ផ្លូវការហើយ ល្អមែនទែន! សល់ចត្តាឡីស័កតែ ៧ថ្ងៃទេ សម្រាប់ជនជាតិខ្មែរ ឬបរទេសដែលចាក់វ៉ាក់សាំងកូវីដរួចរាល់ ធ្វើដំណើរមកកម្ពុជា តែត្រូវរៀបចំឯកសារ ៤ នេះឱ្យមានក្នុងដៃ..

កូរ៉េខាងត្បូង៖ ជាដំណឹង និងជាការវិវត្តន៍ល្អក្រោយពីកម្ពុជាសម្រេចបានអត្រានៃការចាក់វ៉ាក់សាំង លើសគោលដៅដែលបានគ្រោង និងអាចបង្កើតនូវភាពស៊ាំសហគមន៍នៅទូទាំងកម្ពុជា ទប់ទល់នឹងការឆ្លងជំងឺកូវីដ-១៩ នោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសកម្ពុជាជាបណ្តើរៗវិញហើយ និងតាមដំណាក់កាលដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា ចុះថ្ងៃសៅរ៍ទី១៦ ខែតុលា ម្សិលមិញនេះ។

ការអនុវត្តការបើកប្រទេសវិញនេះ នឹងផ្តល់ជូននូវការសម្រួលរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទយលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញដូចតទៅ៖

ត្រូវអនុវត្តរបបពិសេស៖ ជាការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រឡប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស

ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ៖ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាលដែលត្រឡប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលទាំងក្រុមគ្រួសាររបស់ក្រុមជនអាទិភាពនេះផង)

ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ៖ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និង

ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ៖ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងកូវីដដូសមូលដ្ឋានបានពេញលេញ។

សម្រាប់ការលើកលែងថ្មីនៃរបបធ្វើចត្តាឡីស័កដូចបានរៀបរាប់ខាងលើ យើងសូមធ្វើការរៀបរាបបន្ថែមអំពីការលើកលែងផ្តល់ជូនរបបធ្វើចត្តាឡីស័កត្រឹម ៧ថ្ងៃ ជូនដល់អ្នកដំណើរទូទៅជាជនជាតិខ្មែរ ឬជនបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដរួចដូចខាងក្រោម៖

អ្នកដំណើរទូទៅជាជាជនជាតិខ្មែរចាក់វ៉ាក់សាំងកូវីដរួចរាល់

អ្នកដំណើរទូទៅជាជនជាតិខ្មែរ សំដៅដល់ជនជាតិខ្មែរ ដែលកាន់លិខិតឆ្លងដែនខ្មែរ ឬលិខិតឆ្លងដែនបរទេស ប៉ុន្តែមានទិដ្ឋាការប្រភេទ K។ សម្រាប់ក្រុមប្រភេទនេះ មុនពេលធ្វើដំណើរមកកម្ពុជា ត្រូវរៀបចំនូវឯកសារដូចជា៖

(១) វិញ្ញាបនប័ត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ រយៈពេល៧២ម៉ោងដែលទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី មុនពេលមកដល់កម្ពុជា

(២) ត្រូវមានបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងពេញលេញ ប្រភេទវ៉ាក់សាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង

(៣) ទិដ្ឋាការប្រភេទ K ក្នុងករណីអ្នកដំណើរជាជនជាតិខ្មែរកាន់លិខិតឆ្លងដែនបរទេស។ ការស្នើសុំត្រូវជាទិដ្ឋាការធ្វើឡើងមុនមកដល់កម្ពុជា ដោយទិដ្ឋានការនៅពេលមកដល់ រាជរដ្ឋាភិបាលកម្ពុជាមិនទាន់ទទួលស្គាល់នៅឡើយ។ អ្នកដំណើរដែលកាន់លិខិតឆ្លងដែននៃប្រទេសដែលមិនចាំបាច់សុំធ្វើទិដ្ឋាការ អាចធ្វើដំណើរមកកម្ពុជា ដោយមិនបានស្នើសុំធ្វើទិដ្ឋាការទេ។

(៤) ឯកសារបញ្ជាក់ការកក់សណ្ឋាគារ សម្រាប់ករណីអ្នកដំណើរចង់ធ្វើចត្តាឡីស័កនៅសណ្ឋាគារ ដែលមានបញ្ជាក់ខាងក្រោម។

