ផ្លូវការហើយ! គម្លាតសង្គមថ្មី «រស់នៅជាមួយនឹងកូវីដ» ដំណាក់កាលទី១នៅកូរ៉េខាងត្បូង នឹងចាប់អនុវត្តពីថ្ងៃចន្ទ ដើមខែវិច្ឆិកាក្រោយនេះទៅ !! មានការបន្ថយគម្លាតសង្គមលើ ២ ចំណុចធំៗនេះ ..

កូរ៉េខាងត្បូង៖ វិធានការគម្លាតសង្គមថ្មីនៅកូរ៉េខាងត្បូង នឹងចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទ ទី១ ខែវិច្ឆិកាខាងមុខនេះហើយ ដែលក្នុងនោះមានការសម្រួលបន្ធូរបន្ថយគម្លាតសង្គមមួយចំនួនធំ ដែលអាជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ថាជាដំណាក់កាលទី១ នៃការឈានដល់ប្រក្រតីភាពថ្មី «រស់នៅជាមួយនឹងកូវីដ» នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News របស់កូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន​បានឱ្យដឹងថា ប្រព័ន្ធគម្លាតសង្គមថ្មី ដែលជាដំណាក់ទី១ ក្នុងចំណោម ៣ ដំណាក់កាលធំៗនៃគម្លាតសង្គមថ្មីរបស់កូរ៉េខាងត្បូង នឹងចាប់ផ្តើមអនុវត្តទៅពីថ្ងៃទី១ ខែវិច្ឆិកា ២០២១ សម្រាប់រយៈពេល៤សប្តាហ៍ពេញ មុននឹងអាចឈានដល់ដំណាក់កាលទី២ ដែលជាដំណាក់កាលបន្ទាប់នៃគម្លាតសង្គម។

ក្នុងដំណាក់កាលដំបូងដែលនឹងចាប់ផ្តើមអនុវត្តពីសប្តាហ៍ក្រោយនេះ នឹងមានការបង្កើនចំនួននៃការជួបជុំឯកជនសម្រាប់តំបន់សេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ឱ្យបានដល់ ១០នាក់ ចំណែកឯតំបន់ដទៃទៀតទូទាំងប្រទេសកូរ៉េខាងត្បូង នឹងអាចមានការជួបជុំគ្នាបានដល់ទៅ១២នាក់ ដែលក្នុងនោះមិនចាំបាច់មានការកំណត់លើចំនួនអ្នកចាក់វ៉ាក់សាំងនោះទេ។ ក្នុងនោះដែរ ប្រសិនបើការជួបជុំនៅតាមភោជនីយដ្ឋាន និងកាហ្វេដែលត្រូវដោះម៉ាស់ទទួលទានអាហារនោះ គឺគេកំណត់ចំនួនជួបជុំត្រូវមានមនុស្សត្រឹម៤នាក់ ដែលមិនទាន់ចាក់វ៉ាក់សាំង។

ការកំណត់ម៉ោងអាជីវកម្មផ្សេងៗនឹងត្រូវលុបចោលទាំងស្រុង លើកលែងតែទីតាំងអាជីវកម្មកម្សាន្តពេលរាត្រីដែលនៅតែមានការកំណត់ដដែលជាបណ្តោះអាសន្នសិន។ ក្នុងនោះ ដែរ សម្រាប់ការចូលទៅកម្សាន្តក្នុងអាជីវកម្មកម្សាន្តរាត្រី គេនឹងត្រូវមានប្រព័ន្ធពិនិត្យកាតវ៉ាក់សាំងសម្រាប់អ្នកបានចាក់វ៉ាក់សាំងកូវីដរួចរាល់ និងការពិនិត្យលើលទ្ធផលតេស្តកូវីដអវិជ្ជមានសម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា សម្រាប់ជាវិធានការគម្លាតសង្គមអនុវត្តបច្ចុប្បន្ន នៅតំបន់សេអ៊ូល ការជួបជុំគ្នាកំណត់បានត្រឹមតែ៨នាក់ប៉ុណ្ណោះ ដែលក្នុងនោះ៤នាក់ត្រូវតែបានចាក់វ៉ាក់សាំងកូវីដរួចរាល់។ សម្រាប់តំបន់ដទៃទៀត អាចជួបជុំគ្នាជាឯកជនបានដល់ ១០នាក់ច្រើនបំផុត ដែលក្នុងនោះ៦នាក់ ត្រូវបានចាក់វ៉ាក់សាំងកូវីដរួចរាល់។ ចំណែកឯការទទួលទាននៅតាមហាងកាហ្វេ និងភោជនីយដ្ឋានវិញ បច្ចុប្បន្នសម្រាប់ក្រុងសេអ៊ូល និងប្រជុំជនខេត្តឃ្យ៉ុងគី និងអ៊ីនឆន់ គឺអាចដំណើរការបានត្រឹមម៉ោង១០យប់ ខណៈតំបន់ដទៃទៀតទូទាំងប្រទេសដំណើរការបានត្រឹមម៉ោង១២យប់។

សូមបញ្ជាក់ថា សម្រាប់ការចាប់ផ្តើមអនុវត្តដំណាក់ទី១នៃគម្លាតសង្គមនេះ អាជ្ញាធរសុខាភិបាលនឹងពិនិត្យទៅលើស្ថានភាពនៃមេរោគ និងការសម្របខ្លួនរបស់សង្គមនៅក្នុងវិធានការថ្មីនេះ ដើម្បីអាចសន្និដ្ឋាន និងវាយតម្លៃមុននឹងចាប់ផ្តើមឈានចូលដល់គម្លាតសង្គមថ្មី ដំណាក់កាលទី២ ដែលគេរំពឹងថានឹងអនុញ្ញាតឱ្យមានការរៀបចំព្រឹត្តិការណ៍ដែលមានការជួបជុំមនុស្សកកកុញបានដូចជាការរៀបចំប្រគុំតន្ត្រីជាដើម រួមនឹងការដកបម្រាមម៉ោងអាជីវកម្មលើក្លឹបកម្សាន្តផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *