កម្ពុជា៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមុខងារសាធារណៈ មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាតាមប្រព័ន្ធអនឡាញ រវាងក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងគ្រប់គ្រងបុគ្គលិក នៃសាធារណរដ្ឋកូរ៉េ ស្តីពី «ការគ្រប់គ្រងធនធានមនុស្ស ក្នុងវិស័យមុខងារសាធារណៈ» ដែលក្នុងនោះក៏មានវត្តមានអញ្ជើញចូលរួមរបស់លោកជំទាវឯកអគ្គរាជទូតកម្ពុជា ជាសក្ខីភាពក្នុងកម្មវិធីចុះហត្ថលេខានេះដែរ។
ពិធីចុះហត្ថលេខានេះ ខាងភាគីកម្ពុជាតំណាងដោយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម គីម វ៉ូ ហូ (Kim Woo Ho) រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងបុគ្គលិក ជាតំណាងភាគីសាធារណរដ្ឋកូរ៉េ ហើយ មានការអញ្ជើញចូលរួមជាសក្ខីភាពផ្ទាល់ដោយឯកឧត្តមអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាផងដែរ ផាក ហ៊ឹងខ្យង់ (PARK Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ។
ថ្លែងមតិសា្វគមន៍ចំពោះកិច្ចព្រមព្រៀង សហប្រតិបត្តិការនេះ ឯកឧត្តម គីម វ៉ូ ហូ ក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានបង្ហាញអំពីក្តីសោមនស្សរីករាយចំពោះកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ និងសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការជាពិសេសនេះ នឹងអាចបណ្តុះបណ្តាលអ្នកជំនាញជាច្រើន សម្រាប់វិស័យមុខងារសាធារណៈ។
លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ស្ថាប័នទាំងពីរ ក្នុងការបង្កើតភាពជាដៃគូសហប្រតិបត្តិការកម្រិតទ្វេភាគីយ៉ាងល្អប្រសើរមកដល់បច្ចុប្បន្ន និងនាពេលអនាគត។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា បានគូសបញ្ជាក់ អំពី ចំណុច សំខាន់ៗ ចំនួន០២ គឺ៖ ១). តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីនេះ ស្ថាប័នទាំងពីរនឹងអាចសម្រេចបាន នូវការ ពង្រឹង ការ កសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ ប្រកបដោយប្រសិទ្ធភាព ឆ្លើយតប តាម ស្ថានភាពជាក់ស្តែងរបស់ប្រទេសទាំងពីរ។ ២). ដើម្បីធានាជំរុញការអនុវត្តអនុស្សរណៈនេះដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ភាគីទាំងពីរត្រូវរៀប ចំ កសាងនូវផែនការប្រចាំឆ្នាំ និងសកម្មភាពសហប្រតិបត្តិការ ដែលមានលក្ខណៈជាក់ស្តែង និងអាចអនុវត្ត បានក្នុងបរិបទកូវីដ-១៩។
តាមរយៈការចែករំលែកក្នុងទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាបានឱ្យដឹងថា ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវឯកអគ្គរាជទូតកម្ពុជាក៏បានចូលជួបសម្តែងការគួរសម ចំពោះ ឯកឧត្តមរដ្ឋមន្ត្រី KIM WOO-HO រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងបុគ្គលិកកូរ៉េ ដែលក្នុងជំនួបនេះ លោកជំទាវបានរំលេចអំពីចំណងមិត្តភាពយ៉ាងល្អរវាងកម្ពុជានិងកូរ៉េ ដែលក្នុងនោះ ក៏បានលើកពីប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េឱ្យកាន់តែស្អិតរមួតតាមរយៈការផ្សាភ្ជាប់ទំនាក់ទំនងពហុភាគី អាស៊ាន-កូរ៉េ តំបន់មេគង្គ-កូរ៉េ និងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីកូរ៉េ មូន ជេអ៊ីន នៅក្នុងគោលនយោបាយយុទ្ធសាស្ត្រភាគខាងត្បូងថ្មី ជាពិសេសពង្រឹង និងពង្រីកវិស័យពាណិជ្ជកម្មតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។