គ្រាន់លឺពីការត្រៀមចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងភ្លាម ក្រុមហ៊ុនកូរ៉េដ៏ធំ ១ នេះ ស្នើអញ្ជើញលោកជំទាវទូតកម្ពុជាធ្វើទស្សនកិច្ច ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាតែម្តង

កូរ៉េខាងត្បូង៖  លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង​ និងសហការី បានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Yejoonara CO.,LTD និងជួបពិភាក្សាការងារអំពីលទ្ធភាពសហការវិនិយោគនៅកម្ពុជា នេះបើតាមការចែករំលែករបស់ទំព័រហ្វេសប៊ុកស្ថានទូត។

តាមការចែករំលែកបានឱ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោកជំទាវឯកអគ្គរាជទូតកម្ពុជា ជ្រឹង បុទុមរង្សី និងក្រុមការងារបានអញ្ជើញចុះទៅធ្វើទស្សនកិច្ចផ្ទាល់ដល់ក្រុមហ៊ុនកូរេ៉ Yejoonara CO.,LTD និងបានពិភាក្សាជាមួយលោក Gwang-Sik Kim អគ្គនាយក និងលោក Paul Kim អគ្គនាយករងក្រុមហ៊ុន។ ក្រុមហ៊ុន Yejoonara នេះជាក្រុមហ៊ុនធំជាងគេនៅប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្នកំពុងជោគជ័យលើការបោះដុំទំនិញឧបភោគ បរិភោគ គ្រឿងទេស ផលិតកសិកម្ម និងត្រី-សាច់ ក្ដោបក្ដាប់ទីផ្សារទំហំ ៨០% ក្នុងប្រទេសកូរ៉េ ហើយកំពុងលក់ទំនិញចេញប្រមាណជា ១៥០ កុងទឺន័រក្នុង១ខែ។

បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលគ្រោងនឹងចុះហត្ថលេខានាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើទស្សនកិច្ចទៅកម្ពុជាតបតាមការអញ្ជើញរបស់លោកជំទាវឯកអគ្គរាជទូត និងចាប់អារម្មណ៍លើការវិនិយោគរោងចក្រវេចខ្ចប់ទំនិញ និងផលិតផលកសិកម្ម និងវិនិយោគលើការចិញ្ចឹមត្រីដែលកំពុងមានតម្រូវទីផ្សារក្នុងប្រទេសកូរ៉េ។

ថ្នាក់ដឹកនាំក្រុមហ៊ុនមានការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជា និងសន្យាចូលរួមវេទិការវិនិយោគកម្ពុជា-កូរ៉េ ដែលនឹងរៀបចំនាពាក់កណ្ដាលខែវិច្ឆិកាខាងមុខតាមការអញ្ជើញរបស់ស្ថានទូតកម្ពុជាផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *