ប្រទេសកូរ៉េខាងត្បូងស្វាគមន៍កក់ក្តៅវត្តមានឯកអគ្គរាជទូតកម្ពុជា ជាស្រ្តីឆ្នើម មានសមត្ថភាព និងមហិច្ឆិតាខ្ពស់ក្នុងការជំរុញទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ

សារព័ត៌មាន The Korea Post៖ ក្រោយពីប្រទេសកម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញតាំងពីឆ្នាំ១៩៩៧មក បច្ចុប្បន្ននេះប្រទេសកូរ៉េខាងត្បូងតែងទទួលបាននូវវត្តមានទូតកម្ពុជាឆ្នើមៗជាច្រើនរូប តែសម្រាប់ឆ្នាំនេះ កាន់តែអស្ចារ្យទៀតនោះ គឺវត្តមានទូតកម្ពុជាជាស្រ្តីឆ្នើម លោកជំទាវ ជ្រឹង បុទុមរង្សី ដែលមានសមត្ថភាពនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។

ជាមួយនឹងវត្តមានថ្មីរបស់លោកជំទាវឯកអគ្គរាជទូតកម្ពុជារូបនេះ ទំនាក់ទំនងនៃប្រទេសទាំងទាំងពីរហាក់កំពុងតែកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀតទាំងផ្នែកកិច្ចសហប្រតិបត្តិការ និងមិត្តភាព នេះបើតាមការរៀបរាប់នៅក្នុងអត្ថបទពិសេសចុះផ្សាយក្នុងសារព័ត៌មាន The Korea Post។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ សារព័ត៌មាន The Korea Post Media បានធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយលោកជំទាវ​ឯកអគ្គរាជទូត ជ្រឹង បុទុមរង្សី ស្របពេលដែលប្រទេសកម្ពុជា​ និងប្រទេសកូរ៉េខាងត្បូងទើបនឹងសម្រេចបានថ្មីៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្រ្ត។ ក្នុងនោះដែរ ស្ថានទូតកម្ពុជាបានគ្រោងនឹងសហការរៀបចំនូវព្រឹត្តិការណ៍ធុរកិច្ច និងវិនិយោគមួយនៅក្នុងទីក្រុងសេអ៊ូល នៅដើមខែធ្នូខាងមុខ ដែលនឹងមានវត្តមានចូលរួមផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសេដ្ឋកិច្ច និងធុរកិច្ចសំខាន់ៗរបស់កម្ពុជាដោយផ្ទាល់។

ជាមួយនឹងវត្តមាននៃកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តនេះ លោកជំទាវឯកអគ្គរាជទូតបានលើកឡើងថា «យើងកំពុងចរចាជាមួយថ្នាក់ដឹកនាំ រដ្ឋមន្ត្រីពាណិជ្ជកម្ម ថ្នាក់ដឹកនាំទទួលកិច្ចការអភិវឌ្ឍន៍ និងវិនិយោគ និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធនឹងផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម ដើម្បីធ្វើការសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ច និងវិនិយោគនៅសេអ៊ូលនេះឡើង។ តាមរយៈកម្មវិធីការទូតសេដ្ឋកិច្ចនេះ យើងសង្ឃឹមថានឹងអាចជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែម និងជំរុញការវិនិយោគទៅវិញទៅមករវាងកម្ពុជា និងកូរ៉េ»។

ខាងក្រោមនេះ ជាការបកប្រែសម្រួលនូវបទសម្ភាសន៍ដែលផ្តល់ជូនដោយលោកជំទាវឯកអគ្គរាជទូត៖

សំនួរ៖ សូមធ្វើការរៀបរាប់ពីប្រវត្តិ និងបទពិសោធន៍ការងារកន្លងមករបស់លោកជំទាវ?

