តុលាការកូរ៉េខាងត្បូង កាត់ទោសឃុំឃាំង ៣០ឆ្នាំ លើជនល្មើសម្នាក់ជាអ្នកផ្សាយអនឡាញដែលសម្លាប់បុគ្គលិកស្រីខ្លួន ដោយសារតែមិនព្រម…

កូរ៉េខាងត្បូង៖ អ្នករកស៊ីផ្សព្វផ្សាយអនឡាញមួយត្រូវបានតុលាការកំពូលកូរ៉េខាងត្បូង កំណត់ដាក់ទោសរយៈពេល៣០ឆ្នាំជាប់ឃុំឃាំង ជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម និងប្លន់លើបុគ្គលិកស្រ្តីរបស់ខ្លួនដែលជាមូ៉ដែលសម្រាប់ថតផ្សព្វផ្សាយអនឡាញ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្នុងការចុះផ្សាយបានឱ្យដឹងថា បុរសអាយុ៤០ឆ្នាំជាជនល្មើសរូបនេះ ឈ្មោះថា អូ ត្រូវបានរងការចោទប្រកាន់ពីបទបង្កករណីប្លន់ និងឃាតកម្មដែលបានកើតឡើងកាលពីខែមីនា ឆ្នាំមុន លើបុគ្គលិកស្រ្តីរបស់ខ្លួនអាយុ២៤ឆ្នាំ។ បើតាមការរៀបរាប់របស់សមត្ថកិច្ច និងតាមកំណត់ហេតុរបស់តុលាការ ករណីបទឧក្រឹដ្ឋនេះកើតឡើងនៅនឹងបន្ទប់អាផាតមិនរបស់ជនល្មើស នៅតំបន់អឺយចុងប៊ូ ភាគខាងជើងក្រុងសេអ៊ូល។ នៅនឹងអាផាតមិននោះ គាត់បានរៀបចំតម្លើងជាបន្ទប់ធ្វើការផ្សាយតាមអនឡាញលើប្រធានបទពាក់ព័ន្ធនឹងការវិនិយោគនៅបរទេសនាពេលអនាគត។

មែនទែនទៅ ជនល្មើសរូបនេះនៅពេលកើតហេតុនោះមានជាប់បំណុលរុំខ្លួនដល់ទៅលើស១០០លានវ៉ុន (ប្រមាណជាង ៨៤,០០០ដុល្លារ)ឯណោះ ហើយនៅពេលនោះ ដោយសារតែត្រូវការលុយដើម្បីយកមកស៊ីចាយផង ជនល្មើសរូបនេះបានរៀបចំគ្រោងការណ៍រកលុយថ្មី ដោយជួលឱ្យបុគ្គលិកស្រីមកធ្វើការផ្សព្វផ្សាយដោយស្លៀកពាក់រ៉ូបបែបស៊ិចស៊ីបញ្ចេញសាច់ជាដើម ដើម្បីទាក់ទាញអ្នកមើល។

នៅពេលនោះ ដោយសារតែជនរងគ្រោះជាបុគ្គលិកស្រីមិនព្រមអនុវត្តតាម ជនល្មើសបានលួយលុយអស់ជាង១០លានវ៉ុនពីគណនីធនាគាររបស់ជនរងគ្រោះ មុនធ្វើការរឹតកជនរងគ្រោះរហូតដល់បាត់បង់ជីវិត ហើយក្រោយពីករណីនេះកើតហេតុបាន១ថ្ងៃ ជនល្មើសបានចូលប្រគល់ខ្លួនឱ្យប៉ូលីសតែម្តង។ បើតាមការកាត់ក្តីដំបូងនៅសាលាដំបូង បានកាត់ក្តីឱ្យជនល្មើសនេះជាប់ទោសដល់៣៥ឆ្នាំ តែក្រោយមកតុលាការសាលាឧទ្ធរណ៍បានបន្ថយទោសរបស់ជនល្មើសឱ្យមកនៅត្រឹម ៣០ឆ្នាំវិញ ដោយសារតែយល់ឃើញថាជនល្មើសសុខចិត្តចូលខ្លួនមកសារភាពដោយខ្លួនឯង។

តុលាការកំពូលបានទាត់ចោលសំណើប្តឹងសើរើករណីនេះឡើងវិញ ដោយនិយាយថាកម្រិតដាក់ទោស៣០ឆ្នាំនេះ មិនអាចមានភាពអយុត្តិធម៌លើជនល្មើសនោះទេ បើគេមើលទៅលើការប៉ុនប៉ងនៃបទល្មើស និងកត្តាពាក់ព័ន្ធដទៃទៀតនោះ។

Leave a Reply

Your email address will not be published. Required fields are marked *