សម្រាប់វិធានការសុខាភិបាលនានាដែលត្រូវអនុវត្តវិញមានដូចជា៖ បន្ទាប់ពីពិនិត្យឯកសារដូចបានកំណត់ខាងលើរួចនៅច្រកទា្វចេញចូលប្រទេសកម្ពុជារួច អ្នកដំណើរនឹងត្រូវពិនិត្យសុខភាព និងយកសំណាកដោយមន្ត្រីសុខាភិបាល មុននឹងបញ្ជូនទៅសណ្ឋាគារ ឬទីតាំងដែលក្រសួងសុខាភិបាលកំណត់ឱ្យដើម្បីធ្វើចត្តាឡីស័ក។ អ្នកដែលគ្មានលទ្ធភាពបង់ថ្លៃសេវាចត្តាឡីស័កនៅសណ្ឋាគារ ត្រូវទៅធ្វើចត្តាឡីស័កនៅតាមទីតាំងដែលកំណត់ដោយក្រសួង ដោយចំណាយនានាត្រូវធានាដោយរដ្ឋ។

នៅពេលទៅដល់ទីតាំងកំណត់ធ្វើចត្តាឡីស័ក អ្នកដំណើរនឹងត្រូវរង់ចាំលទ្ធផល។ ករណីលទ្ធផលធ្វើតេស្តលើកទី១ (Rapid Test) បង្ហាញវិជ្ជមានកូវីដ-១៩ អ្នកដំណើរនឹងត្រូវបញ្ជូនទៅព្យាបាលនៅតាមមជ្ឈមណ្ឌលព្យាបាល។ តែបើក្នុងករណីតេស្តលើកទី១ អវិជ្ជមានវិញ អ្នកដំណើរត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ហើយត្រូវរង់ចាំទទួលយកការធ្វើសំណាកលើកទី២ តាមម៉ាស៊ីន PCR នៅថ្ងៃទី៦ ក្រោយមកដល់កម្ពុជា។ ក្នុងករណីវិជ្ជមាន នឹងត្រូវបញ្ជូនទៅព្យាបាល តែបើអវិជ្ជមាននឹងត្រូវបញ្ចប់ការធ្វើចត្តាឡីស័កនៅថ្ងៃទី៧។

ក្នុងករណីគេហដ្ឋានរបស់អ្នកដំណើរជាជនជាតិខ្មែរខាងលើ មានភាពសមស្របសម្រាប់ធ្វើចត្តាឡីស័ក ស្របតាមវិធានចត្តាឡីស័កនៅផ្ទះ អ្នកដំណើរអាចស្នើសុំមកអនុគណៈកម្មការគ្រប់គ្រងទ្វារចេញចូលប្រតេស និងការធ្វើចត្តាឡីស័ក (អនុគណៈកម្មការទី២) យ៉ាងតិច៣ថ្ងៃនៃថ្ងៃធ្វើការ មុនមកដល់កម្ពុជា ដើម្បីសុំធ្វើចត្តាឡីស័កនៅផ្ទះ។ អនុគណៈកម្មការទី២ អាចពិនិត្យលើសំណើ និងសម្រេចដោយផ្អែកលើសំណើនីមួយៗ។

អ្នកដំណើរទូទៅគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងបានពេញលេញ

ចំពោះក្រុមអ្នកដំណើរដែលបានរៀបរាប់នេះ ករណីមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងបានពេញលេញ ការអនុវត្តលក្ខខណ្ឌធ្វើដំណើរត្រូវអនុវត្តដូចអ្នកខាងលើដែរ តែត្រូវធ្វើចត្តាឡីស័កពេញរយៈពេល ១៤ថ្ងៃ។

ដំណឹងនេះល្អណាស់ សម្រាប់បងប្អូនខ្មែរយើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវធ្វើដំណើរទៅមកចេញចូលប្រទេសកូរ៉េ ការធ្វើចត្តាឡីស័កនៅកម្ពុជានឹងថយមកនៅសល់ត្រឹមតែ ៧ថ្ងៃ ប្រសិនបើបងប្អូនបានចាក់វ៉ាក់សាំងកូវីដរួចរាល់នៅប្រទេសកម្ពុជា​ ឬនៅប្រទេសកូរ៉េខាងត្បូង ហើយអនុវត្តតាមការកំណត់របស់សេចក្តីជូនដំណឹងនេះ។

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *