អបអរសាទរជាប្រវត្តិសាស្រ្ត! កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង កម្រាស់ឯកសារព្រមព្រៀងគោលជាង ៣ពាន់សន្លឹក នឹងត្រូវចុះហត្ថលេខាផ្លូវការ នៅថ្ងៃទី២៦ តុលា នេះហើយ

កូរ៉េខាងត្បូង៖ កាន់តែច្បាស់ការមែនទែនហើយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនឹងត្រូវសម្រេចបានការចុះហត្ថលេខាជាផ្លូវការនៅសប្តាហ៍ក្រោយនេះ ថ្ងៃទី២៦ ខែតុលា ២០២១ហើយ បើតាមការចែករំលែកគួរឱ្យអបអរសាទរដោយទំព័រហ្វេសប៊ុករបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនៅល្ងាចថ្ងៃនេះ។

តាមការចែករំលែកនេះបានបង្ហាញឱ្យដឹងថានៅថ្ងៃនេះ ភាគីកម្ពុជា ដែលដឹកនាំផ្ទាល់ដោយលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ជ្រឹង បុទុមរង្សី និងក្រុមការងារស្ថានទូតខ្មែរ រួមជាមួយនឹងមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ចប់ការពិនិត្យឯកសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជាមួយភាគីកូរ៉េខាងត្បូងជាស្ថាពរហើយ ដើម្បីត្រៀមសំរាប់ការចុះហត្ថលេខាដោយរដ្ឋាភិបាលទាំងពីរប្រទេសនាថ្ងៃទី២៦ តុលា ខាងមុខនេះ។

ក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បា​នថ្លែងអំណរគុណដល់ក្រុមការងារចរចាទាំងពីរប្រទេសដែលបានខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ ដើម្បីឈានមកដល់គោលដៅដ៏ធំមួយនេះជូនជាតិ និងប្រជាជន។ ការសម្រេចលទ្ធផលនិងផលិតបានជាឯកសារព្រមព្រៀងគោលប្រមាណ ៣ពាន់សន្លឹក ហើយទទួលស្គាល់ដោយរដ្ឋាភិបាលទាំងពីរ ពិតជាសមិទ្ធប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បើតាមការចុះផ្សាយជាភាសាអង់គ្លេសក្នុងគេហទំព័រក្រសួងព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ បានឱ្យដឹងថា ពិធីចុះហត្ថលេខានេះនឹងត្រូវរៀបចំឡើងជាផ្លូវការតាមប្រព័ន្ធវីដេអូក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ​ឯកឧត្តម បា៉ន សូរស័ក្តិ និងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោកជំទាវ យ៉ូ ម្យ៉ុងហ៊ី នេះបើតាមការបញ្ជាក់ឱ្យដឹងពី​អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាយើង។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនេះ ដែលមានឯកសារព្រមព្រៀងគោលប្រមាណ ៣ពាន់សន្លឹកនេះ បានបញ្ចប់ការចរចាដោយទទួលបានការឯកភាពគ្នាតាំងពីខែកុម្ភៈ ២០២១នេះមក បន្ទាប់ពីប្រទេសទាំងពីរកម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាកាលពីខែកក្កដា ឆ្នាំ ២០២០ ក្រោយពីបានធ្វើការសិក្សាពីលទ្ធភាពជាដៃគូពាណិជ្ជកម្មមួយគ្នាអស់ជាច្រើនខែ គឺចាប់តាំងពីឆ្នាំខែវិច្ឆិកា ឆ្នាំ២០១៩ មកម៉្លេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនេះ ក្រោយពីត្រូវបានអនុវត្ត នឹងអាចធ្វើការពង្រីកវិសាលភាពទីផ្សារសម្រាប់ផលិតផលកម្ពុជាឱ្យបានកាន់តែទូលំទូលាយ។ តាមសេចក្តីប្រកាសព័ត៌មានពីភាគីកម្ពុជា CKFTA មានគោលដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញ ទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។ លើសពីនេះ ប្រទេសទាំងពីរជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ អាចជួយស្តារឡើងវិញនូវសេដ្ឋកិច្ចបានឆាប់រហ័ស ក្នុងអំឡុងពេល និងក្រោយពេលវិបត្តិកូវីដ១៩។

កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ក្រោយពីសម្រេចបាន នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលទើបនឹង​បានអនុម័តថ្មីៗនេះ។ បើគិតពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង គឺមានទំហំដល់ទៅ ៨៨៥លានដុល្លារ ក្នុងឆ្នាំ២០២០ ដែលបានថយចុះដល់ទៅ១៨%  ធៀបនឹងទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០១៩។

 

Leave a Reply

Your email address will not be published.