ល្អណាស់! ច្បាប់ថ្មីកូរ៉េខាងត្បូងការពារពីការលួចឃ្លាំមើល (Stalking) ពីជនខិលខូច ចាប់អនុវត្តហើយ អ្នកដែលល្មើសនឹងអាចរងទោសធ្ងន់ដល់ ៥ឆ្នាំ និងប្រាក់ពិន័យដល់..

កូរ៉េខាងត្បូង៖ ច្បាប់ថ្មីរបស់កូរ៉េខាងត្បូងការពារពីការលួចឃ្លាំមើលពីជនខិលខូច នឹងចាប់ផ្តើមអនុវត្តពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះទៅហើយ ដោយនឹងមានការដាក់ទោសលើជនល្មើសដែលត្រូវគេចាត់ចូលក្នុងសកម្មភាពលួចឃ្លាំងមើលនេះ អាចដល់ជាប់ឃុំឃាំងរយៈពេល៣ឆ្នាំទៀតផង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ច្បាប់ថ្មីនេះគឺជាច្បាប់កូរ៉េខាងត្បូងលើកដំបូងហើយដែលបានកំណត់ច្បាស់ពីសកម្មភាពនៃការលួចឃ្លាំមើល ឬជាភាសាអង់គ្លេសហៅថា (Stalking) នេះ។ ជាការអនុវត្តពីមុនមក ទង្វើនៃការលួចឃ្លាំមើលខុសច្បាប់លើអ្នកដទៃទនេះ ត្រូវបានគ្រាន់តែចាត់ទុកជាបទល្មើសតូចតាចប៉ុណ្ណោះក្នុងក្រមព្រហ្មទណ្ឌ ដែលតម្រូវឱ្យមានការផាកពិន័យលើអ្នកបង្កត្រឹមតែ១០ម៉ឺនវ៉ុន (ប្រមាណត្រឹមតែ ៨៥ដុល្លារ) ប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោមច្បាប់ថ្មីដែលដាក់ឱ្យអនុវត្តនេះ បានកំណត់ច្បាស់លាស់ ពីសកម្មភាពដែលត្រូវចាត់ទុកជាការលួចឃ្លាំមើល (Stalking) នេះមានដូចជា ការដើរតាម ឬចាប់ជនរងគ្រោះដោយបង្ខំប្រឆាំងនឹងឆន្ទៈបុគ្គល ការរង់ចាំឃ្លាំមើលជនរងគ្រោះនៅក្នុង ឬនៅក្បែរផ្ទះ កន្លែងធ្វើការ ឬសាលារៀនរបស់ជនរងគ្រោះ ការចុចផ្ញើសារមិនសមរម្យ រូបភាព វីដេអូតាមរយៈប្រអប់សំបុត្រ ឬអ៊ីម៉ែល ទូរស័ព្ទ ឬប្រព័ន្ធបច្ចេកវិទ្យាដទៃទៀត ការធ្វើឱ្យជនរងគ្រោះ មានភាពភ័យខ្លាចបារម្ភ តាមរយៈការបំផ្លេចបំផ្លាញសម្ភារៈនានានៅក្បែរផ្ទះជនរងគ្រោះជាដើម។​ សកម្មភាពទាំងនេះ អនុវត្តលើក្រុមគ្រួសារ ឬអ្នកស្គាល់ជាមួយជនរងគ្រោះ ក៏ត្រូវចាត់ចូលជាសកម្មភាពការលួចឃ្លាំមើល (Stalking) នេះដែរ។

សកម្មភាពខាងលើនេះ ប្រសិនបើត្រូវបានប្រព្រឹត្តិឡើងជាច្រើនដងផ្ទួនៗគ្នានឹងត្រូវចាត់ចូលជាបទល្មើសលួចឃ្លាំមើល (Stalking) ដែលមានទម្ងន់ទោសអាចរងការពិន័យឃុំឃាំងរហូតដល់៣ឆ្នាំ ឬអាចរងការផាកពិន័យដល់ទៅ ៣០លានវ៉ុន (ប្រមាណជាង ២៥,៥៤០ ដុល្លារ) តាមរយៈការកំណត់ក្នុងច្បាប់ថ្មីនេះ។ ការដាក់ទោសនឹងត្រូវតម្លើងថែមទៀតអាចដល់ការជាប់ឃុំឃាំងរយៈពេល៥ឆ្នាំ ឬការផាកពិន័យដល់ទៅ ៥០លានវ៉ុន ប្រសិនបើគេរកឃើញសកម្មភាពល្មើសនេះមានពាក់ព័ន្ធនឹងការប្រើប្រាស់សម្ភារៈគ្រោះថ្នាក់ដទៃទៀតនោះ។

ការដាក់ចេញច្បាប់ថ្មីនេះ គឺឆ្លើយតបនឹងការរិះគន់របស់សាធារណជនជាបន្តបន្ទាប់លើចំណាត់ការកំណត់បទល្មើស និងដាក់ទោសមានកម្រិតស្រាលដែលនាំឱ្យករណីសកម្មភាពបែបនេះកើនមានឡើងក្នុងរយៈពេលចុងក្រោយនេះ។ ជាមួយនឹងវត្តមានច្បាប់ថ្មីនេះ សមត្ថកិច្ចប៉ូលិសអាចនឹងចាត់វិធានការ ឆ្លើយតបសម្រាប់ផ្តល់ការការពារដល់ជនរងគ្រោះ ដូចជាការផ្តល់ទីតាំងសុវត្ថិភាពសម្រាប់ជនរងគ្រោះ ក្នុងអំឡុងពេលស៊ើបអង្កេត និងការដាក់ចេញបទបញ្ជាហាមឃាត់មិនឱ្យជនសង្ស័យមកនៅក្បែរបរិវេណជាមួយជនរងគ្រោះ និងកាត់ផ្តាច់ការទាក់ទងតាមអនឡាញ ប្រសិនបើមានកើតឡើង។

មន្ត្រីសមត្ថកិច្ចលើកឡើងដែរថា ចំពោះការកំណត់មុខសញ្ញាបាននៃករណីសង្ស័យ គេនឹងចាត់វិធានការភ្លាមៗ ធ្វើយ៉ាងណាកុំឱ្យសកម្មភាពទាំងនេះអាចវិវត្តទៅជាបទល្មើសធំដុំបាន។

 

Leave a Reply

Your email address will not be published.