ផ្អើលប៊ូសាន! ប៉ូលិសក្រុងប៊ូសាន ចុះទៅឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធសកម្មភាពជួញដូរផ្លូវភេទ ជាប់បាន៣០នាក់ ក្នុងនោះមាន ១នាក់ ជាមន្ត្រីនៅតុលាការតែម្តង ដែលតែងយកផែនការប៉ូលិស ទៅបែកធ្លាយឱ្យបក្សពួកខ្លួន …

កូរ៉េខាងត្បូង៖ សមត្ថកិច្ចប៉ូលិសនៅក្រុងប៊ូសាន បានធ្វើការឃាត់ខ្លួនបាននូវជនសង្ស័យពាក់ព័ន្ធសកម្មភាពរត់ជួញដូរផ្លូវភេទ ដែលនៅក្នុងចំណោមជនសង្ស័យទាំង២៧នាក់ចាប់បាននោះ មានម្នាក់ជាមន្ត្រីធ្វើការនៅតុលាការផងដែរ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចប៉ូលិសប៊ូសានកាលពីថ្ងៃចន្ទម្សិលមិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ ជាប់ពាក់ព័ន្ធក្នុងករណីប្រតិបត្តិការអាជីវកម្មផ្លូវភេទ ពេស្យាចារខុសច្បាប់ដល់ទៅ ៩៥ទីតាំងនៅក្នុងទីក្រុងប៊ូសាន និងតំបន់ខេត្តក្រុងនានាដែលនៅជាប់នោះមានអ៊ូលសាន និងក្យ៉ុងណាមជាដើម។

តាមការរៀបរាប់លម្អិតរបស់សមត្ថកិច្ចប៊ូសាន តួលេខនៃការប្រព្រឹត្តប្រតិបត្តិការខុសច្បាប់ពេស្យាចារនេះ មានដល់ទៅជាង៨,៨០០ដងឯណោះ ហើយពាក់ព័ន្ធនឹងទឹកប្រាក់ដល់ទៅជាង ៧០០លានវ៉ុន (ប្រមាណជាង ៦០ម៉ឺនដុល្លារ) ជាប្រាក់ចំណេញ គិតចាប់ពីខែមីនាឆ្នាំមុន មកដល់ខែកញ្ញាឆ្នាំនេះ។

ក្នុងនោះដែរ អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងនោះ គឺមានមន្ត្រីស៊ីវិលម្នាក់បំពេញការងារជាមន្ត្រីសន្តិសុខនៅតុលាការផងដែរ ក្នុងចំណោមជនសង្ស័យចាប់បានទាំង២៧នាក់នោះ។ មន្ត្រីធ្វើការនៅតុលាការនេះ គេសង្ស័យថាបានបើកដំណើរការកន្លែងពេស្យាចារនេះជាមួយនឹងអ្នកស្គាល់គ្នាម្នាក់ទៀត ជាមួយពួកទំនើង២នាក់ផ្សេងទៀត ហើយចែកចាយលុយចំណេញគ្នារហូតមក ក្រោយពីចូលទុនគ្នាដំបូងជាង១០លានវ៉ុនម្នាក់។

អ្វីដែលពិសេសទៀតនោះ មន្ត្រីធ្វើការនៅតុលាការនេះ សហការជាមួយពួកអ្នករកស៊ីរបរពេស្យាចារនេះដូចគ្នា ហើយចែកចាយព័ត៌មានពីការត្រៀមចុះចាប់របស់សមត្ថកិច្ច និងទីតាំងណាដែលសមត្ថកិច្ចគ្រោងនឹងចុះទៅចាប់ជាដើម ដែលជាសកម្មភាពរនុកក្នុង។

ក្នុងប្រតិបត្តិការចុះចាប់នេះ សមត្ថកិច្ចប៉ូលិសបានដកហូតលុយក្នុងប្រតិបត្តិការល្មើសនេះដល់ទៅ ១៥០លានវ៉ុន ពីមន្ត្រីធ្វើការនៅតុលាការនេះ និងដៃគូរកស៊ីរបស់ខ្លួន ហើយក៏បានជូនព័ត៌មានទៅឱ្យស្ថាប័នតុលាការដែលជនសង្ស័យនេះបម្រើការផងដែរ។

ក្នុងនោះដែរ ប៉ូលិសក៏បានចុះទៅចាប់មនុស្ស៣នាក់ផ្សេងទៀត ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងការធ្វើផ្សាយពាណិជ្ជកម្មសម្រាប់របរពេស្យាចារនេះ ដែលកន្លងមករកលុយចំណេញបានដល់ទៅជាង ១.‌១ពាន់លានវ៉ុនឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *