កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមបន្ថយការរឹតបន្តឹងគម្លាតសង្គមការពារកូវីដ ចាប់ផ្តើមពីខែក្រោយនេះហើយ ជាផ្នែកនៃការឈានដល់ប្រក្រតីភាពថ្មី នេះបើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ។
គណៈកម្មការជំនាញមួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសចេញនូវផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃតាមបែបធម្មតាវិញ។ ក្នុងនោះ រដ្ឋាភិបាលនឹងធ្វើការដកចេញនូវការរឹតបន្តឹងការពារជំងឺកូវីដមួយចំនួនដូចជា ការកំណត់ម៉ោងអាជីវកម្មនៅពេលយប់សម្រាប់ហាងកាហ្វេ ភោជនីយដ្ឋាន និងទីតាំងពហុមុខងារផ្សេងៗ ដែលនឹងមានជា៣ដំណាក់កាល ចាប់អនុវត្តពីថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះទៅ។
សម្រាប់បច្ចុប្បន្ននេះ ហាងកាហ្វេ និងភោជនីយដ្ឋាននៅតំបន់ប្រជុំជនសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ ដែលមានប្រជាជនសឹងជាងពាក់កណ្តាលនៃប្រជាជនកូរ៉េខាងត្បូងទាំងមូល ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការត្រឹមម៉ោង១០យប់ប៉ុណ្ណោះ ខណៈហាងនៅតាមតំបន់នានាដទៃទៀតត្រូវអនុញ្ញាតឱ្យបើកដំណើរការដល់ម៉ោង១២យប់។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាទៅ ហាងទាំងអស់នេះនឹងអាចបើកដំណើរការបានដោយសេរី មិនមានការរារាំងអ្វីទៀតនោះទេ។
សម្រាប់ទីតាំងអាជីវកម្មកំសាន្តវិញ រួមមានទាំងក្លឹបកម្សាន្ត និងទីតាំងកម្សាន្តរាត្រីនានានៅតំបន់ប្រជុំជនសេអ៊ូល ត្រូវបានគេហាមឃាត់មិនឱ្យបើកដំណើរការតាំងពីខែមិថុនា ខណៈដែលតំបន់នានាទៀត ទីតាំងទាំងនេះបើកដំណើរការបានត្រឹមម៉ោង១០យប់ប៉ុណ្ណោះ។ សម្រាប់ការអនុវត្តវិធានការថ្មី ដែលដកការរឹតបន្តឹងលើគម្លាតសង្គមនេះ ហាងទាំងអស់នេះនឹងអាចបើកដំណើរការបានវិញ ត្រឹមបានដល់កណ្តាលយប់ម៉ោង១២។
អាជ្ញាធរក៏នឹងដាក់ចេញបន្ថែមនូវប្រព័ន្ធកាតវ៉ាក់សាំង ដែលតម្រូវឱ្យភ្ញៀវចូលអាជីវកម្មទាំងនេះ ត្រូវមានកាតវ៉ាក់សាំង និងលទ្ធផលធ្វើតេស្តកូវីដអវិជ្ជមាន ដើម្បីអាចអនុញ្ញាតចូលបាន។ ក្នុងនោះដែរ អ្នកដែលមិនអាចចាក់វ៉ាក់សាំងបានដោយសារហេតុផលសុខភាព អ្នកដែលក្មេងជាង១៨ឆ្នាំ នឹងត្រូវមិនទាមទាររកកាតវ៉ាក់សាំងនេះនោះទេ។
សម្រាប់ដំណាក់កាលទី២ នៃការលុបចោលវិធានការបន្តឹងគម្លាតសង្គមនេះ គឺអាជ្ញាធរនឹងផ្តោតទៅលើការរៀបចំព្រឹត្តិការណ៍ធំៗដូចជាការប្រគុំតន្ត្រីជាដើម ដែលនឹងអាចចាប់ផ្តើមដំណើរការបានទាល់តែពាក់កណ្តាលខែធ្នូខាងមុខឯណោះ។ សម្រាប់ទីតាំងកម្សាន្ត ក្លឹបរាត្រីនានាវិញ នឹងត្រូវលុបចោលការកំណត់ម៉ោងអាជីវកម្មតែម្តង គឺបើកដោយសេរីជាធម្មតាវិញ។
សម្រាប់ដំណាក់កាលទី៣ ជាដំណាក់កាលចុងក្រោយនៃវិធានការនេះវិញ គឺនឹងអាចចាប់ផ្តើមអនុវត្តពីចុងខែមករាឆ្នាំក្រោ ដែលនៅពេលនោះការរឹតត្បិតលើការជួបជុំឯកជននានា នឹងត្រូវលុបចោល។
សម្រាប់ពេលបច្ចុប្បន្ននេះ ការហាមឃាត់សម្រាប់ការជួបជុំឯកជន កំណត់ត្រឹមចំនួនមនុស្ស ៨នាក់ នៅសេអ៊ូល និងតំបន់ប្រជុំជនជុំវិញ ក្នុងលក្ខខណ្ឌដែលមានមនុស្ស៤នាក់ បានចាក់វ៉ាក់សាំងរួចរាល់។ សម្រាប់តំបន់ដទៃទៀត មនុស្សច្រើនបំផុតជួបជុំគ្នាបានដល់១០នាក់ ដោយ៦នាក់ត្រូវបានចាក់វ៉ាក់សាំងរួច។ សម្រាប់ការឈានដល់ប្រក្រតីភាពថ្មីនេះ ការជួបជុំឯកជនដល់ទៅ១០នាក់ មិនថាមានវ៉ាក់សាំង ឬអត់នោះទេ នឹងត្រូវអនុញ្ញាតបានសម្រាប់ដំណាក់កាលទី២ ហើយឈានដល់ដំណាក់កាលទី៣ នឹងលែងមានការរារាំងលើការជួបជុំឯកជនទៀតហើយ។
តែក្នុងនោះដែរ សំខាន់បំផុតនោះគឺកាតព្វកិច្ចពាក់ម៉ាស់នៅខាងក្នុងអាគារ និងនៅទីសាធារណៈនៅតែបន្តអនុវត្តរហូតដល់ដំណាក់កាលចុងក្រោយ ហើយបើតាមការអំពាវនាវផ្ទាល់របស់លោកប្រធានាធិបតី មូន ជេអ៊ីន ការពាក់ម៉ាស់នេះនឹងត្រូវតែនៅបន្តអនុវត្តជាបន្តទៀតរហូត។