កូរ៉េខាងត្បូង៖ ប្រក្រតីភាពថ្មី «រស់នៅជាមួយនឹងកូវីដ-១៩» នៅក្នុងប្រទេសកូរ៉េខាងត្បូង ទំនងនឹងអាចចាប់អនុវត្តពីថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះហើយ ដោយសាររដ្ឋាភិបាលកូរ៉េខាងត្បូង និងអាជ្ញាធរសុខាភិបាលបានជំរុញអនុវត្តដំណាក់កាលថ្មីនេះឱ្យបានកាន់តែឆាប់រហ័សតាមតែអាចធ្វើទៅបាន នេះបើតាមការបញ្ជាក់ថារបស់រដ្ឋមន្ត្រីសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Times កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឱ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង លោក ក្វុន ឌុកឈុល (Kwon Deok-cheol) បាននិយាយថារដ្ឋាភិបាលកូរ៉េកំពុងពិចារណាលើការចាប់អនុវត្តផែនការប្រក្រតីភាពថ្មីនេះ នៅថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះ ដែលក្នុងប្រក្រតីភាពថ្មីនេះ អាជ្ញាធរសុខាភិបាលនឹងធ្វើការបន្ធូរបន្ថយគម្លាតសង្គម និងផ្តោតសំខាន់ចម្បងទៅលើការគ្រប់គ្រងអ្នកជំងឺកូវីដដែលឈឺធ្ងន់ធ្ងរ ជាជាងផ្តោតទៅលើករណីឆ្លងកូវីដទាំងអស់ទូទៅដូចបច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រីបាននិយាយលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំសវនកម្មនៃក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងជាមួយនឹងរដ្ឋសភាជាតិកូរ៉េខាត្បូង កាលពីថ្ងៃពុធសប្តាហ៍នេះ។ ការលើកឡើងបែបនេះ មានន័យថាផែនការរបស់រដ្ឋាភិបាលក្នុងការចាប់ផ្តើមអនុវត្តដំណាក់កាលប្រក្រតីភាពថ្មីនេះ នឹងអាចលឿនជាងផែនការកំណត់ពីមុនមក ដែលគ្រោននៅថ្ងៃទី៩ ខែវិច្ឆិកាឯណោះ ដែលការពន្លឿននេះអាចជាលទ្ធផលនៃដំណើរការចាក់វ៉ាក់សាំងដែលកំពុងមានលទ្ធផលលឿន និងគាប់ប្រសើរមែនទែនហើយនោះ។
បើតាមការបញ្ជាក់ដោយឡែករបស់ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង កូរ៉េខាងត្បូងរំពឹងនឹងអាចសម្រេចបានអត្រាចាក់វ៉ាក់សាំងដល់ ៧០% ត្រឹមថ្ងៃទី២៣ ដល់២៥ តុលា ហើយនឹងអាចបន្តសម្រេចបានដល់ ៨០% ត្រឹមក្នុងខែវិច្ឆិកាខាងមុខនេះ។ បើតាមការកំណត់សូចនាករវ៉ាក់សាំងកន្លងមក ប្រព័ន្ធភាពស៊ាំសហគមន៍នឹងអាចសម្រេចបាននៅពេលដែល អត្រាចាក់វ៉ាក់សាំងទូទាំងប្រទេសសម្រេចបានដល់ ៧០%។
កាលពិពេលកន្លងមក រដ្ឋាភិបាលកូរ៉េបានដឹកនាំកិច្ចប្រជុំបន្តបន្ទាប់ពិនិត្យលើការអនុវត្តនៃប្រក្រតីភាពថ្មី «រស់នៅជាមួយនឹងកូវីដ-១៩» នឹងផ្តោតសំខាន់លើទិដ្ឋភាពសំខាន់ៗរួមមាន ទិដ្ឋភាពឆ្លើយតបផ្នែកសុខាភិបាល ផ្នែកសេដ្ឋកិច្ច និងផ្នែកវប្បធម៌ និងសុវត្ថិភាពសង្គម ដែលទិដ្ឋភាពសំខាន់ៗទាំងនេះនឹងត្រូវក្រសួងជំនាញ និងអាជ្ញាធរពាក់ព័ន្ធលើកយកមកពិភាក្សាជាបន្តបន្ទាប់ឆាប់ៗនេះ ធ្វើយ៉ាងណាអាចសម្រេចបានទៅតាមគោលដៅដែលកំណត់នេះ។
ក្រៅពីការឈានចូលដល់ប្រក្រតីភាពថ្មី «រស់នៅជាមួយនឹងកូវីដ-១៩» នេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏កំពុងពិគ្រោះនិងចរចាជាមួយក្រុមហ៊ុនវេជ្ជសាស្រ្តពិភពលោកធំៗ ទាក់ទងនឹងថ្នាំគ្រាប់សម្រាប់លេបព្យាបាលជំងឺកូវីដ-១៩ផងដែរ គឺថ្នាំគ្រាប់ក្រុមហ៊ុន Molnupiravir (MK-4482) ដែលកំពុងស្នើសុំការអនុញ្ញាតប្រើប្រាស់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកផងដែរ។ បើតាមការបញ្ជាក់របស់ ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិចារណាក្នុងការទិញយកឱសថនេះត្រៀមសម្រាប់មនុស្ស ៤០,០០០នាក់ តែប្រហែលជាអាចនឹងត្រូវការបន្ថែមទៀតផងដែរ។