ចម្លើយ៖ ខ្ញុំធ្លាប់ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មុនពេលត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំប្រទេសកូរ៉េខាងត្បូង។ ខ្ញុំបានចាប់ផ្តើមការងាររដ្ឋាភិបាលដំបូងរបស់ខ្ញុំក្នុងឆ្នាំ២០១២ ជាអ្នកសម្របសម្រួលខេត្តសម្រាប់កិច្ចការសមាហរណកម្មដីធ្លី និងបន្ទាប់មកជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងការបរទេស ជាបន្តបន្ទាប់។ ខ្ញុំ​បាន​បញ្ចប់ការសិក្សា​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​ចក្រភព​អង់គ្លេស ។

សំនួរ៖ សូមលោកជំទាវផ្តល់ជាទស្សនៈវិស័យអនាគតនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ?

ចម្លើយ៖ ការចុះហត្ថលេខាសម្រេចបានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្តល់ឱកាសល្អសម្រាប់កូរ៉េ និងកម្ពុជាក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ និងពង្រឹងខ្សែសង្វាក់តម្លៃនៃប្រទេសទាំងពីរ ដោយសារកម្ពុជាមានសក្តានុពលកំណើនសេដ្ឋកិច្ចដ៏អស្ចារ្យ។
វាក៏នឹងផ្តល់នូវច្បាប់ និងបទប្បញ្ញត្តិវិនិយោគថ្មី ដើម្បីពន្លឿនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ កូរ៉េ និងកម្ពុជាអាចទទួលបានឱកាសដើម្បីបំពេញគ្នាទៅវិញទៅមកក្នុងវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការវិនិយោគ។

សំនួរ៖ តើវិស័យណាមួយនៅកម្ពុជា ដែលលោកជំទាវចង់ឱ្យក្រុមហ៊ុនកូរ៉េ ទៅធ្វើការវិនិយោគ ហើយវិស័យណាមួយនៅកូរ៉េ ដែលលោកជំទាវចង់ឱ្យធុរជនកម្ពុជា មកធ្វើការវិនិយោគនៅកូរ៉េ?

ចម្លើយ៖ កម្ពុជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្នុង​វិស័យ​វាយនភណ្ឌ ស្បែកជើង និង​កាត់ដេរ។ យើងនាំចេញផលិតផលបែបនេះទៅកាន់បណ្តាប្រទេសអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ យើងដឹងថាប្រទេសកូរ៉េមានភាពល្បីល្បាញខាងផ្នែកផលិតរថយន្ត និងគ្រឿងបន្លាស់ ដូច្នេះហើយយើងសង្ឃឹមថាក្រុមហ៊ុនកូរ៉េនឹងធ្វើការបណ្តាក់ទុនយ៉ាងសកម្មក្នុងវិស័យដំឡើងរថយន្តនៅកម្ពុជា។

សំនួរ៖ តើមុខទំនិញ និងសេវាកម្មកម្ពុជាណាខ្លះដែលមានភាពប្រកួតប្រជែងខ្លាំង និងទាក់ទាញសម្រាប់ទីផ្សារកូរ៉េ?

ចម្លើយ៖ ក្នុង​ចំណោម​ផលិតផល​ដែល​មាន​ការ​ប្រកួត​ប្រជែង​របស់​យើង ​មាន​ទំនិញ​កសិកម្ម​ដូច​ជា​បន្លែ ​ផ្លែឈើ។ មិនថារដូវក្ដៅ ឬរដូវរងាត្រជាក់នៅប្រទេសកូរ៉េ យើងអាចផ្តល់ផ្លែឈើ និងបន្លែស្រស់ៗបាន។ តាម​ខ្ញុំ​ដឹង​មាន​ពលករ​ខ្មែរ​នៅ​កូរ៉េ​ប្រមាណ​៥​ម៉ឺន​នាក់​ សុទ្ធសឹងជាពលករ​ដែល​ឧស្សាហ៍​ព្យាយាម។ លើស​ពី​នេះ កម្ពុជា​មាន​កន្លែង​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជា​ច្រើន​កន្លែង។ ជាឧទាហរណ៍ នៅដើមឆ្នាំ ២០០ មុនពេលការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ភ្ញៀវទេសចរកូរ៉េបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជា។

សំនួរ៖ តើក្រុមហ៊ុនកូរ៉េបានចូលរួមចំណែកបែបណាខ្លះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ?

ចម្លើយ៖ នៅកម្ពុជា ក្រុមហ៊ុនប៊ូយ៉ុងគឺជាក្រុមហ៊ុនយ៉ាងសកម្មរបស់កូរ៉េ នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ហើយក្រុមហ៊ុន KB Finance គឺកំពុងដំណើរការក្នុងវិស័យធនាគារ ខណៈក្រុមហ៊ុន Hyundai កំពុងតែសាងសង់រោងចក្រតម្លើងនៅកម្ពុជា។ ក្រុមហ៊ុនកូរ៉េដទៃទៀត ក៏កំពុងចូលរួមអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍៍នានានៅកម្ពុជាផងដែរ។

ជីវប្រវត្តិសង្ខេបរបស់លោកជំទាវឯកអគ្គរាជទូតកម្ពុជា៖

ព័ត៌មានផ្ទាល់ខ្លួ​ន៖

នាម និងគោត្តនាម៖ ជ្រឹង បុទុមរង្សី (Chring Botumrangsay)

ថ្ងៃខែឆ្នាំកំណើត៖ ២ ធ្នូ ១៩៨៣; ទីកន្លែងកំណើត នៅខេត្តកំពង់ធំ

ប្រវត្តិការសិក្សា៖

ឆ្នាំ២០០៨ បញ្ចប់ថ្នាក់អនុបញ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចអន្តរជាតិពីសាកលវិទ្យាល័យវ៉េសមីនស្ទើរ (Westminster University) នៅចក្រភពអង់គ្លេស។ ឆ្នាំ២០០៥ បញ្ចប់បរិញ្ញាបត្រផ្នែកធុរកិច្ច និងគ្រប់គ្រងហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យវេស្ទើនស៊ីឌនី (University of Western Sydney) អូស្ត្រាលី។ ឆ្នាំ២០០១  បញ្ចប់ការសិក្សាកម្រិតវិទ្យាល័យពីវិទ្យាល័យ Sir Joseph Banks High School ប្រទេសអូស្រ្តាលី។

ប្រវត្តិការងារ៖

ខែកញ្ញាឆ្នាំ២០២១៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ។ ខែធ្នូឆ្នាំ២០២០-ខែកញ្ញាឆ្នាំ២០២១៖ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ខែឧសភា ឆ្នាំ២០១៩ – ខែធ្នូ ឆ្នាំ២០២០៖ អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ខែកញ្ញា ឆ្នាំ២០១៣ – ខែឧសភា ឆ្នាំ២០១៩៖ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឆ្នាំ២០១២-២០១៣៖ អ្នកសម្របសម្រួលថ្នាក់ខេត្តកំពត លើកិច្ចការវាស់ដៃធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្នាំ២០១២-២០១៣៖ អ្នកគ្រប់គ្រង FTMS Global Academy។ ២០១១៖ អ្នកប្រឹក្សាគម្រោង នៅមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។ ខែមករា ២០០៩ – ២០១១៖ ប្រធានផ្នែកទីផ្សារ និងអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Uniebiz (Cambodia) Co.,Ltd., Cambodia។ ខែកញ្ញា ២០០៦ – កក្កដា ២០០៧៖ អ្នកប្រឹក្សានៅតាមអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា។ ខែឧសភា ២០០៦ – កក្កដា ២០០៧៖ អ្នកប្រឹក្សា នៅក្នុងកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS)។ ខែធ្នូ ២០០៥ – មេសា ២០០៦៖ អ្នកសម្របសម្រួលកិច្ចប្រជុំនៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS)។ ខែធ្នូ ២០០៣ – កុម្ភៈ ២០០៤៖ ជំនួយការគម្រោងនៃស្ថាប័ន JETRO ជប៉ុនប្រចាំនៅកម្ពុជា។

ខ្លឹមសារសម្រួលបកប្រែពី៖ សារព័ត៌មាន The Korea Post

Leave a Reply

Your email address will not be published. Required fields are marked *