ល្អមែនទែន! ត្រឹមថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូងសម្រេចបានផែនការចាក់វ៉ាក់សាំងកូវីដទាំងស្រុងលើស ៧០% ហើយ ខណៈប្រក្រតីភាពថ្មីនឹងមកដល់ដើមខែវិច្ឆិកា..

កូរ៉េខាងត្បូង៖ គិតត្រឹមថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូងសម្រេចបានគោលដៅវ៉ាក់សាំងរបស់ខ្លួនហើយ គឺចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានរួចរាល់ជូនប្រជាជនខ្លួនឱ្យបានដល់លើស ៧០% ដើម្បីបានជាប្រព័ន្ធភាពស៊ាំសហគមន៍ និងឈានទៅរកប្រក្រតីភាពថ្មីនាពេលខាងមុខ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

ព័ត៌មានបានចុះផ្សាយឱ្យដឹងថា គិតត្រឹមថ្ងៃម៉ោង២រសៀលថ្ងៃសៅរ៍នេះ ម៉ោងនៅកូរ៉េ គឺមានមនុស្ស៣៥.៩៤លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ទាំងស្រុង ដែលគិតជាភាគរយគឺលើសពីតួលេខ ៧០% ដែលជាផែនការកំណត់ទុករបស់រដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងហើយ បើតាមការបញ្ជាក់ឱ្យដឹងពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។

ចាប់តាំងពីដំណើរការចាក់វ៉ាក់សាំងចាប់ផ្តើមពីខែកុម្ភៈមក ពេលនេះគឺមានរយៈពេលជាង៨ខែហើយ ដែលអាចសម្រេចបានដល់គោលដៅនេះ បង្កើតបានជាប្រព័ន្ធភាពស៊ាំសហគមន៍នេះ។ សមិទ្ធផលសម្រេចបានថ្មីនេះ ក៏ត្រូវចំតាមការកំណត់សម្រាប់ត្រៀមទៅរកប្រក្រតីភាពថ្មីនៅកូរ៉េខាងត្បូង ដែលការអនុវត្តគម្លាតសង្គមនឹងត្រូវបន្ធូរបន្ថយដើម្បីឈានទៅដល់ការបើកដំណើរការសេដ្ឋកិច្ច សង្គមឱ្យបានទូលំទូលាយវិញ។

ផែនការប្រក្រតីភាពថ្មី «រស់នៅជាមួយនឹងកូវីដ» នេះនឹងចាប់ផ្តើមនៅដើមខែវិច្ឆិកាខាងមុខ ដែលការជូនដំណឹងលម្អិតបន្ថែមនឹងត្រូវបញ្ជាក់ពីអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងឆាប់ៗនេះ។ នៅពេលនោះ ករណីជំងឺកូវីដនឹងត្រូវគេចាត់ទុកត្រឹមដូចជាជំងឺផ្តាសាយឆ្លងតាមរដូវធម្មតាប៉ុណ្ណោះ ហើយដោយសារតែអត្រាចាក់វ៉ាក់សាំងខ្ពស់ដល់កម្រិតកំណត់នេះ គេនឹងលែងផ្តោតសំខាន់លើការទប់ស្កាត់ការឆ្លងកូវីដហើយ តែផ្តោតទៅលើការចាក់វ៉ាក់សាំងឱ្យបានច្រើន ដើម្បីធានាបានថាអ្នកឆ្លងភាគច្រើននឹងមានត្រឹមសភាពស្រាល ដែលមិនចាំត្រូវមកព្យាបាលនៅតាមមន្ទីរពេទ្យផង។

សម្រាប់ការអនុវត្តបច្ចុប្បន្ននេះ ការរឹតត្បិតលើការជួបជុំត្រូវបានសម្រួលមកត្រឹមចំនួន ៨នាក់សម្រាប់តំបន់សេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ ប្រសិនបើអ្នកទាំងអស់គ្នាបានចាក់វ៉ាក់សាំងកូវីដរួចរាល់។ សម្រាប់តំបន់ដទៃៗទៀតវិញ ការជួបជុំគ្នាឯកជនអាចរៀបចំបានដល់មនុស្សចំនួន ១០នាក់ ដែលក្នុងនោះ ៦នាក់ត្រូវចាក់វ៉ាក់សាំងកូវីដរួចរាល់។ គោលការណ៍គម្លាតសង្គមនេះនឹងត្រូវអនុវត្តរហូតដល់ចុងខែនេះ មុននឹងចាប់អនុវត្តគោលការណ៍ប្រក្រតីភាពថ្មី ដែលអាចនឹងត្រូវគេប្រកាសឆាប់ៗខាងមុខនេះ។

ក្នុងនោះដែរ សម្រាប់ផែនការចាក់វ៉ាក់សាំងដូសជំរុញ ក៏កំពុងចាប់ផ្តើមអនុវត្តផងដែរ ដោយបច្ចុប្បន្នអាទិភាពសំខាន់គឺផ្តល់ឱ្យអ្នកអាយុ៦០ឆ្នាំឡើងទៅ និងអ្នកដែលធ្វើការក្នុងវិស័យសុខាភិបាលជាដើម ដែលអាចត្រូវប្រឈមហានិភ័យច្រើននោះ។ បើតាមការជូនដំណឹងរបស់អាជ្ញាធរសុខាភិបាលកូរ៉េ វ៉ាក់សាំងដូសជំរុញនេះក៏នឹងត្រូវចាក់ជូនដល់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដពីបរទេសកន្លងមកផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *