កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មនុស្ស ១១៧នាក់ ត្រូវគេសង្ស័យថាបានពាក់ព័ន្ធ និងមានហានិភ័យអាចផ្ទុះឆ្លងកូវីដបាននៅក្នុងផ្នែកនៃមន្ទីរពេទ្យវិកលចរិកមួយនៅទីក្រុងឆាងវ៉ុន ហើយអ្វីដែលកាន់តែបារម្ភទៀតនោះ អ្នកដែលពាក់ព័ន្ធទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងកូវីដរួចរាល់។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាតាមការលើកឡើងរបស់រដ្ឋបាលក្រុងឆាងវ៉ុនម្សិលមិញនេះ បានឱ្យដឹងថានៅមន្ទីរពេទ្យមួយកន្លែង នៅចំផ្នែកមន្ទីរពេទ្យវិកលចរិក គេរកឃើញកាលពីថ្ងៃព្រហស្បតិ៍នូវករណីឆ្លងកូវីដ ៣ ករណីដំបូងគេបង្អស់ ហើយក្រោយមកទៀតក៏បានធ្វើតេស្តជាបន្តបន្ទាប់លើអ្នកពាក់ព័ន្ធនៅទីតាំងនោះ និងរកឃើញថាមានមនុស្សដល់ទៅ ១១៤នាក់ទៀតបានឆ្លងកូវីដតៗគ្នា។
ក្នុងចំណោមមនុស្សទាំង១១៧នាក់នោះ មាន១១០នាក់ជាអ្នកជំងឺនៅក្នុងផ្នែកវិកលចរិកនោះ និង៧នាក់ទៀតជាបុគ្គលិកមន្ទីរពេទ្យ។ ករណីដែលឆ្លងទាំងអស់នេះ គឺសុទ្ធសឹងជាករណីឆ្លងកូវីដ ចំលើអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ដែលបានចាក់ហើយតាំងពីខែឧសភា និងមិថុនាកន្លងមកឯណោះ។
ផ្នែកវិកលចរិកនៃមន្ទីរពេទ្យដែលកើតមានករណីខាងលើនេះ ត្រូវបានគេឃុំទុកធ្វើចត្តាឡីស័កតាំងពីថ្ងៃព្រហស្បតិ៍មក ហើយអាជ្ញាធរសុខាភិបាលមូលដ្ឋានកំពុងធ្វើការពិនិត្យ និងស៊ើបមើលថាតើមូលហេតុអ្វីដែលបង្កជាការផ្ទុះឆ្លងតៗគ្នាបែបនេះ។