ផែនការប្រក្រតីភាពថ្មី «រស់នៅជាមួយនឹងកូវីដ-១៩» របស់កូរ៉េខាងត្បូងដែលនឹងអនុវត្តឆាប់ៗនេះ នាំមកនូវក្តីសង្ឃឹមក៏ច្រើន ក្តីបារម្ភក៏ច្រើន!!

កូរ៉េខាងត្បូង៖ ខណៈដែលប្រទេសកូរ៉េខាងត្បូងកំពុងតែខិតចូលទៅដល់ដំណាក់កាលថ្មីនៃស្ថានការណ៍កូវីដ-១៩ ចាប់ពីខែក្រោយនេះទៅហើយនោះ ស្របជាមួយនឹងការកើនឡើងនៃអត្រាអ្នកចាក់វ៉ាក់សាំងកូវីដកាន់តែច្រើនឡើងៗសម្រាប់ជាកត្តាកំណត់ដ៏សំខាន់នៃការវិលត្រឡប់ទៅរកប្រក្រតីភាពថ្មីនេះផងនោះ មានការលើកឡើងផ្សេងៗគ្នាពីការបារម្ភ អំណរសាទរ និងការរំពឹងទុកសម្រាប់ប្រក្រតីភាពថ្មីនេះ។

តាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ប្រក្រតីភាពថ្មីនេះដែលមានឈ្មោះថា «រស់នៅជាមួយនឹងកូវីដ-១៩» នឹងចាប់ផ្តើមអនុវត្តពីដើមខែវិច្ឆិកាខាងមុខនេះ។ ពេលនោះមានន័យថា ជំងឺកូវីដ-១៩ នឹងត្រូវបានគេចាត់ទុកត្រឹមជាជំងឺឆ្លងផ្លូវដង្ហើម ដូចទៅនឹងជំងឺផ្តាសាយតាមរដូវកាលធម្មតាប៉ុណ្ណោះ ហើយការអនុវត្តគម្លាតសង្គមក៏នឹងត្រូវបន្ធូរបន្ថយផងដែរ ដើម្បីបើកផ្លូវឱ្យស្ថានភាពសង្គមអាចវិលត្រឡប់មកសភាពប្រក្រតីវិញផងដែរ។

គិតមកដល់ពេលនេះ រយៈពេលជិត២ឆ្នាំពេញហើយដែលពិភពលោកកំពុងរងគ្រោះដោយសារតែជំងឺកូវីដ-១៩ ខណៈដែលកូរ៉េខាងត្បូងវិញគិតមកដល់ពេលនេះ ក្នុងចំណោមប្រជាជនខ្លួន១លាននាក់ មានអ្នកបានឆ្លងកូវីដ-១៩ ដល់ទៅ៦,៤៦៦នាក់ហើ ខណៈដែលករណីដែលបាត់បង់ជីវិតមានចំនួន ០.៧៨% គឺមានចំនួនទាបខ្លាំងធៀបទៅនឹងបណ្តាប្រទេសអភិវឌ្ឍន៍ជឿនលឿនដទៃទៀតដូចជាអាមេរិក ដែលក្នុងចំណោមមនុស្ស១លាននាក់ មានអ្នកឆ្លងកូវីដដល់ទៅជាង១៣ម៉ឺននាក់ទៅហើយ ខណៈដែលអត្រានៃករណីបាត់បង់ជីវិតវិញកើនលើសកូរ៉េខាងត្បូងដល់ទៅទ្វេដងឯណោះ។

លទ្ធផលនៃការទប់ស្កាត់របស់កូរ៉េខាងត្បូងនេះមានភាពល្អប្រសើរច្រើន តែគិតមកដល់ពេលនេះប្រជាពលរដ្ឋជាច្រើនក៏មានភាពហត់នឿយ និងករណីល្មើសទៅនឹងបម្រាមអនុវត្តគម្លាតសង្គមនៅក្នុងប្រទេសកើនមានក៏កាន់តែច្រើនឡើង ដូចជាការនាំគ្នាមិនពាក់ម៉ាស់ មិនអនុវត្តគម្លាតសង្គមនៅទីសាធារណៈ ជាពិសេសនៅតាមទីតាំងហាងអាជីវកម្មនានាជាដើម។ ក្នុងនោះដែរ គិតមកដល់ពេលនេះ អត្រានៃការចាក់វ៉ាក់សាំងកូវីដនៅកូរ៉េខាងត្បូងក៏បានសម្រេចលទ្ធផលគាប់ប្រសើរយ៉ាងខ្លាំងផងដែរ គិតត្រឹមថ្ងៃចន្ទនេះ មានប្រជាជនកូរ៉េខាងត្បូងដល់ទៅ ៦៤.៦%ហើយនៃប្រជាជនសរុបជាង ៥២លាននាក់បានចាក់វ៉ាក់សាំងកូវីដរួចរាល់ ហើយមនុស្ស ៧៨.៧% បានចាក់វ៉ាក់សាំងកូវីដដូសទី១ផងដែរ។

តាមការលើកឡើងរបស់មន្ត្រីជំនាញសុខាភិបាល ត្រឹមដើមខែវិច្ឆិកាខាងមុខនេះ ការអនុវត្តប្រក្រតីភាពថ្មីនៃការ «រស់នៅជាមួយនឹងកូវីដ-១៩» នឹងអាចចាប់ផ្តើមហើយដោយសារតែគេយល់ឃើញថា ការព្យាយាមលប់ឱ្យអស់ទាំងស្រុងនៃករណីឆ្លងកូវីដឱ្យដល់០ករណីនោះ គឺមិនងាយនឹងសម្រេចបាននោះទេ ដូចនេះជម្រើសដែលត្រូវអនុវត្តគឺ​ប្រាកដជាត្រូវរៀនរស់ និងការពារពីជំងឺកូវីដប្រចាំថ្ងៃដូចធម្មតានេះឯង។

