មិនគួរឱ្យជឿ! គ្រូនាយកសាលាបឋមសិក្សាមួយនៅឃ្យ៉ុងគី ត្រូវប៉ូលិសកូរ៉េឃាត់ខ្លួនភ្លាមៗ ក្រោយរកឃើញថានាយករូបនេះបានលួចបង្កប់កាំមេរ៉ាក្នុងបន្ទប់ទឹកស្រ្តី .. តែនាយកដែលជាជនសង្ស័យបកស្រាយថា ..

កូរ៉េខាងត្បូង៖ នាយកសាលាបឋមសិក្សាមួយកន្លែងនៅក្រុងអានយ៉ាង ត្រូវបានគេឃាត់ខ្លួនភ្លាមៗជាបន្ទាន់កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រោយពីរងការចោទប្រកាន់ថាបានលួចតម្លើងកាំមេរ៉ាបង្កប់ក្នុងបន្ទប់ទឹកស្រ្តី នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News របស់កូរ៉េ។

បើតាមការចុះផ្សាយបានឱ្យដឹងថា នៅពេលនេះស្ថាប័នសមត្ថកិច្ចប៉ូលិសនៅអានយ៉ាង ដុងកាន បានកំពុងធ្វើការសួរចម្លើយទៅលើគ្រូនាយកអាយុ៥៧ឆ្នាំ ដែលរងការចោទប្រកាន់ខាងលើនេះ ដែលគេសង្ស័យថាបានលួចតម្លើងកំាមេរ៉ា ទំហំប្រមាណ ២ ទៅ៤សង់ទីម៉ែត នៅក្បែរបង្គន់នៅក្នុងបន្ទប់ទឹកស្រី្តនៅក្នុងសាលារៀននោះរបស់គាត់តែម្តង។

ករណីនេះដំបូងឡើយត្រូវបានរាយការណ៍ដល់សមត្ថកិច្ចពីសំណាក់គ្រូបង្រៀនម្នាក់ដែលបានរកឃើញកាំមេរ៉ានេះ និងបានរាយការណ៍ទៅថ្នាក់លើនៃសាលារៀន ដើម្បីបញ្ជូនព័ត៌មានដល់សមត្ថកិច្ច។ នៅពេលដែលសមត្ថកិច្ចចុះមកពិនិត្យដល់ទីតាំង និងស៊ើបអង្កេត ទើបរកឃើញថាកាំមេរ៉ានេះគឺរៀបចំឡើងដោយគ្រូនាយកនៃសាលារៀននេះតែម្តង។

តាមរយៈការសាកសួរ គ្រូបង្រៀនរូបនេះបានសារភាពប្រាប់ថាខ្លួនពិតជាអ្នកដែលបានតម្លើងកាំមេរ៉ានេះមែន តែគាត់មិនមានបំណងអាក្រក់ពាក់ព័ន្ធនឹងបញ្ហាផ្លូវភេទនោះទេ។ សមត្ថកិច្ចបាននិយាយថាកំពុងតែបើកការស៊ើបអង្កេតបន្តទៅលើអ្វីដែលបានថតជាប់ក្នុងកាំមេរ៉ានេះខ្លះ ដើម្បីអាចមានចំណាត់ការបន្តបន្ទាប់ទៀត។

ចំពោះករណីបែបនេះ ការិយាល័យអប់រំនៃខេត្តឃ្យ៉ុងគីបានធ្វើការបណ្តេញចេញគ្រូនាយកនេះចេញពីតំណែងហើយ និងបានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើករណីនេះផងដែរ។ ក្នុងនោះដែរ ការិយាល័យអប់រំក៏នឹងត្រៀមដាក់ចេញនូវវិធានការពិន័យរដ្ឋបាលនានា នៅពេលលទ្ធផលនៃការស៊ើបអង្កេតត្រូវបានបញ្ចប់ផងដែរ បន្ថែមពីលើការអនុវត្តទោសរបស់សមត្ថកិច្ចប៉ូលិស។

Leave a Reply

Your email address will not be published. Required fields are marked *