នៅកូរ៉េ ជិតវិលត្រឡប់មកប្រក្រតីភាពវិញ! អ្នកធ្វើការវ័យក្មេងៗ បង្ហាញអារម្មណ៍មិនសប្បាយចិត្ត ចំពោះវប្បធម៌ផឹកស៊ីកំដរមេក្រោយម៉ោងការងារ ដែលជាផ្នែកមួយសំខាន់នៃសង្គមការងារនៅកូរ៉េ

កូរ៉េខាងត្បូង៖ ខណៈនៅកូរ៉េខាងត្បូង ប្រក្រតីភាពថ្មីកំពុងខិតកៀកជិតចូលមកដល់ហើយនោះ ស្ថានការណ៍ជីវិតរស់នៅធម្មតាដូចមុនពេលមានជំងឺកូវីដ-១៩ ក៏នឹងត្រឡប់មកវិញផងដែរ ដែលក្នុងនោះក៏មានមនុស្សជាច្រើនស្វាគមន៍ការវិវត្តន៍នេះ តែក៏មានមនុស្សមួយចំនួនមិនស្វាគមន៍លើចំណុចមួយនេះផងដែរ គឺវប្បធម៌នៃការផឹកស៊ីជាមួយកន្លែងការងារ ក្រោយម៉ោងធ្វើការ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថាក្នុងចំណោមការវិលត្រឡប់មកកាន់ប្រក្រតីភាពថ្មីនេះ គេឃើញមានទិដ្ឋភាពទាក់ទងនឹងវប្បធម៌នៃការផឹកស៊ីជាមួយកន្លែងការងារ ក្រោយម៉ោងធ្វើការ ដែលនៅកូរ៉េខាងត្បូងគេហៅថា «회식 – ហូស៊ីក» មិនសូវត្រូវបានស្វាគមន៍មកវិញនោះទេ ជាពិសេសចំពោះអ្នកធ្វើការដែលមានវ័យក្មេងៗតែម្តង។

វប្បធម៌ការងារ ដែលត្រូវបន្តទៅកំដរមេផឹកស៊ីនៅពេលយប់នេះ ជាវប្បធម៌ពេញនិយមខ្លាំងមែនទែននៅក្នុងសង្គមកូរ៉េ ហើយជាទូទៅសឹងតែក្លាយទៅជាសម្ពាធសម្រាប់បុគ្គលិកទាំងអស់ដែលត្រូវសម្របខ្លួនទៅនឹងបរិបទបែបនេះ បើទោះជាខ្លួនមិនចង់ផឹក ឬចង់មានពេលសម្រាប់ខ្លួនឯងធ្វើអ្វីផ្សេងទៀតក៏ដោយ។ មែនទែនទៅ ទម្លាប់នេះ ក្នុងអំឡុងពេលកូវីដនេះ ត្រូវបានផ្អាកសឹងទាំងស្រុង ដោយសារតែវិធានការគម្លាតសង្គម និងគោលការណ៍ធ្វើការពីផ្ទះជាដើម។

តែជាមួយនឹងការវិលត្រឡប់មកវិញនូវប្រក្រតីភាពថ្មី ដែលវិធានការគម្លាតសង្គមជាច្រើន រួមទាំងការជួបជុំឯកជន ត្រូវបានគេបន្ធូរបន្ថយនោះ ច្បាស់ណាស់នឹងមានការជួបជុំតាមវប្បធម៌ការងារផឹកស៊ីកំដរមេនេះ ត្រឡប់មកវិញទៀតហើយ។

បុគ្គលិកម្នាក់អាយុ២៩ឆ្នាំ បាននិយាយថាខ្លួនធ្វើការនៅនឹងក្រុមហ៊ុនបច្ចុប្បន្នរយៈពេល៣ឆ្នាំហើយ ហើយគិតថាវប្បធម៌ធ្វើការផ្ទាល់ និងជាពិសេសទៅហូបផឹកស៊ីជុំគ្នាក្រោយម៉ោងការងារនេះមិនគួរត្រឡប់មកវិញនោះទេ ហើយបែបបទការងារអនុវត្តក្នុងបរិបទកូវីដនោះ ក៏មិនមែនជាបញ្ហាអ្វីនោះដែរ ដោយសារខ្លួនមានផែនការ និងចង់មានពេលវេលាផ្ទាល់ខ្លួនក្រៅពីការងារ។

មែនទែនទៅ ប្រតិកម្មទៅនឹងការវិលត្រឡប់មកវិញនៃវប្បធម៌នេះ គឺខុសគ្នាទៅតាមវ័យ ជាពិសេសវ័យកាន់តែច្រើន ភាគច្រើនគឺកាន់តែមានទំនោរចូលចិត្តវប្បធម៌បែបនេះ។ ជាក់ស្តែង បុគ្គលិកវ័យកណ្តាលម្នាក់ អាយុ៤៣ឆ្នាំ នៅសេអ៊ូល បាននិយាយថា នៅខែវិច្ឆិកាខាងមុខនេះ កាលវិភាគហូបអាហារពេលល្ងាចរបស់គាត់ គឺកក់ពេញតែម្តង ដោយគាត់ត្រូវជួបហូបអាហារជាមួយមិត្តរួមការងារផង មិត្តចាស់ៗផង និងអ្នកធ្លាប់ស្គាល់គ្នាពីមុនៗមកផងដែរ។

នៅក្នុងសម្រង់មតិមួយលើគេហទំព័រស្វែងរកការងារ JobKorea និង Albamon​ ដែលមានមនុស្សធ្វើជាង ១,៤១២នាក់ បានបង្ហាញថាដល់ទៅជាង ៤៥% នៃបុគ្គលិកអាយុ២០ និង៣០ឆ្នាំ ចង់ឱ្យក្រុមហ៊ុន និងមិត្តរួមការងាររបស់ខ្លួនឈប់មានការជួបជុំផឹកស៊ីល្ងាចឡើង ក្រោយម៉ោងការងារទៀត នៅពេលដែលកូវីដចប់ទៅ ខណៈមានមនុស្សជាង ៤៤.‌១% ក៏បានឆ្លើយថាគេមិនចង់នៅផឹកស៊ីក្រោយម៉ោងការងាររហូតដល់យប់ជ្រៅនោះទេ។

តែសម្រាប់បុគ្គលិកវ័យ៤០ ទៅ៥០ឆ្នាំវិញ មានតែ៣១.៧% ប៉ុណ្ណោះមិនចង់ឱ្យវប្បធម៌ផឹកស៊ីក្រោយម៉ោងការងារនេះត្រឡប់មកវិញ ដែលនេះបង្ហាញថាទស្សនៈរវាងក្រុមអ្នកមានអាយុក្មេង និងចាស់គឺនៅមានភាពផ្ទុយគ្នា។

 

Leave a Reply

Your email address will not be published. Required fields are marked *