ធ្ងន់ណាស់ មិនរួចខ្លួនទេ! ​ករណីគ្រូនាយកសាលាបឋមមួយនៅឃ្យ៉ុងគី លួចបង្កប់កាំមេរ៉ាក្នុងដុំក្រដាសជូតមាត់ក្នុងបង្គន់គ្រូៗស្រ្តី ពេលប៉ូលិសឆែកមើលទូរស័ព្ទ ឃើញឃ្លីបវីដេអូ និងរូបថតច្រើនសន្លឹកទៀតផង ..

កូរ៉េខាងត្បូង៖ ក្រុមតំណាងឱ្យគ្រូបង្រៀននៅកូរ៉េខាងត្បូង បានទាមទារឱ្យមានការស៊ើបអង្កេតល្អិតល្អន់បំផុត និងមានការដាក់ទោសឱ្យធ្ងន់ធ្ងរលើនាយកសាលាបឋមសិក្សាមួយនៅក្រុងអានយ៉ាង ខេត្តឃ្យ៉ុងគី ដែលថ្មីៗនេះត្រូវរកឃើញថាបានលួចតម្លើងកាំមេរ៉ាបង្កប់ក្នុងបន្ទប់ទឹកស្រ្តី នៅសាលារៀនរបស់ខ្លួននោះ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថានៅថ្ងៃអាទិត្យម្សិលមិញនេះ សមាគមនសហព័ន្ធគ្រូបង្រៀនកូរ៉េខាងត្បូង និងសាខារបស់ខ្លួននៅខេត្តឃ្យ៉ុងគី បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ទាមទារឱ្យមានការដាក់ទោសឱ្យបានធ្ងន់ចំពោះជនសង្ស័យជាគ្រូនាយក ដើម្បីជាវិធានការធ្វើឱ្យអ្នកដទៃលែងហា៊នប្រព្រឹត្តអំពើបែបនេះនៅពេលខាងមុខ។

សេចក្តីថ្លែងការណ៍រួមគ្នានេះបានបញ្ជាក់ថា «យើងពិតមានមានការរន្ធត់យ៉ាងខ្លាំងចំពោះហេតុការណ៍បំពានដែលមិនពាក់ព័ន្ធនឹងការសិក្សាបែបនេះ ហើយហេតុការណ៍នេះមិនគួរកើតមានឡើងក្នុងបរិវេណសាលារៀនទាល់តែសោះ និងជាពិសេសគឺប្រព្រឹត្តិដោយនាយកសាលាថែមទៀត»។

សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា ទង្វើរបស់គ្រូនាយកជាជនសង្ស័យនេះធ្វើឱ្យគ្រូ និងបុគ្គលិកអប់រំទូទាំងប្រទេសមានភាពអៀនខ្មាស់យ៉ាងខ្លាំង។ «គ្រូបង្រៀនដែលល្មើសទៅនឹងសីលធម៌ជាគ្រូ ហើយបំពានប្រព្រឹត្តិបទល្មើសពាក់ព័ន្ធផ្លូវភេទ ត្រូវតែបណ្តេញចេញជាអចិន្ត្រៃយ៍ពីការងារជាគ្រូបង្រៀន ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀនទាំងអស់ដែលយកចិត្តទុកដាក់លើការបង្រៀនកូនសិក្សរបស់ខ្លួន»។

ក្នុងនោះដែរ ស្ថាប័នតំណាងគ្រូបង្រៀនទាំងនេះ ក៏បានទាមទារឱ្យការិយាល័យអប់រំបណ្តេញអ្នកដែលពាក់ព័ន្ធទាំងអស់ និងត្រូវដាក់ចេញនូវវិធានការនានាដើម្បីការពារ និងគាំទ្រជនរងគ្រោះក្នុងករណីនេះ ព្រមទាំងបានទាមទារឱ្យមានការស្រាវជ្រាវដើម្បីអាចចុះចាប់ឱ្យអស់នូវករណីដែលលួចបង្កប់កាំមេរ៉ាខុសច្បាប់នៅតាមគ្រប់សាលាទាំងអស់ក្នុងខេត្តឃ្យ៉ុងគី ដោយសហការគ្នាជាមួយកម្លាំងស្រាវជ្រាវរបស់សមត្ថកិច្ចប៉ូលិសផងដែរ។

ស្ថាប័នទាំងនេះបានលើកឡើងថា ខ្លួនបាននិយាយជាច្រើនលើកហើយថា ការចុះចាប់សកម្មភាពបង្កប់កាំមេរ៉ាទាំងនេះ មិនអាចសម្រេចបានទេ ប្រសិនបើគណៈកម្មការត្រួតពិនិត្យប្រាប់បញ្ជាក់ជាមុននូវកាលវិភាគដើម្បីចុះមកពិនិត្យមើលដូចដែលអនុវត្តរាល់ដងនោះ ហើយការិយាល័យអប់រំតែងតែមិនអើពើទៅលើចំណុចនេះ ហើយដូចនេះការិយាល័យអប់រំខេត្តត្រូវតែទទួលកំហុសលើបញ្ហានេះ។

សូមបញ្ជាក់ថា ក្នុងករណីដែលរកឃើញកាំមេរ៉ាបង្កប់ក្នុងបន្ទប់ទឹកស្រីនៅសាលារៀនមួយកន្លែងនៅក្រុងអានយ៉ាង ខេត្តឃ្យ៉ុងគីនេះ គឺគ្រូនាយកសាលាបឋម​សិក្សាកើតហេតុនេះត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចរកឃើញថាជនសង្ស័យនេះជាអ្នកលួចបង្កប់កាំមេរ៉ា។

ករណីនេះដំបូងឡើយត្រូវបានរកឃើញដោយគ្រូបង្រៀនម្នាក់ ដោយបានបង្កប់នៅក្នុងប្រអប់ដាក់ក្រដាសនៅចំហៀងបង្គន់ក្នុងបរិវេណបន្ទប់ទឹកគ្រូជាស្រ្តី នៅនឹងសាលារៀននោះ។ ដំបូងឡើង គ្រូនាយកនេះព្យាយាមបញ្ចុះបញ្ចូលកុំឱ្យមានការរាយការណ៍ករណីនេះ តែគ្រូបង្រៀនដែលរកឃើញ បានប្តឹងសមត្ថកិច្ចបង្កឱ្យបែកធ្លាយរឿងនេះជាសាធារណឡើង។

បើតាមការសារភាព គ្រូនាយកជាជនបង្កបាននិយាយថា ខ្លួនបានទិញកាំមេរ៉ានេះដើម្បីយកមកតម្លើងក្នុងហេតុផលសុវត្ថិភាពប៉ុណ្ណោះ ហើយបានតម្លើងវាកាលពីមួយថ្ងៃមុនពេលកើតហេតុ ដើម្បីចង់ដឹងថាកាំមេរ៉ានេះដំណើរការឬអត់ ហើយតក៏បានសារភាពថាបានធ្វើផងដែរ តែបានបញ្ជាក់ថាខ្លួនគ្មានបំណងចង់បង្កជាបទល្មើសផ្លូវភេទនោះទេ។

សម្រាប់ករណីនេះ ប៉ូលិសកំពុងធ្វើការស្រាវជ្រាវ ជាពិសេសពិនិត្យមើលថាតើមានវីដេអូណាដែលបានថតចេញពីកាំមេរ៉ាបង្កប់នេះឬអត់ តែក្នុងនោះដែរ ក្រោយពីបានពិនិត្យមើលទូរស័ព្ទរបស់គ្រូនាយករូបនេះ គេរកឃើញរូបភាពចំនួន៣សន្លឹក និងឃ្លីបវីដេអូចំនួន៦ បង្ហាញពីរាយកាយស្រ្តី ដែលជនសង្ស័យបានថតដោយសម្ងាត់កន្លងមក តែមិនមែននៅក្នុងបន្ទប់ទឹកនោះទេ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *