កូរ៉េខាងត្បូង៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងកូរ៉េខាងត្បូង នឹងអាចត្រូវបានចុះហត្ថលេខានៅក្នុងសប្តាហ៍ខាងមុខនេះ ជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីដ៏ធំសម្បើមក្នុងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូង នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម។
បើតាមការចុះផ្សាយជាភាសាអង់គ្លេសក្នុងគេហទំព័រក្រសួងព័ត៌មាន បានឱ្យដឹងថា ពិធីចុះហត្ថលេខានេះនឹងត្រូវរៀបចំឡើងជាផ្លូវការតាមប្រព័ន្ធវីដេអូក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម បា៉ន សូរស័ក្តិ និងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោកជំទាវ យ៉ូ ម្យ៉ុងហ៊ី នេះបើតាមការបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាយើង។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនេះ បានបញ្ចប់ការចរចាដោយទទួលបានការឯកភាពគ្នាតាំងពីខែកុម្ភៈ ២០២១នេះមក បន្ទាប់ពីប្រទេសទាំងពីរកម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាកាលពីខែកក្កដា ឆ្នាំ ២០២០ ក្រោយពីបានធ្វើការសិក្សាពីលទ្ធភាពជាដៃគូពាណិជ្ជកម្មមួយគ្នាអស់ជាច្រើនខែ គឺចាប់តាំងពីឆ្នាំខែវិច្ឆិកា ឆ្នាំ២០១៩ មកម៉្លេះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនេះ ក្រោយពីត្រូវបានអនុវត្ត នឹងអាចធ្វើការពង្រីកវិសាលភាពទីផ្សារសម្រាប់ផលិតផលកម្ពុជាឱ្យបានកាន់តែទូលំទូលាយ។ តាមសេចក្តីប្រកាសព័ត៌មានពីភាគីកម្ពុជា CKFTA មានគោលដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញ ទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។ លើសពីនេះ ប្រទេសទាំងពីរជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ អាចជួយស្តារឡើងវិញនូវសេដ្ឋកិច្ចបានឆាប់រហ័ស ក្នុងអំឡុងពេល និងក្រោយពេលវិបត្តិកូវីដ១៩។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ក្រោយពីសម្រេចបាន នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលទើបនឹងបានអនុម័តថ្មីៗនេះ។ បើគិតពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង គឺមានទំហំដល់ទៅ ៨៨៥លានដុល្លារ ក្នុងឆ្នាំ២០២០ ដែលបានថយចុះដល់ទៅ១៨% ធៀបនឹងទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០១៩។