កូរ៉េខាងត្បូង៖ ដល់ថ្ងៃនេះហើយនៅកូរ៉េខាងត្បូង ដែលគេគ្រប់គ្នាជាពិសេសយុវវ័យក្មេងៗ និងជនបរទេសនៅកូរ៉េរំពឹងថានឹងនាំគ្នាចេញមកកកកុញកម្សាន្តក្នុងថ្ងៃបុណ្យហាឡូវីន ដែលជាថ្ងៃបុណ្យពិសេស គ្រប់គ្នានាំគ្នាតែងខ្លួនជាខ្មោច តែសម្រាប់ឆ្នាំនេះជាមួយនឹងស្ថានការណ៍កូវីដ អាជ្ញាធរសុខាភិបាលកូរ៉េនៅតែបន្តព្យាយាមយ៉ាងណាទប់ស្កាត់កុំឱ្យមានការជួបជុំកម្សាន្តសប្បាយពេក ដោយការអនុវត្តគម្លាតសង្គមនៅតែបន្តនៅឡើយ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា សម្រាប់បុណ្យហាឡូវីនឆ្នាំនេះ ដែលនឹងត្រូវចំថ្ងៃអាទិត្យទី៣១ ខែតុលានេះ អាជ្ញាធរសុខាភិបាលនឹងបន្តដាក់ចេញវិធានការរឹតបន្តឹងខ្លាំងចំពោះការជួបជុំកម្សាន្តនៅតំបន់កកកុញដែលគេរំពឹងនោះ មានដូចជាតំបន់អ៊ីតេវ៉ុន ហុងដេ និងហ្គាងណាម ជាដើម ដែលមនុស្សក្មេងៗជាច្រើនរំពឹងថានឹងចេញមកជុំគ្នា ក្នុងការតែងខ្លួនប្លែកៗដើម្បីកម្សាន្តក្នុងពិធីបុណ្យនេះ តែស្ថានការណ៍កូវីដនៅតែអាចមានហានិភ័យជានិច្ច។
ជាក់ស្តែង ការអនុវត្តគម្លាតសង្គមថ្មី «រស់នៅជាមួយនឹងកូវីដ» ដែលមានការបន្ធូរបន្ថយគម្លាតសង្គមជាច្រើន រួមមានទាំងការលុបចោលការកំណត់ម៉ោងអាជីវកម្មនៅតាមភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងអាជីវកម្មពហុបំណងនានាទៀតនោះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃចន្ទទី១ ខែវិច្ឆិកាខាងមុខនេះទៅ គឺរាប់ចាប់តាំងពីពាក់កណ្តាលយប់អាធ្រាត្រថ្ងៃទី៣១ ខែតុលា ២០២១ ឈានចូលដល់ថ្ងៃទី១ ខែវិច្ឆិកា។ ឮ
តែជាក់ស្តែង ការអនុវត្តបែបនេះ នឹងមានចន្លោះប្រហោង ធ្វើឱ្យអ្នកចេញមកជប់លៀងកម្សាន្តហាឡូវីនយប់ថ្ងៃអាទិត្យនោះ នឹងអាចបន្តរហូតដល់កណ្តាលយប់ និងបន្តជប់លៀងឆ្លងចូលថ្ងៃថ្មីទី១ ខែវិច្ឆិកា តែម្តងបន្តទៀត ដែលសម្រាប់ហានិភ័យនៃការចម្លងកូវីដ-១៩ គឺនឹងមានកាន់តែខ្លាំងឡើង នៅពេលដែលមិនមានការកំណត់ហាមឃាត់ក្នុងកាលៈទេសៈបែបនេះទេនោះ។
ដូចនេះហើយ ជាការអនុវត្តរដ្ឋាភិបាលកូរ៉េនឹងពន្យារពេលពិសេសក្នុងការអនុវត្តគម្លាតសង្គមថ្មី «រស់នៅជាមួយនឹងកូវីដ» សម្រាប់ក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ទៅវិញ ធ្វើដូចនេះដើម្បីផ្តាច់ដំណើរការជប់លៀងថ្ងៃបុណ្យហាឡូវីន ឱ្យចប់ត្រឹមម៉ោង១២យប់ និងមិនអាចបន្តបានទៀត មុននឹងអនុវត្តគម្លាតសង្គមថ្មី ដែលលែងមានម៉ោងកំណត់អាជីវកម្មតទៅទៀត។
សូមបញ្ជាក់ថា ក្រោមវិធានការគម្លាតសង្គមថ្មីនៅកូរ៉េខាងត្បូង ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទ ទី១ ខែវិច្ឆិកាខាងមុខនេះ ជាដំណាក់ទី១ ក្នុងចំណោម ៣ ដំណាក់កាលធំៗនៃគម្លាតសង្គមថ្មីរបស់កូរ៉េខាងត្បូង នឹងចាប់ផ្តើមអនុវត្តទៅពីថ្ងៃទី១ ខែវិច្ឆិកា ២០២១ សម្រាប់រយៈពេល៤សប្តាហ៍ពេញ មុននឹងអាចឈានដល់ដំណាក់កាលទី២ ដែលជាដំណាក់កាលបន្ទាប់នៃគម្លាតសង្គម។
ការផ្លាស់ប្តូរធំៗសំខាន់ក្នុងដំណាក់កាលទី១នេះមានដូចជា៖ បង្កើនចំនួននៃការជួបជុំឯកជនសម្រាប់តំបន់សេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ឱ្យបានដល់ ១០នាក់ ចំណែកឯតំបន់ដទៃទៀតទូទាំងប្រទេសកូរ៉េខាងត្បូង នឹងអាចមានការជួបជុំគ្នាបានដល់ទៅ១២នាក់ ដែលក្នុងនោះមិនចាំបាច់មានការកំណត់លើចំនួនអ្នកចាក់វ៉ាក់សាំងនោះទេ។ ការកំណត់ម៉ោងអាជីវកម្មផ្សេងៗនឹងត្រូវលុបចោលទាំងស្រុង លើកលែងតែទីតាំងអាជីវកម្មកម្សាន្តពេលរាត្រីដែលនៅតែមានការកំណត់ដដែលជាបណ្តោះអាសន្នសិន។ ក្នុងនោះ ដែរ សម្រាប់ការចូលទៅកម្សាន្តក្នុងអាជីវកម្មកម្សាន្តរាត្រី គេនឹងត្រូវមានប្រព័ន្ធពិនិត្យកាតវ៉ាក់សាំងសម្រាប់អ្នកបានចាក់វ៉ាក់សាំងកូវីដរួចរាល់ និងការពិនិត្យលើលទ្ធផលតេស្តកូវីដអវិជ្ជមានសម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង។