ចែករំលែក! ប្រធានាធិបតីកូរ៉េខាងត្បូង ចេញបញ្ជាផ្ទាល់ឱ្យមន្ត្រីជំនាញ រៀបចំចាក់វ៉ាក់សាំងកូវីដដូសជំរុញសម្រាប់អ្នកចាក់វ៉ាក់សាំង Johnson & Johnson ដោយសារតែ..

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង ចេញបញ្ជាណែនាំមន្ត្រីជំនាញសុខាភិបាល រៀបចំផែនការដើម្បីចាក់វ៉ាក់សាំងដូសជំរុញ បន្ថែមជូនសម្រាប់អ្នកដែលកន្លងមក បានចាក់វ៉ាក់សាំងកូវីដ Jonhson & Johnson ដែលជាវ៉ាក់សាំងតម្រូវឱ្យចាក់តែមួយដូសនោះ។

តាមរយៈការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ការប្រកាសបែបនេះរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន គឺដោយសារតែលទ្ធផលនៃការសិក្សាមួយបានបង្ហាញថាកម្រិតនៃការការពារពីវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Jonhson & Johnson នេះ នឹងចុះខ្សោយក្រោយពីរយៈពេលមួយរយៈក្រោយការចាក់វ៉ាក់សាំងរួចមក បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។

លោកប្រធានាធិបតីមូន ក៏បានណែនាំឱ្យមន្ត្រីជំនាញសុខាភិបាលរៀបចំផែនការក្នុងការត្រៀមឱ្យបានលម្អិតសម្រាប់ករណីដែលអាចមានអ្នកជំងឺកូវីដកើនឡើងខ្លាំង ក្រោយពីពេលដែលកូរ៉េខាងត្បូងចាប់ផ្តើមអនុវត្តប្រក្រតីភាពថ្មីនាពេលខាងមុខបន្តិចម្តងៗនោះ។ បើតាមផែនការនៃការបន្ថយគម្លាតសង្គមឈានដល់ការអនុវត្តប្រក្រតីភាពសង្គមថ្មីនេះ គឺមានន័យថាអាជ្ញាធរសុខាភិបាលលែងព្យាយាមទប់ស្កាត់ករណីឆ្លងរាលដាលនៃជំងឺកូវីដដូចមុនទៀតហើយ តែផ្ទុយមកវិញគឺគេព្យាយាមធ្វើយ៉ាងណាឱ្យត្រឹមតែអ្នកឆ្លងកូវីដហើយមិនធ្លាក់ខ្លួនមានអាការៈឈឺធ្ងន់តែប៉ុណ្ណោះ ដោយការធ្វើបែបនេះអាចសម្រេចទៅបានអាស្រ័យទៅតាមលទ្ធផលនៃដំណើរការចាក់វ៉ាក់សាំងកូវីដនេះឯង។

គិតមកដល់ពេលនេះ កូរ៉េខាងត្បូងមានប្រជាជនដល់ទៅ៧៨%ហើយដែលបានចាក់វ៉ាក់សាំងកូវីដយ៉ាងហោចណាស់បាន១ដូស ខណៈដែលចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុងមានដល់ទៅ ៣៣.១៨លាននាក់ផងដែរ ប្រមាណដល់ទៅ៦៤.៦%ផងដែរ។ តួលេខនេះគេរំពឹងថានឹងបន្តកើនឡើងខ្លាំងទៀតរហូតដល់ចុងខែតុលានេះ គឺចំនួនអ្នកចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុង នឹងអាចកើនដល់ទៅ៧០% ដែលនេះគឺជាកត្តាកំណត់សំខាន់សម្រាប់ការអនុវត្តផែនការឈានត្រឡប់ទៅជីវិតប្រក្រតីភាពធម្មតាវិញនោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *