ផ្លូវរថភ្លើង និងឡានក្រុងប៉ុន្មានធំនេះនៅសេអ៊ូល កំពុងបើកដំណើរការដល់យប់ជ្រៅ ច្រើនជាងមុនជាប្រក្រតីវិញហើយ ក្រោយស្ថានការណ៍កូវីដកាន់តែធូរស្រាល

កូរ៉េខាងត្បូង៖ សាលាក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសថានឹងបើកដំណើរការជាប្រក្រតីឡើងវិញនូវខ្សែមធ្យោបាយធ្វើដំណើរសាធារណៈនៅពេលយប់ជ្រៅ សម្រាប់ថ្ងៃធ្វើការ ដែលការប្រកាសនេះធ្វើឡើងក្រោយពីមូលដ្ឋាននេះបានសម្រេចកាត់បន្ថយ និងផ្អាកជើងធ្វើដំណើរសាធារណៈនាពេលយប់នេះអស់ជាច្រើនខែមកហើយ ដើម្បីទប់ស្កាត់នឹងបញ្ហាកូវីដ-១៩។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា ផែនការថ្មីនេះគឺគ្រោងនឹងបើកឱ្យដំណើរការឡើងវិញមកជាសេវាកម្មធម្មតាពេញលេញវិញ នូវខ្សែធ្វើដំណើរតាមរថយន្តក្រុង និងតាមរថភ្លើងសាធារណៈ នៅតាមខ្សែលេខ២, ខ្សែលេខ៥, ខ្សែលេខ៦, ខ្សែលេខ៧, ខ្សែលេខ៨, និងខ្សែលេខ៩ គិតចាប់ពីថ្ងៃចន្ទនេះទៅ ខណៈដែលខ្សែរថភ្លើងលេខ៣ លេខ ៤ នឹងត្រូវបើកដំណើរការឡើងវិញពីថ្ងៃទី១ ខែធ្នូខាងមុខវិញ។

កន្លងមក សាលាក្រុងសេអ៊ូលបានចេញសេចក្តីប្រកាសបន្ថយការធ្វើដំណើរសេវាកម្មសាធារណៈនេះ ក្រោយពីម៉ោង១០យប់ទៅ ដល់ទៅ២០% ក្នុងអំឡុងថ្ងៃធ្វើការ ដោយគិតចាប់តាំងពីខែកក្កដានេះមក។ វិធានការនេះធ្វើឱ្យអ្នកធ្វើដំនើរតាមមធ្យោបាយសាធារណៈធ្លាក់ចុះដល់ទៅ៣៥%ឯណោះ ក្នុងអំឡុងពេលនោះ ដែលនេះជាវិធានការមួយក្នុងការចូលរួមទប់ស្កាត់លំហូរបស់ប្រជាជន ជាពិសេសនៅពេលយប់ដែលជាពេលគេត្រូវអនុវត្តគម្លាតសង្គម ក្នុងនោះមានការកំណត់ម៉ោងអាជីវកម្មជាដើមនោះ សម្រាប់ទីក្រុងសេអ៊ូល ដែលកន្លងមកតែងតែស្ថិតក្រោមគម្លាតសង្គមតឹងរ៉ឹងជាងតំបន់ដទៃៗទៀតទូទាំងប្រទេសកូរ៉េខាងត្បូង។

គិតត្រឹមពេលនេះ កូរ៉េខាងត្បូងសម្រេចបានគោលដៅចាក់វ៉ាក់សាំងទាំងស្រុងជូនប្រជាជនខ្លួនបានដល់លើស ៧០% រួចខណៈប្រទេសនេះកំពុងខិតទៅរកការចាប់ផ្តើមអនុវត្តប្រក្រតីភាពថ្មីនាពេលឆាប់ៗខាងមុខនេះ។ សូមបញ្ជាក់ថា ថ្មីៗនេះជាមួយនឹងការចាប់ផ្តើមបន្ធូរបន្ថយគម្លាតសង្គម ស្របជាមួយនឹងដំណើរការចាក់វ៉ាក់សាំង និងការថយចុះនៃហានិភ័យចម្លងកូវីដ គេឃើញថាចំនួនអ្នកធ្វើដំណើរតាមមធ្យោបាយសាធារណៈក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ឡើងវិញផងដែរ ដោយសារតែការរឹតត្បិតលើម៉ោងអាជីវកម្មតាមហាងមួយចំនួនត្រូវបានដកចេញនោះ។

Leave a Reply

Your email address will not be published. Required fields are marked *