តាមប្រក្រតីភាពថ្មីនៃការ «រស់នៅជាមួយនឹងកូវីដ-១៩» នេះ ទំនងជានឹងដើរតាមគំរូរបស់ប្រទេសសឹង្ហបុរី ដែលចាប់យកការវិលត្រឡប់នៃប្រក្រតីភាពសង្គមវិញដោយប្រុងប្រយ័ត្នបន្តិចម្តងៗ ផ្អែកតាមតួលេខនៃអត្រាការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ។ ក្រោមប្រក្រតីភាពថ្មី អាជ្ញាធរសុខាភិបាលកូរ៉េនឹងលែងបារម្ភទប់ស្កាត់ករណីឆ្លងកូវីដហើយ តែផ្ទុយមកវិញនឹងព្យាយាមផ្តោតលើតួលេខនៃអ្នកជំងឺដែលត្រូវឈឺធ្ងន់ដោយសារកូវីដ ហើយត្រូវព្យាបាលនៅមន្ទីរពេទ្យ និងចំនួនអ្នកបាត់បង់ជីវិតពីកូវីដវិញហើយ។ បើតាមប្រភពដដែលនេះ គេអាចនឹងពិចារណាឈប់ធ្វើការផ្តល់ព័ត៌មានប្រចាំថ្ងៃពីករណីឆ្លងកូវីដផងដែរ។

ក្នុងនោះដែរ គេក៏នឹងចាប់ផ្តើមធ្វើការពង្រីកការអនុញ្ញាតឱ្យព្យាបាលជំងឺកូវីដនៅផ្ទះផងដែរ ដោយសារតែអត្រានៃករណីអ្នកជំងឺកូវីដដែលឈឺធ្ងន់ និងមានសភាពធ្ងន់ធ្ងរខ្លាំងនោះ បានថយចុះច្រើនតាំងពីចាប់ផ្តើមការចាក់វ៉ាក់សាំងពីខែកុម្ភៈមកម្លេះ។ ការព្យាបាលនៅផ្ទះនឹងត្រូវគេអនុវត្តចំពោះអ្នកជំងឺដែលមានអាការៈតិចតួច ឬសឹងមិនមាន ហើយមានអាយុក្រោម៧០ឆ្នាំ ដែលក្រុមអ្នកជំងឺស្រាលទាំងនេះ មិនចាំបាច់ត្រូវការព្យាបាលនៅមន្ទីរពេទ្យនោះទេ។ ចំពោះការអនុវត្តបែបនេះ គេរំពឹងថាបន្ទុកធ្ងន់មួយផ្នែក នឹងអាចសម្រាលចេញពីគ្រូពេទ្យបានផងដែរ។

ក្នុងនោះដែរ ចំពោះវិធានការតម្រូវឱ្យពាក់ម៉ាស់ និងរក្សាគម្លាតសង្គមនានាក៏នឹងត្រូវតែនៅបន្តផងដែរ ដោយសារតែការពាក់ម៉ាស់នេះមានអត្ថប្រយោជន៍ខ្លាំងក្នុងការជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះបានមួយភាគធំ ហើយគេរំពឹងថាបើមនុស្សបានចាក់វ៉ាក់សាំងកូវីដរួច អត្រានៃការឆ្លងនឹងកាន់តែថយចុះផងដែរ ជាពិសេសនៅពេលដែលពួកគេពាក់ម៉ាស់ជាប់ត្រឹមត្រូវ។

យ៉ាងណាមិញ ក្តីបារម្ភជាច្រើនជាពិសេសគឺលើហានិភ័យនៃការផ្ទុះឡើងកាន់តែខ្លាំងនៃជំងឺកូវីដ-១៩នៅពេលខាងមុខ ដោយអ្នកជំនាញមួយចំនួនបារម្ភថាតួលេខនេះនឹងអាចកើនឡើងដល់លើស ៥០០០ករណីឯណោះ ប្រសិនបើគេចាប់ផ្តើមប្រក្រតីភាពថ្មីនៃការ «រស់នៅជាមួយនឹងកូវីដ-១៩» នេះពិតមែននោះ។ ចំណុចគួរឱ្យបារម្ភមួយផ្សេងទៀតនោះគឺ ការបារម្ភទៅលើការអាចរីករាលដាលនៃករណីកូវីដប្រភេទបម្លែងខ្លួនថ្មីផងដែរ ដូចនេះ អាជ្ញាធរសុខាភិបាលត្រូវតែប្រុងប្រយ័ត្ន និងត្រៀមខ្លួនឱ្យបានរួចរាល់ជានិច្ច។

ជាមួយនឹងការដាក់ចេញនូវផែនការថ្មីៗជាច្រើននៃប្រក្រតីភាពថ្មីនៃការ «រស់នៅជាមួយនឹងកូវីដ-១៩» នេះ អ្នកជំនាញយល់ឃើញថាការត្រឡប់មកការរស់នៅដូចមុនពេលមានកូវីដ-១៩វិញនោះ គឺនៅលើផ្លូវដ៏សែនឆ្ងាយថែមទៀត ហើយដំណាក់កាលប្រក្រតីភាពថ្មីនេះ គ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ។

 

 

Leave a Reply

Your email address will not be published.