អបអរសាទរ! កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ចុះហត្ថលេខាផ្លូវការហើយនៅថ្ងៃនេះ ខណៈលោកជំទាវទូតកម្ពុជា បង្ហាញចំណាប់អារម្មណ៍ពីការរៀបចំព្រឹត្តិការណ៍សំខាន់ៗនានា ជំរុញទាញប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងនេះ

កម្ពុជា៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃកម្ពុជា និងឯកឧត្តម យ៉ូ ហានកូ (YEO Han-Koo) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។

បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ការចរចាកិច្ចព្រមព្រៀងកម្ពុជាសេរី CKFTA នេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី មូន ជេអ៊ីន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

អនុវត្តតាមអាណត្តិផ្តល់ឲ្យដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានប្រកាសចាប់ផ្តើមការសិក្សា រួមកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ ការសិក្សាដែលធ្វើឡើងបានបង្ហាញលទ្ធផលវិជ្ជមានសម្រាប់ប្រទេសទាំងពីរ ដោយនឹងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។

កិច្ចព្រមព្រៀង CKFTA ត្រូវបានប្រកាសបើកការចរចាជាផ្លូវការ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងឆ្លងកាត់ការចរចាសរុបចំនួន ១២លើក មុននឹងឈានមកដល់ការចុះហត្ថលេខានាពេលនេះ។ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ភាគីទាំងពីរ ក្នុងការជំនះពុះពាររាល់ឧបសគ្គ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកដែលបង្កឡើងជំងឺកូវីដ-១៩ រហូតសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ។

លើសពីនេះទៀត កិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ច របស់ប្រទេសទាំងពីរបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩ ដោយនឹងពង្រីកបន្ថែមការធ្វើសេរីភាវូបនីយកម្មទីផ្សារ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

ជាពិសេស កិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។ កិច្ចព្រមព្រៀងនេះក៏នឹងបើកឱកាសក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម ជាពិសេសលើការនាំចេញ នាំចូលទំនិញ វិនិយោគ និងជាពិសេសនោះគឺឱកាសបង្កើតការងារសម្រាប់បងប្អូនខ្មែរទាំងនៅក្នុងស្រុក និងក្រៅស្រុក រួមទាំងបងប្អូនខ្មែរយើងនៅកូរ៉េខាងត្បូងផងដែរ។

ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលក្ខណៈប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរនេះ លោកជំទាវឯកអគ្គរាជទូត ជ្រឹង បុទុមរង្សី ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្តួចផ្តើមរៀបចំនូវវេទិកាធុរកិច្ច និងវិនិយោគទ្រង់ទ្រាយធំរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសទាំងពីរ ដើម្បីពង្រឹង និងចែករំលែកពីកិច្ចការងារពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដល់ប្រតិបត្តិករក្នុងវិស័យឯកជន ដើម្បីជំរុញទាញយកអត្ថប្រយោជន៍ឱ្យបានកាន់តែធំធេងពីសមិទ្ធផលនៃការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

ក្នុងនោះដែរ លោកជំទាវឯកអគ្គរាជទូតក៏បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានល្បីៗរបស់កូរ៉េ ដូចជា សារព័ត៌មាន Korean Post និង​ Korea Time ដើម្បីផ្សព្វផ្សាយពីសក្តានុពល និងអត្ថប្រយោជន៍ធំធេងដែលប្រទេសទាំងពីរទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ដូចជាជម្រាបជូនព័ត៌មានសំខាន់ៗអំពីវិស័យពាណិជ្ជកម្ម បទប្បញ្ញត្តិនានាដើម្បីទាក់ទាញធុរជន និងវិនិយោគិនកូរ៉េខាងត្បូង ទៅរកស៊ី និងបោះទុនវិនិយោគនៅកម្ពុជានាពេលខាងមុខផងដែរ ក្នុងន័យជំរុញផ្សព្វផ្សាយពីសន្តិភាព ទំនាក់ទំនងប្រជាជននិងប្រជាជន និងវិបុលភាពរវាងប្រទេសទាំងពីរ ស្របតាមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង CKFTA នេះ នឹងចូលជាធរមានក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរ ជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុង នៃការផ្តល់សច្ចាប័ន។ តាមការរំពឹងទុកកិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន នៅក្នុងឆ្នាំ២០២២ខាងមុខនេះ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *