ខំធ្វើការរាល់ថ្ងៃព្រឹកចេញ ល្ងាចចូលនេះ! រាល់ថ្ងៃពេញចិត្តនឹងប្រាក់ខែខ្លួនឯងហើយឬនៅ?

កន្លងមក​ ​យើង​តែងតែ​ពិភាក្សា​ពី​រឿង​បង្កើត​ចំណូល​អកម្ម​បន្ថែម​ ​ក្រៅពី​ប្រាក់ចំណូល​ចម្បង​ ​ប៉ុន្តែ​យើង​តែងតែ​គិតតែពី​​​រក​ប្រភព​ចំណូល​បន្ថែម​ ​ចុះ​មាន​ដែល​ធ្លាប់​សួរ​ខ្លួនឯង​ដែរ​ឬទេ​ថា​ “​ពេញចិត្ត​ជាមួយ​ប្រាក់ខែ​រាល់ថ្ងៃ​ហ្នឹង​អត់​?”​។​ ​អ្នក​ទាំងអស់គ្នា​ ​មាន​ដឹង​អត់​ថា​ ​តាមពិត​ទៅ​ ​យើង​ម្នាក់ៗ​សុទ្ធ​អាច​បង្កើន​ប្រាក់ចំណូល​របស់​ខ្លួន​នៅកន្លែង​ការងារ​ ​តាមរយៈ​ការ​អភិវឌ្ឍ​ខ្លួន​ ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ ​និង​ពង្រឹង​លើ​សមត្ថភាព​ការងារ​របស់​អ្នក​។​

​គ្រាន់តែ​ពង្រឹង​សមត្ថភាព​ ​អាច​បង្កើន​ប្រាក់ចំណូល​បាន​មែន​ឬ​? ​បុគ្គលិក​ដែល​មាន​ស្នាដៃ​ល្អ​ ​បទពិសោធន៍​ការងារ​ល្អ​ ​ការងារ​ក្នុង​ក្រុម​មាន​ភាព​រលូន​ ​ភាព​ច្បាស់លាស់​ក្នុង​ការងារ​ ​រមែង​ទទួល​បានការ​យកចិត្តទុកដាក់​ពី​ក្រុមហ៊ុន​ ​ឬ​ស្ថាប័ន​របស់​អ្នក​។​ ចំណុច​មួយ​ចំនួន​នៅ​ខាងក្រោម​នេះ​ ​ដែល​អ្នក​គួរតែ​ផ្ដោ​ត​សំខាន់​ជា​ចម្បង​ ​ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​៖​

• ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​៖

ក្នុងនាម​ជា​បុគ្គលិក​ម្នាក់​ ​ការ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន​ពិតជា​សំខាន់​ណាស់​ ​មិនមែន​ដើម្បី​តែ​ប្រាក់ចំណូល​បន្ថែម​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​បង្កើន​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​បទពិសោធន៍​ការងារ​តទៅមុខ​។​ ​ក្រៅតែ​ពី​ជំនាញ​របស់​ខ្លួន​ ​អ្នក​ក៏​ត្រូវ​រៀន​ពី​មិត្ត​រួមការ​ងារ​របស់​អ្នក​នៅ​កន្លែងធ្វើការ​ ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ ​និង​គំនិត​ថ្មីៗ​ ​ដើម្បី​ដោះស្រាយបញ្ហា​មួយ​ចំនួន​ក្នុង​ស្ថាប័ន​របស់​អ្នក​ ​ក្រៅពី​ជំនាញ​របស់​ខ្លួន​ដែរ​។​

សូម​ចងចាំ​ថា​ ​នៅ​ពេល​អ្នក​បើក​ចិត្ត​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ពី​រឿង​ប្រាក់ចំណូល​របស់​អ្នក​ ​ពួកគេ​រមែង​ផ្ដោ​ត​លើ​សមត្ថភាព​ការងារ​ ​សមិទ្ធផល​ដែល​អ្នក​សម្រេច​បាន​សម្រាប់​ក្រុមហ៊ុន​ ​និង​ឥរិយាបថ​ធ្វើការងារ​របស់​អ្នកផង​ដែរ​។​

• ​មាន​ទម្លាប់​និង​អត្តចរិត​ល្អ​៖​ ​

ទម្លាប់​មាន​ភាព​ម៉ឹង​ម៉ាត់​ ​ម៉ត់ចត់​នឹង​ការងារ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ ​ជា​ទម្លាប់​មួយ​ដែល​មិនគួរ​រំលង​ដាច់ខាត​។​ ​ក្នុង​វិ​​ស័យ​ការងារ​ ​បុគ្គលិក​ដែល​យកចិត្តទុកដាក់​នឹង​ការងារ​របស់​ខ្លួន​ ​រមែង​ត្រូវ​បាន​ស្ថាប័ន​កត់​សម្គាល់​ទុក​ ​ដ្បិត​ស្ថាប័ន​រមែង​ចង់​រក្សាទុក​បុគ្គលិក​បែប​នេះ​ច្រើន​តាមរយៈ​ការ​លើកទឹកចិត្ត​នៅកន្លែង​ការងារ​។​ ​ក្រៅតែ​ពី​មាន​ទម្លាប់​ល្អ​នេះ​ ​ក្នុងនាម​ជា​បុគ្គលិក​ក៏​គួរ​មាន​ឥរិយាបថ​ល្អ​ក្នុង​ក្រុមហ៊ុន​ ​មាន​ភាពជា​អ្នកដឹកនាំ​ ​និង​ក៏​ជា​បុគ្គលិក​ម្នាក់​ដែល​អាច​ជួយ​ផ្ដល់​មតិ​យោបល់​ដល់​មិត្ត​រួមការ​ងារ​ក្នុង​ស្ថាប័ន​ដូចគ្នា​។​

