ត្រៀមខ្លួនប្រយ័ត្ន! ប៉ូលិសកូរ៉េខាងត្បូងប្រកាសថានឹងបង្កើនការចុះឆ្មក់ចាប់ និងពិនិត្យជាតិអាល់កុលលើអ្នកបើកបរនាប៉ុន្មានខែខាងមុខនេះ ខណៈគម្លាតសង្គមថ្មីចាប់ផ្តើមអនុវត្ត

កូរ៉េខាងត្បូង៖ ឈានដល់រដូវកាលចុងឆ្នាំ ស្របជាមួយនឹងការអនុវត្តស្ថានការណ៍គម្លាតសង្គមថ្មី «រស់នៅជាមួយនឹងកូវីដ» ផងនោះ ស្ថាប័នសមត្ថកិច្ចប៉ូលិសកូរ៉េខាងត្បូងបានត្រៀមខ្លួនរួចរាល់ក្នុងការចុះបង្រ្កាបការល្មើសបើកបរក្នុងស្ថានភាពស្រវឹង ខណៈដែលគេរំពឹងថានឹងមានការផឹកស៊ី ជួបជុំគ្នាកើនឡើងវិញខ្លាំងនោះ។

បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ស្ថាប័នសមត្ថកិច្ចប៉ូលិសកូរ៉េ បាននិយាយថានឹងចេញបេសកកម្មធ្វើការពិនិត្យជាតិស្រវឹងក្នុងចំណោមអ្នកបើកបរក្នុងបរិវេណចន្លោះទីតាំងណាដែលពេញនិយមសំបូរហាងផឹកស៊ីនៅទូទាំងប្រទេស រយៈពេល៣ខែជាប់គ្នា ចាប់ពីថ្ងៃចន្ទស្អែកនេះទៅតែម្តង។

ការបើកប្រតិបត្តិការចុះចាប់ និងវាស់ជាតិអាល់កុលលើអ្នកបើកបរនានាលើដងផ្លូវនេះ នឹងត្រូវធ្វើឡើងនៅតាមទីតាំង និងពេលវេលាផ្សេងៗគ្នា ធ្វើយ៉ាងណាមិនឱ្យមានការចែកចាយព័ត៌មានគ្នាឱ្យបានដឹងជាមុននោះទេ ដើម្បីអាចឆ្មក់ចាប់ និងបង្ក្រាបការលើ្មសនេះឱ្យមានប្រសិទ្ធភាព។

តាមការបញ្ជាក់របស់សមត្ថកិច្ចបានឱ្យដឹងថា ការអនុវត្តបែបនេះគឺ «ឆ្លើយតបទៅនឹងការចាប់ផ្តើមអនុវត្តបន្ថយគម្លាតសង្គម ខណៈកូរ៉េខាងត្បូងនឹងចាប់ផ្តើមការអនុវត្តថ្មីសម្របខ្លួនរស់នៅជាមួយនឹងកូវីដ ដោយការចុះឆ្មក់ចាប់អ្នកបង្កល្មើសបើកបរពេលស្រវឹងនេះ អាចនឹងបង្កើនកាន់តែច្រើន និងមានរយៈពេលយូរទៀតផងក្នុងមួយយប់ៗ ខណៈដែលម៉ោងប្រកបអាជីវកម្មនៅតាមហាងផឹកស៊ី និងក្លឹបកម្សាន្តនឹងត្រូវលុបចោលនោះ»។

មែនទែនទៅ ក្នុងរយៈពេលនៃស្ថានការណ៍កូវីដផ្ទុះខ្លាំងកន្លងមក ដែលស្ថានការណ៍គម្លាតសង្គមបានបិទ និងរឹតបន្តឹងលើអាជីវកម្មនានា ជាពិសេសអាជីវកម្មផឹកស៊ីកម្សាន្តសប្បាយកន្លងមក គេសង្កេតឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍បង្កពីការបើកបរដោយស្ថានភាពស្រវឹង ហាក់មានការថយចុះខ្លាំង។

ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ១៣,១៤៤ករណី ដែលកើតឡើងពីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យបាត់បង់ជីវិត ២២៨នាក់ និងរបួសមនុស្សជាង ២ម៉ឺននាក់។ សម្រាប់ឆ្នាំ២០២១នេះវិញ ក្នុងរយៈពេល៩ខែដូចគ្នា ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះជាង២០% មកនៅត្រឹម ១០,៦២២ករណី ដែលក្នុងនោះ បាត់បង់ជីវិតត្រឹមតែ ១២៨ករណី និងរបួសជាង ១៦០០០ ប៉ុណ្ណោះ។

ក្នុងនោះដែរ គេសង្កេតឃើញថាករណីដែលគេឃាត់បានមនុស្សបើកបរដោយស្ថានភាពស្រវឹងកំពុងកើនឡើងជាថ្មីផងដែរ។ ជាក់ស្តែង កាលពី៩ខែដើមឆ្នាំ២០២១នេះ គេរកឃើញថាមានមនុស្សជាមធ្យម ៣០៩.៩នាក់ បើកបរដោយស្ថានភាពស្រវឹង តែដល់ខែតុលានេះ គេរកឃើញតួលេខមធ្យមកើនឡើងដល់ ៣៦១.៨នាក់ហើយ ហើយគេរំពឹងថាតួលេខនឹងបន្តកើនឡើងថែមទៀតនៅរដូវកាលចុងឆ្នាំខាងមុខនេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *