ល្អណាស់! ស្ថាប័នប៉ូលិសកូរ៉េខាងត្បូង ប្រកាសលុបចោល និងកាត់បន្ថយជាអតិបរមានូវវិធានការអនុវត្ត ២ នេះ ដើម្បីធានាការគោរពសិទ្ធមនុស្សទៅលើជនសង្ស័យ និងជាប់ចោទ

កូរ៉េខាងត្បូង៖ ការអនុវត្តការសួរចម្លើយពេលយប់ជ្រៅ និងការប្រើប្រាស់ឧបករណ៍ខ្នោះដៃ និងខ្សែសម្រាប់ចាប់ចងជនសង្ស័យ នឹងត្រូវលុបចោល ឬកាត់បន្ថយតាមតែអាចធ្វើទៅបាន ជាវិធានការរបស់សមត្ថកិច្ចប៉ូលិសកូរ៉េត្រូវអនុវត្ត ដើម្បីជំរុញបង្កើនសិទ្ធមនុស្សសម្រាប់ជនសង្ស័យ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចកូរ៉េកាលពីថ្ងៃអង្គារម្សិលមិញ។

វិធានការនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News គឺជាវិធានការមួយដែលអនុវត្តតាមអនុសាសន៍ដែលផ្តល់ឱ្យដោយក្រុមប្រឹក្សាសិទ្ធមនុស្សស៊ីវិល ដែលបានផ្តល់ជូនសមត្ថកិច្ចប៉ូលិសកូរ៉េខាងត្បូង តាមរយៈកម្មវិធីសិក្សាមួយដែលរបៀបចំដោយស្ថាប័នសមត្ថកិច្ចប៉ូលិសកូរ៉េ តាំងពីឆ្នាំ២០១៨មក ដើម្បីសិក្សាពីការបង្កើនស្ថានភាពគោរពសិទ្ធមនុស្សក្នុងស្ថាប័ននេះ។

តាមរយៈការប្រកាសនេះ សមត្ថកិច្ចប៉ូលិសកូរ៉េបញ្ជាក់ថាគេនឹងលុបចោលជាគោលការណ៍តែម្តងចំពោះការសាកសួរចម្លើយជនសង្ស័យនៅពេលយប់អាធ្រាត្រ។ ដូចនេះការសាកសួរចម្លើយនៅពេលយប់អាធ្រាត្រអាចធ្វើទៅបាន លុះត្រាតែករណីដែលជនសង្ស័យស្នើសុំផ្ទាល់ប៉ុណ្ណោះ។

ក្នុងនោះ វិធានការនៃការប្រើប្រាស់ឧបករណ៍ខ្នោះដៃ និងខ្សែពួរសម្រាប់ឃាត់ជនសង្ស័យ និងជនល្មើសក៏នឹងត្រូវកែសម្រួល ដោយកាត់បន្ថយការប្រើប្រាស់ឱ្យបានច្រើនជាងមុនផងដែរ។ ដូចនេះ ឧបករណ៍នេះនឹងអាចប្រើប្រាស់បានតែក្នុងករណីជនជាប់ឃុំបង្កជាហានិភ័យនៃការចង់ធ្វើអត្តឃាត ធ្វើបាបខ្លួនឯង ឬបង្កការគម្រាមកំហែងដល់អ្នកដទៃក្នុងពេលធ្វើដំណើរ ឬនៅតាមក្នុងតុលាការ ការិយាល័យរដ្ឋអាជ្ញា ឬមន្ទីរពេទ្យប៉ុណ្ណោះ។ ហើយខ្សែពួរអាចប្រើប្រាស់ជាមួយនឹងខ្នោះដៃ ក្នុងករណីដែលហានិភ័យមានកាន់តែខ្លាំង។

មេបញ្ជាការសមត្ថកិច្ចប៉ូលិសកូរ៉េខាងត្បូង បាននិយាយថាលក្ខខណ្ឌសិទ្ធិមនុស្សនៅក្នុងស្ថាប័ននេះបាននឹងកំពុងពង្រឹងបន្ថែមកាន់តែល្អប្រសើរឡើង ដោយសារតែវិធានការដាក់ចេញថ្មីនេះ ដើម្បីទប់ស្កាត់ ឬកាត់បន្ថយការបំពានលើសិទ្ធិមនុស្សពីការអនុវត្តច្បាប់របស់សមត្ថកិច្ចប៉ូលិស។

 

Leave a Reply

Your email address will not be published. Required fields are marked *