លឺតែគេហៅប័ណ្ណ ប.ស.ស. !! ដែលដឹងអត់ថាប័ណ្ណ ប.ស.ស​. ជាអ្វីឱ្យប្រាកដ? ហើយមានអត្ថប្រយោជន៍អ្វីខ្លះ?

បេឡាជាតិរបបសន្តិសុខសង្គម ឬ ហៅកាត់ថា ប.ស.ស (National Social Security Fund or NSSF) គឺជាគ្រឹះស្ថានសាធារណ:រដ្ឋបាល មានភារកិច្ចផ្ដល់នូវសន្តិសុខសង្គម​ជា​មូល​ដ្ឋាន​ជូន​កម្មករ​និយោជិត​ទាំងអស់​ដែលធ្វើ​ការ​ក្នុង​វិស័យ​ឯក​ជន ហើយបានបង្កើតឡើងតាំងពីឆ្នាំ២០០៧។

តែបើនិយាយអោយងាយយល់ ប.ស.សគឺជាគ្រឹះស្ថានរបស់រដ្ឋដែលផ្ដោតលើការផ្ដល់ធានារ៉ាប់រងលើគ្រោះថ្នាក់ការងាររបស់និយោជិត។

• អ្នកដែលត្រូវចុះឈ្មោះជាសមាជិក ប.ស.ស

រាល់សហគ្រាស និង គ្រឹះស្ថានដែលមានបុគ្គលិកចាប់ពី៨នាក់ឡើងទៅ ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ការងារមានកាតព្វកិច្ចត្រូវចុះឈ្មោះក្នុងប.ស.ស ក្នុងរយៈពេល៤៥ថ្ងៃបន្ទាប់ពីចេញសេចក្តីប្រកាសនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៨ ឬ ក្នុងរយៈពេល៤៥ថ្ងៃសម្រាប់គ្រឹះស្ថានទើបនឹងបើកថ្មី។ រីឯនិយោជិតទាំងអស់ត្រូវចុះឈ្មោះជាសមាជិកប.ស.សផងដែរតាមរយៈនិយោជក។

• អ្នកដែលត្រូវបង់វិភាគទាន

ដោយសារនិយោជកជាអ្នកផ្តល់ការងារដល់និយោជិត នោះហានិភ័យការងារក៏បានបង្កើតឡើងដែរ។ ហេតុនេះនិយោជកត្រូវទទួលបន្ទុកគ្រោះថ្នាក់ការងារ ហើយវិភាគទានទាំងអស់ដែលត្រូវបង់អោយប.ស.ស គឺជាកាតព្វកិច្ចរបស់និយោជក។ វិភាគទាននេះដែរ គឺជាអត្រាថេរដែលត្រូវអនុវត្តលើគ្រប់កម្រិតហានិភ័យឬវិស័យ ដោយត្រូវបង់ ០.៨% នៃប្រាក់ឈ្នួលប្រចាំខែរបស់និយោជិតមុនបង់ពន្ធប្រាក់ខែ។

• អត្ថប្រយោជន៍ដែលទទួលបានពេលក្លាយជាសមាជិកប.ស.ស

ក. ចំពោះរបបថែទាំសុខភាព៖
កម្មករនិយោជិតត្រូវបានផ្ដល់សំណងរ៉ាប់រងលើការព្យាបាលឬថែទាំសុខភាព លុះត្រាតែគាត់បានចូលមន្ទីរពេទ្យដែលជាដៃគូរបស់ប.ស.សតែប៉ុណ្ណោះ។ បើខុសពីនេះ កម្មករនិយោជិតនឹងត្រូវបង់ថ្លៃសេវាដោយខ្លួនឯង។

ខ. ចំពោះរបបហានិភ័យការងារ៖
កម្មករនិយោជិតអាចចូលបានទាំងមន្ទីរពេទ្យដៃគូ និងមិនមែនជាដៃគូរបស់ប.ស.ស ដោយឥតគិតថ្លៃ។ ប.ស.សនឹងផ្តល់សំណងរ៉ាប់រងទៅលើការព្យាបាលដូចជា ការថែទាំ និង ព្យាបាលមុខរបួស និង ការធ្វើដំណើរ ដល់សមាជិកដែលជួបបញ្ហាដោយសារគ្រោះថ្នាក់ការងារ ឬ ជំងឺវិជ្ជាជីវៈ។

បើទោះបីជានិយោជិតឈប់ធ្វើការជូនគ្រឹះស្ថានដែលបានចុះឈ្មោះក្នុងប.ស.ស ក៏ដោយ ក៏ពួកគេនៅតែមានសិទ្ធិអាចបន្តប្រើសេវាកម្មនិងប័ណ្ណប.ស.សបានដែរ។

គួរឱ្យកត់សម្គាល់ផងដែរថា​ ប.ស.សគឺជាធានារ៉ាប់រងរបស់រដ្ឋ ដោយក្រុមហ៊ុនមួយចំនួនបានប្រើប្រាស់សេវាធានារ៉ាប់រងពីប.ស.ស តែក៏មានក្រុមហ៊ុនខ្លះទៀតក៏បានជ្រើសប្រើប្រាស់ធានារ៉ាប់រងឯកជនផងដែរ អាស្រ័យទៅតាមលក្ខខណ្ឌនិងគោលដៅដែលចង់បានពីសេវាធានារ៉ាប់រងសម្រាប់ក្រុមហ៊ុនខ្លួន។ ស្របពេលជាមួយគ្នានោះលក្ខខណ្ឌផ្សេងៗនឹងត្រូវបានអនុវត្ត៕

ខាងលើនេះគ្រាន់តែជាចំណុចគោលខ្លះៗប៉ុណ្ណោះដែលកាក់សេនយកមកចែករំលែកដល់មិត្តអ្នកអានអោយបានដឹងទាំងអស់គ្នា។ តែសម្រាប់ព័ត៍មានកាន់តែច្បាស់ អាចចូលទៅកាន់គេហទំព័រផ្លូវការ បេឡាជាតិរបបសន្តិសុខសង្គម – ប.ស.ស ឬ http://www.nssf.gov.kh/default/

ខ្លឹមសារអត្ថបទទាំងស្រុងពី៖ កាក់សេន – Kakcent

Leave a Reply

Your email address will not be published. Required fields are marked *