ប្លែកណាស់! បុរសកូរ៉េខាងត្បូងម្នាក់លួចថតវីដេអូស្រ្តីម្នាក់ស្លៀកខោកីឡារឹបរាងបានដល់៨វិនាទី ឥឡូវត្រូវតុលាការកូរ៉េខ្វែងគំនិតគ្នាថាគួរមានទោស ឬអត់ ចុងក្រោយត្រូវសម្រេចថា …

កូរ៉េខាងត្បូង៖ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ការផាកពិន័យចំនួន ៧០ម៉ឺនវ៉ុន (ប្រមាណជាង ៥៩៥ ដុល្លារ) សម្រាប់បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទលួចថតស្ត្រីស្លៀកខោកីឡារឹបរាង ដោយខុសច្បាប់ នៅក្នុងការជំនុំជម្រះឡើងវិញមួយនៃសំណុំរឿងនេះ បន្ទាប់ពីតុលាការកំពូលបានសើរើយកសាលក្រមករណីនេះ ដែលកន្លងមក ត្រូវបានតុលាការសម្រេចមិនមានទោសកំហុស មកកាត់ក្តីពិនិត្យឡើងវិញ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News សំណុំរឿងនេះបានទាក់ទាញការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលតុលាការសាលាដំបូង និងសាលាឧទ្ធរណ៍កន្លងមកមានការខ្វែងគំនិតគ្នាថា តើការថតស្ត្រីស្លៀកខោកីឡារឹបរាងជាបទឧក្រិដ្ឋកម្មផ្លូវភេទឬយ៉ាងណា។ សម្រាប់តុលាការកំពូលបានសំរេចឡើងវិញថា ករណីនេះជាករណីខុសច្បាប់ ដោយសារតែហេតុការណ៍កើតឡើងនោះ មានវីដេអូដែលអាចឱ្យគេយកទៅកែសម្រួល និងចែករំលែកដោយចេតនាលើអ៊ីនធឺណិត។

បុរស​ជនសង្ស័យរូបនេះ ត្រូវបានគេ​លាក់​អត្តសញ្ញាណ​ ត្រូវ​បាន​ចាប់ខ្លួន ​និង​ចោទ​ប្រកាន់ភ្លាមៗ ​បន្ទាប់​ពីបានរកឃើញថាបាន​ថត​រូប​រាង​កាយ​ស្រ្តីមួយកំណាត់ជើងចុះក្រោម ​គឺថតស្ត្រីស្លៀកខោកីឡារឹបរាង ដោយ​ប្រើ​ទូរសព្ទ​ដៃ​រយៈពេលប្រហែល ៨ វិនាទី ខណៈ​ជិះ​ឡាន​ក្រុង​ក្នុង​ឆ្នាំ ២០១៨។

សម្រាប់ករណីនេះ ពីដំបូងឡើយតុលាការមូលដ្ឋាននៅតំបន់អ៊ុយចុងប៊ូ បានកាត់ទោសឱ្យគាត់ពិន័យជាប្រាក់ចំនួន៧០ម៉ឺន វ៉ុន និងត្រូវពិន័យឱ្យចូលរួមកម្មវិធីសិក្សាអំពើហឹង្សាផ្លូវភេទរយៈពេល២៤ ម៉ោង ដោយនិយាយថា អ្វីដែលគាត់បានថតនោះ ត្រូវបានចាត់ទុកថាជាផ្នែកនៃរាងកាយដែលអាចបង្កឱ្យមានចំណង់ផ្លូវភេទ ឬការអាម៉ាស់មុខដល់ជនរងគ្រោះ។

យ៉ាងណាមិញ សាលាឧទ្ធរណ៍បានច្រានចោលការកាត់ទោសនេះ ហើយបានដោះលែងបុរសនោះ ដោយកត់សម្គាល់ថានៅក្នុងវីដេអូនោះ គាត់មិនបានធ្វើការពង្រីកថតយកតែផ្នែករាងកាយណាមួយរបស់ជនរងគ្រោះនៅក្នុងវីដេអូនោះទេ ហើយពិបាកសន្និដ្ឋានថាស្ត្រីនោះមានអារម្មណ៍ថារងការប៉ះពាល់ផ្លូវភេទក្នុងករណីនោះដែរ។

ក្រោយមកទៀត ករណីនេះត្រូវបានធ្លាយបន្តដល់តុលាការកំពូលឡើងវិញទៀតកាលពីខែធ្នូឆ្នាំមុន ដោយសារតែតុលាការកំពូលបានលើកឡើងថា ការថតដោយសម្ងាត់នៃផ្នែករាងកាយរបស់អ្នកដទៃ រួមទាំងសម្លៀកបំពាក់ជាប្រភេទខោកីឡារឹបរាងអាចបង្កើតជាបទល្មើសផ្លូវភេទ ហើយសម្ភារៈដែលថតដោយសម្ងាត់អាចត្រូវបានកែសម្រួល និងចែករំលែកជាមួយអ្នកប្រើប្រាស់អនឡាញ។

សេចក្តីសម្រេចនេះគឺជាសាលក្រមរបស់តុលាការដំបូងគេនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបានពង្រីកវិសាលភាពនៃសេរីភាពផ្លូវភេទពី “សិទ្ធិក្នុងការមិនចូលរួមក្នុងសកម្មភាពផ្លូវភេទដោយគ្មានការយល់ព្រម” ឱ្យបានទៅដល់ “សិទ្ធិមិនឱ្យមានការកំណត់បុគ្គលណាមួយដើម្បីបំរើប្រយោជន៍ផ្លូវភេទប្រឆាំងនឹងឆន្ទៈរបស់ពួកគេ” ផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *