ល្អណាស់! កូរ៉េខាងត្បូងនឹងដាក់សាកល្បងសេវាកម្មសុវត្ថិភាពថ្មីតាមSmartphone ដែលអាចឱ្យគេកំណត់អាសយដ្ឋានឧក្រឹដ្ឋជនផ្លូវភេទបានដោយងាយ ..

កូរ៉េខាងត្បូង៖ ចាប់ពីសប្តាហ៍នេះទៅ បច្ចេកវិទ្យាសន្តិសុខសង្គមថ្មីនៅកូរ៉េខាងត្បូងនឹងចាប់ផ្តើមអនុវត្តសាកល្បងឱ្យអ្នកប្រើប្រាស់អ៊ីនធើណែត ប្រជាជនទូទៅកំណត់បានទីតាំងរបស់ជនល្មើសពាក់ព័ន្ធករណីផ្លូវភេទ តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន Naver តែម្តង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

សេវាកម្មសាកល្បងនេះ នឹងភ្ជាប់កម្មវិធីផែនទីរបស់ក្រុមហ៊ុន Naver ដើម្បីបង្ហាញពីទីតាំងជាក់ស្តែង និងអាសយដ្ឋានរបស់ជនល្មើសដែលពាក់ព័ន្ធក្នុងករណីបំពានផ្លូវភេទ ដែលត្រូវបានសមត្ថកិច្ចកត់ត្រាក្នុងប្រព័ន្ធទិន្នន័យរបស់រដ្ឋាភិបាលក្នុងគេហទំព័រ (www.sexoffender.go.kr)។ សេវាកម្មដាក់ឱ្យអនុវត្តសាកល្បងនេះ​ នឹងចាប់ផ្តើមដំណើរការពីថ្ងៃអង្គារនេះ រហូតដល់ចុងខែនេះ មុនការចាប់ផ្តើមដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ បើតាមការលើកឡើងរបស់ក្រសួងសមភាពយេនឌ័រ និងគ្រួសារកូរ៉េ។

សេវាកម្មសាកល្បងនេះ នឹងភ្ជាប់ផែនទីរបស់ក្រុមហ៊ុន Naver ជាមួយបច្ចេកវិទ្យាទំនើបក្នុងការកំណត់ទីតាំង ទៅនឹងសេវាកម្មផែនទីឈ្មោះថា VWorld ដែលជាសេវាកម្មផែនទីបង្កើតឡើងដោយក្រសួងដែនដីកូរ៉េ ដែលសព្វថ្ងៃត្រូវបានប្រើប្រាស់ដើម្បីផ្តល់ទីតាំងអាសយដ្ឋាននៃឧក្រិដ្ឋជន ឬអ្នកធ្លាប់មានប្រវត្តិជាប់ពាក់ព័ន្ធបទឧក្រឹដ្ឋផ្លូវភេទនេះដែលបានចុះជាប់ក្នុងប្រព័ន្ធ។ សេវាកម្មផែនទីនេះ នឹងជួយក្នុងការកំណត់អាសយដ្ឋានជាក់លាក់របស់ជនដែលអាចបង្ហហានិភ័យ ដើម្បីការពារកុមារពីករណីឧក្រឹដ្ឋកម្មផ្លូវភេទបែបនេះនាពេលខាងមុខ បើតាមការបញ្ជាក់របស់មន្ត្រីជំនាញ។

ក្នុងប្រព័ន្ធចុះឈ្មោះនេះ គេនឹងអាចរកឃើញព័ត៌មានដូចជាព័ត៌មានផ្ទាល់ខ្លួននៃឧក្រឹដ្ឋជន រួមមានដូចជាឈ្មោះ អាសយដ្ឋាន និងភេទ ដែលព័ត៌មានទាំងនេះត្រូវបានកំណត់ឱ្យបង្ហាញជាសាធារណតាមរយៈសាលដីកាតុលាការកូរ៉េខាងត្បូង។ សូមបញ្ជាក់ដែរថា ជាករណីទូទៅនៅកូរ៉េខាងត្បូង ឧក្រឹដ្ឋជនដែលពាក់ព័ន្ធនឹងបទឧក្រឹដ្ឋផ្លូវភេទទាំងនេះ ភាគច្រើនក្រោយពីត្រូវបានដោះលែង នឹងត្រូវបន្តស្ថិតក្រោមការឃ្លាំមើលពីសមត្ថកិច្ចក្នុងរយៈពេលកំណត់មួយ ដោយការពាក់ឧបករណ៍ខ្សែកងជើងអេឡិកត្រូនិកជាប់នៅនឹងជើង។

 

Leave a Reply

Your email address will not be published. Required fields are marked *