• ​ស្វែងយល់​ពី​កន្លែង​ការងារ​ ​និង​មុខជំនាញ​អ្នក​ឱ្យ​បាន​ស៊ី​ជម្រៅ​៖

​ការ​ទទួល​បាន​ប្រាក់ចំណូល​ទាប​មិន​សក្តិ​សមនឹង​សមត្ថភាព​របស់​ខ្លួន​ ​វា​គឺជា​បញ្ហា​ដែល​អ្នក​គួរ​ពិចារណា​ ​ប៉ុន្តែ​ការដែល​រំពឹង​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ ​ខណៈ​ពេល​ដែល​សមត្ថភាព​ការងារ​អ្នក​នៅ​មាន​ក​ម្រិ​ត​ ​វាក៏ជា​បញ្ហា​ដែល​អ្នក​គួរ​ពិចារណា​ដូចគ្នា​។​ ​ដូចនេះ​ ​គួរ​ស្វែងយល់​ពី​ប្រភេទ​ការងារ​របស់​អ្នក​កំពុង​ធ្វើ​ ​ថា​តើ​សមត្ថភាព​របស់​អ្នក​ពិតជា​បាន​ផ្តល់​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ ​ដែល​សក្តិ​សមនឹង​ប្រាក់ចំណូល​ដែល​អ្នក​ចង់បាន​ទេ​? ​តើ​កន្លែង​ការងារ​អ្នក​ពិតជា​ត្រូវការ​សមត្ថភាព​ ​ជំនាញ​ ​ឬ​ជំនាញ​របស់​អ្នក​ពុំបាន​ផ្ដល់​អត្ថប្រយោជន៍​អ្វី​សោះ​ដល់​កន្លែងធ្វើការ​?

• ​បើក​ចិត្ត​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ពី​ប្រាក់ចំណូល​ប្រចាំខែ​របស់​អ្នក​៖

​នៅពេលដែល​អ្នកមាន​ជំនឿ​ចិត្ត​ថា​អ្នកមាន​សមត្ថភាព​គ្រប់គ្រាន់​ដែល​គួរតែ​ទទួល​បានការ​ដំ​ឡើងប្រាក់ខែ​ ​អ្នក​គួរតែ​ទៅ​ចរចា​ជាមួយ​ថ្នាក់លើ​អ្នក​ ​ឬ​ជាមួយ​ផ្នែក​ណាមួយ​ដែល​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ពិភាក្សា​ពី​រឿង​ប្រាក់ចំណូល​របស់​អ្នក​។​ ​អ្នក​អាច​បង្ហាញ​អំពី​សមត្ថភាព​ដែល​អ្នកមាន​ ​គោលដៅ​ឆន្ទៈ​របស់​អ្នកជា​មួយ​ក្រុមហ៊ុន​ (​Planning​ K​P​I​) ​សមិទ្ធផល​ការងារ​កន្លងមក​(​Work​ ​Performance​) ​និង​ផល​ចំណេញ​ក្រុមហ៊ុន​ដែល​អ្នក​បាន​ចូល​រួមចំណែក​ (​Benefit​s)​។​

​យ៉ាងណាមិញ​ ​អ្នក​ក៏​គួរ​ត្រៀម​ចិត្ត​ទទួលយក​ការ​បដិសេធ​ណាមួយ​ ​ប្រសិនបើ​ករណី​នោះ​កើតឡើង​មែន​ ​ហើយ​អ្នក​គួរ​យក​ហេតុផល​ដែល​ខាង​ថ្នាក់លើ​របស់​អ្នក​មក​ពិចារណា​ឡើងវិញ​ដោយខ្លួនឯង​ម្ដងទៀត​ថា​ ​តើ​វាស​ម​ហេតុផល​ឬទេ​ ​ឬ​សំណើ​រ​និង​សមត្ថភាព​ការងារ​របស់​អ្នក​មិនទាន់​ល្អ​នៅឡើយ​ឬ​យ៉ាងណា​?

​ទោះ​យ៉ាងណាក៏ដោយ​ ​ប្រាក់ចំណូល​ដ្បិត​ថា​សំខាន់​សម្រាប់​អាជីព​ការងារ​ ​តែ​អ្នក​ក៏​ត្រូវការ​មាន​សមត្ថភាព​ ​និង​ចំណេះ​ជំនាញ​ច្បាស់លាស់​ ​ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​ចង់បាន​នោះ​។​ ​ក្រៅតែ​ពី​ប្រាក់ចំណូល​ ​អ្នក​ក៏​ត្រូវ​ផ្ដោ​ត​សំខាន់​លើ​មនសិការ​ការងារ​ ​តម្លៃ​ការងារ​ ​និង​មាន​ឥរិយាបថ​ល្អ​ក្នុង​ស្ថាប័ន​ការងារ​ផង​ដែរ​៕​

ខ្លឹមសារទាំងស្រុងពី៖ កាក់សេន – KAKCENT

Leave a Reply

Your email address will not be published. Required fields are marked *