ល្អណាស់ ចាក់វ៉ាក់សាំងក៏បានច្រើន តិចទៀតមានថ្នាំកូវីដទៀត! រដ្ឋាភិបាលកូរ៉េថាគ្រោងនឹងបញ្ជាទិញថ្នាំកូវីដត្រៀមឱ្យអ្នកជំងឺដល់ ៤០ម៉ឺននាក់ អាចប្រើប្រាស់បានដើមឆ្នាំក្រោយ សម្រាប់អ្នកជំងឺកូវីដ ៣ ប្រភេទនេះ ..

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងប្រកាសពីថ្ងៃសុក្រម្សិលមិញនេះ ថាគ្រោងនឹងបញ្ជាទិញថ្នាំគ្រាប់ព្យាបាលកូវីដ ត្រៀមសម្រាប់ព្យាបាលអ្នកជំងឺសរុបឱ្យបានដល់ ៤០៤,០០០នាក់ ពីក្រុមហ៊ុនផលិតឱសថលំដាប់ពិភពលោក ដែលថ្នាំព្យាបាលកូវីដនេះ នឹងអាចធ្វើការប្រើប្រាស់បាននៅដើមឆ្នាំក្រោយនេះហើយ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងរដ្ឋាភិបាលកូរ៉េខាងត្បូងទើបនឹងចុះកុងត្រាបញ្ជាទិញថ្នាំបព្យាបាលជំងឺកូវីដ-១៩ ពីក្រុមហ៊ុនយក្ស Pfizer របស់អាមេរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដដល់ទៅ ៧០,០០០នាក់ បើតាមការបញ្ជាក់របស់មន្ត្រីនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។

ការបញ្ជាទិញនេះជាការបញ្ជាទិញលើកទី២ហើយ នូវថ្នាំព្យាបាលកូវីដនេះ ដែលកាលពីខែមុន រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាទិញថ្នាំកូវីដពីក្រុមហ៊ុន Merck សម្រាប់ព្យាបាលមនុស្សបាន ២០ម៉ឺននាក់រួចហើយ ខណៈថ្នាំសម្រាប់មនុស្ស ១៣៤,០០០នាក់ទៀត អាជ្ញាធរកំពុងចរចារ និងពិនិត្យមើលលទ្ធផលនៃប្រសិទ្ធភាពថ្នាំ និងការធ្វើតេស្តរបស់ថ្នាំសិន មិននឹងផ្តល់ការអនុញ្ញាត និងអាចបញ្ជាទិញបាន។

ថ្នាំកូវីដនេះ នឹងអាចប្រើប្រាស់ផ្ទាល់ព្យាបានអ្នកដែលបានឆ្លងកូវីដតែម្តង ជាពិសេសគឺអ្នកជំងឺចាស់ អ្នកដែលមានស្ថានភាពជំងឺផ្សេងៗធ្ងន់ធ្ងរ និងអ្នកជំងឺកូវីដ-១៩ ណាដែលមានស្ថានភាពអាការៈអ្នកជំងឺធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា សម្រាប់ប្រទេសកូរ៉េខាងត្បូង គិតមកដល់ថ្ងៃទី២៩ ខែតុលា ២០២១ម្សិលមិញនេះ គឺជាង២ឆ្នាំមកហើយនៃការផ្ទុះឆ្លងកូវីដ ករណីជំងឺឆ្លងសរុបមានចំនួនត្រឹម ៣៦០,៥៣៦ករណីប៉ុណ្ណោះ ហើយមួយចំនួនសឹងបានព្យាបាលជារួចរាល់ទៅហើយ។

តែយ៉ាងណា ជាមួយនឹងការត្រៀមឈានចូលដល់ដំណាក់កាលគម្លាតសង្គមថ្មី «រស់នៅជាមួយនឹងកូវីដ» នោះ គេរំពឹងថាតួលេខឆ្លងកូវីដថ្មីនឹងអាចកើនឡើងច្រើន បើទោះអាជ្ញាធរសុខាភិបាលលែងផ្តោតសំខាន់លើតួលេខនៃករណីឆ្លងក៏ដោយ។ យ៉ាងណាមិញ អ្នកដែលឆ្លងហើយមានអាការៈធ្ងន់ ទើបត្រូវសម្រាកព្យាបាលបាននៅមន្ទីរពេទ្យ ហើយការប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដនេះ នឹងអាចធ្វើការព្យាបាលជំងឺកូវីដកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *