២ឆ្នាំជាង នៃស្ថានការណ៍កូវីដ! វិស័យការងារនៅកូរ៉េខាងត្បូង ដែលប្រាក់ខែកើនខ្លាំងជាងគេគឺវិស័យពាក់ព័ន្ធអ៊ីនធើណែត ចំណែកវិស័យដែលប្រាក់ខែដាំក្បាលចុះខ្លាំងជាងគេគឺវិស័យ ២ នេះ …

កូរ៉េខាងត្បូង៖ ក្នុងរយៈពេលជាច្រើនខែចូលដល់សឹងតែ២ឆ្នាំនៃស្ថានការណ៍កូវីដនេះ គេសង្កេតឃើញនៅកូរ៉េខាងត្បូង មានការទំនោរកើនប្រាក់ខែខ្ពស់សម្រាប់ការងារក្នុងវិស័យមួយចំនួន ខណៈវិស័យការងារមួយចំនួនទៀតមានការថយចុះប្រាក់ខែច្រើនវិញផងដែរ នេះបើតាមការលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវមួយបង្ហាញនៅថ្ងៃអាទិត្យនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវមួយនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចកូរ៉េ (KERI) ដែលក្នុងនោះបានបញ្ជាក់ថា ប្រាក់ប្រចាំខែរបស់អ្នកធ្វើការក្នុងវិស័យសេវាកម្មប្រព័ន្ធអ៊ីនធើណែត ដូចជាក្រុមហ៊ុន​ Naver Corp. និងក្រុមហ៊ុន Kakao Corp. មានការកើនឡើងប្រាក់ខែសឹងតែជាមធ្យមដល់លើស ១លានវ៉ុនឯណោះ (ប្រមាណជាង ៨៥៤ដុល្លារ)។

សម្រាប់បុគ្គលិកធ្វើការក្នុងវិស័យពាក់ព័ន្ធសេវាកម្មអ៊ីនធើណែតនេះ ទទួលបានប្រាក់ខែជាមធ្យមដល់ទៅ ៣៧.៩៤លានវ៉ុនឯណោះ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២១ ដែលកើនឡើងពីប្រាក់ខែត្រឹមជាង ២៨.៨៣លានវ៉ុន ក្នុងរយៈពេលដដែល កាលពី២ឆ្នាំកន្លងទៅ។

ផ្ទុយមកវិញ សម្រាប់បុគ្គលិកក្នុងវិស័យទេសចរណ៍ និងអាកាសចរ ឃើញប្រាក់ខែរបស់ខ្លួនថយចុះសឹងដល់ទៅជាង១លានវ៉ុនក្នុង១ខែជាមធ្យម។ បើគិតក្នុងអំឡុងខែមករា-មិថុនា ឆ្នាំ២០២១នេះ បុគ្គលិកក្នុងវិស័យដែលរងការប៉ះពាល់ធ្ងន់ធ្ងរជាងគេពីកូវីដនេះ មានប្រាក់ខែជាមធ្យមត្រឹមតែ ១២.៣៤លានវ៉ុនប៉ុណ្ណោះ ថយចុះពីប្រាក់ខែជាមធ្យមដល់ ២០.០៨លានវ៉ុន កាលពីរយៈពេលដូចគ្នា ២ឆ្នាំមុន។

លទ្ធផលនៃរបាយការណ៍នេះត្រូវបានធ្វើឡើងដោយធ្វើការវិភាគទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនចំនួន ១៣៤០ ក្រុមហ៊ុនដែលបានចុះឈ្មោះនៅក្នុងទីផ្សារភាគហ៊ុនក្នុងប្រទេសកូរ៉េខាងត្បូង។

បើតាមការសន្និដ្ឋានរបស់របាយការណ៍ស្រាវជ្រាវនេះគឺ «បើគិតតាមវិស័យ ភាពខុសគ្នានៃកម្រិតប្រាក់ខែកាន់តែមានខុសគ្នាខ្លាំងឡើងៗ ក្រោយពីវិបត្តិជំងឺកូវីដចាប់ផ្តើមវាយលុក ដូចនេះរដ្ឋាភិបាលកូរ៉េខាងត្បូងគួរពិចារណាក្នុងការបន្តការជួយឧបត្ថម្ភគាំទ្រដល់វិស័យដែលរងការប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀត ដើម្បីជួយឱ្យវិស័យទាំងនេះអាចឈរជើងបានមកវិញ»។

សម្រាប់បងប្អូនយើងដែលកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង តាមវិស័យការងារផ្សេងៗ តើមានការកត់សម្គាល់នៃការធ្លាក់ ឬកើនឡើងនៃប្រាក់ខែរបស់ខ្លួនក្នុងអំឡុងពេលស្ថានការណ៍កូវីដនេះដែរឬទេ?

Leave a Reply

Your email address will not be published. Required fields are marked *