កូរ៉េខាងត្បូង៖ អាកាសធាតុនៅកូរ៉េខាងត្បូងត្រូវបានអាជ្ញាធរព្យាករណ៍ថានឹងធ្លាក់ចុះខ្លាំងនៅប៉ុន្មានថ្ងៃខាងមុខនេះ អាចនឹងចុះទៅដល់១អង្សារសេ ជាតួលេខត្រជាក់បំផុតសម្រាប់អំឡុងពេលពាក់កណ្តាលខែតុលានេះ ក្នុងរយៈពេលជាង៦៤ឆ្នាំចុងក្រោយ បើតាមការប្រកាសរបស់អាជ្ញាធរឧតុនិយមកូរ៉េនៅថ្ងៃសុក្រនេះ។
តាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា សីតុណ្ហភាពនឹងអាចធ្លាក់ចុះដល់ទៅ ១អង្សារសេ នៅក្នុងទីក្រុងសេអ៊ូលនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ជាការធ្លាក់ចុះគំហុកធៀបទៅនឹងសីតុណ្ហភាពជាមធ្យម ១៧អង្សារសេនៅថ្ងៃសុក្រនេះ។
ការធ្លាក់ចុះសីតុណ្ហភាពដល់ក្បែរ១អង្សារសេនេះ អាចជាតួលេខធ្លាក់ចុះខ្លាំងបំផុតតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៥៧ មកសម្រាប់សីតុណ្ហភាពដែលគេកត់ត្រាប្រចាំពាក់កណ្តាលខែតុលា ដែលនៅពេលនោះសីតុណ្ហភាពធ្លាក់ចុះដល់ ០.៤ អង្សារសេក្រោមសូន្យឯណោះ។ ចំណែកឯកំណត់ត្រាសីតុណ្ហភាពទាបបំផុតសម្រាប់ពាក់កណ្តាលខែតុលា គឺដល់ ១.១អង្សារសេក្រោមសូន្យ កត់ត្រាបានកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៥៦។
សម្រាប់ថ្ងៃសៅរ៍ស្អែកនេះ សីតុណ្ហភាពប្រចាំថ្ងៃអាចនឹងនៅចន្លោះប្រហែល ១២អង្សារសេនៅសេអ៊ូល ខណៈតំបន់ផ្សេងៗទៀតក៏នឹងមានការធ្លាក់ចុះសីតុណ្ហភាពចុះត្រជាក់ខ្លាំងដូចគ្នានេះដែរ។
អាជ្ញាធរបញ្ជាក់ថា ជាមួយនឹងការធ្លាក់ចុះសីតុណ្ហភាពត្រជាក់ខ្លាំងមួយរំពេចនេះ អាជ្ញាធរនឹងអាចប្រកាសពីការជូនដំណឹងឱ្យមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុត្រជាក់ខ្លាំងនៅសេអ៊ូល និងតំបន់មួយចំនួនទៀតនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ ជាទូទៅ ការប្រកាសជូនដំណឹងពីអាកាសធាតុត្រជាក់ ឱ្យមានការប្រុងប្រយ័ត្ននេះ គឺធ្វើឡើងនៅពេលដែលសីតុណ្ហភាពទាបបំផុត ធ្លាក់ចុះខ្លាំងដល់លើសពី ១០អង្សារឡើងទៅក្នុងចន្លោះរយៈពេល១ថ្ងៃ។
បើតាមការបញ្ជាក់ដែរនោះ ការធា្លក់ចុះសីតុណ្ហភាពមួយរំពេចនោះបណ្តាលមកពីខ្យល់ត្រជាក់ខ្លាំងបក់មកពីតំបន់ប៉ូលខាងជើង ដែលធ្វើដំណើរចុះមកក្រោមដល់ប្រទេសកូរ៉េខាងត្បូងនេះ រួមផ្សំជាមួយនឹងសម្ពាធបរិយាកាសខ្លាំងនៅតំបន់ត្រូពិក ដែលជាកត្តាបង្កអាកាសធាតុក្តៅនៅក្នុងតំបន់ បានបក់ចេញឆ្ងាយទៅដែរនោះ។ ហេតុនេះហើយទើបអាកាសធាតុនឹងចុះត្រជាក់ខ្លាំង ហើយអាចនឹងអូសបន្លាយដល់ទៅរយៈពេល ១សប្តាហ៍ឯណោះ។