណៈ និងរៀបចំតវ៉ានានា អាចរៀបចំបានដោយមានមនុស្សចូលរួម ៤៩៩នាក់ច្រើនបំផុត ហើយអ្នកចូលរួមទាំងអស់ត្រូវបានចាក់វ៉ាក់សាំងកូវីដរួចរាល់។

 

Leave a Reply

Your email address will not be published. Required fields are marked *