រន្ធត់ណាស់! នៅសេអ៊ូលកំពុងធ្វើការនៅការដ្ឋានសំណង់ធម្មតាសោះ ស្រាប់តែមានការលេចធ្លាយគីមី បង្កឱ្យកម្មករ២នាក់បាត់បង់ជីវិត ជួយមិនទាន់ ខណៈមនុស្សច្រើនទៀតរបួស

កូរ៉េខាងត្បូង៖ សារធាតុគីមីលេចធ្លាយនៅនឹងការដ្ឋានសំណង់អាគារកម្ពស់ច្រើនជាន់មួយកន្លែងនៅទីក្រុងសេអ៊ូល បានលេចធ្លាយនៅថ្ងៃសៅរ៍នេះបង្កឱ្យកម្មករធ្វើការនៅការដ្ឋាននោះ ២នាក់បាត់បង់ជីវិត និង៩នាក់ទៀតរបួសនេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចពន្លត់អគ្គីភ័យ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ព័ត៌មាននេះបានឱ្យដឹងថានៅព្រឹកថ្ងៃសៅរ៍ ប្រហែលមុនម៉ោង៩ព្រឹក (ម៉ោងនៅកូរ៉េ) នេះ មានការលេចធ្លាយសារធាតុគីមីដ៏គ្រោះថ្នាក់មួយចេញពីជាន់ក្រោមដីនៃការដ្ឋានសំណង់អាគារ១៨ជាន់នៅ មជ្ឈមណ្ឌលអាគារឧស្សាហកម្មហ្គាសានមេត្រូ (Gasan Metro Knowledge Industry Center building) ដែលស្ថិតនៅភាគខាងត្បូងឆៀងខាងលិចនៃក្រុងសេអ៊ូល។

ក្នុងករណីនេះ តាមការរាយការណ៍មានកម្មករប្រុស២នាក់ អាយុ៥០ឆ្នាំ និង៤៥ឆ្នាំ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបន្ទាន់ក្រោយពីប៉ះពាល់ដោយការលេចធ្លាយសារធាតុគីមីនេះ តែត្រូវបានគេបញ្ជូនព័ត៌មានមកវិញថា​បានបាត់បង់ជីវិតទៅហើយនៅមន្ទីរពេទ្យ។ ខណៈដែលមានកម្មករ២នាក់ផ្សេងទៀត រងរបួសពាក់ព័ន្ធផ្លូវដង្ហើមធ្ងន់ធ្ងរផងដែរ ខណៈមនុស្ស៧នាក់ផ្សេងទៀតមានរបួសស្រាល និងទាំងអស់គ្នាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ។

សារធាតុគីមីដែលលេចធ្លាយនេះ ត្រូវបានគេដឹងថាជាសារធាតុគីមីប្រើសម្រាប់ពន្លត់អគ្គីភ័យដែលនៅនឹងជាន់ក្រោមដីនៃការដ្ឋានអាគារនោះ។ នៅពេលកើតហេតុ កម្មករនៅការដ្ឋានបានកំពុងធ្វើការនៅនឹងផ្នែកប្រព័ន្ធពន្លត់អគ្គីភ័យ និងប្រព័ន្ធកម្តៅអាគារ ដែលនៅពេលនោះ ឧបករណ៍ដែលផ្ទុកសារធាតុសម្រាប់ពន្លត់អគ្គីភ័យនេះ ដែលមានសារធាតុគីមីកាបូនឌីអុកស៊ីត ជាសារធាតុសម្រាប់ពន្លត់អគ្គីភ័យត្រូវបានខូចខាត បង្កឱ្យមានការលេចធ្លាយដូចនេះកើតឡើង។

នៅពេលកើតហេតុនោះ មានមនុស្សដល់ទៅ៥២នាក់ កំពុងធ្វើការនៅនឹងទីតាំង ខណៈដែលមនុស្សដែលរងការប៉ះពាល់ផ្ទាល់មាន១១នាក់ដូចបានរៀបរាប់ខាងលើ។ សម្រាប់ករណីនេះ សមត្ថកិច្ចប៉ូលិស និងកងកម្លាំងពន្លត់អគ្គីភ័យកំពុងធ្វើការស៊ើបអង្កេតបន្តពីមូលហេតុជាក់លាក់ដែលនាំឱ្យបង្កជាបញ្ហានេះឡើងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *