កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកស្រីភរិយាបានចាក់វ៉ាក់សាំងកូវីដដូសទី៣ ជាដូសជម្រុញរួចហើយនៅថ្ងៃសុក្រនេះ ស្របទៅតាមគោលការណ៍អនុវត្តរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដដូសទី៣ ជាដូសជម្រុញចាប់ពីដើមសប្តាហ៍នេះមក ដែលអ្នកដែលទទួលបានអាទិភាពចាក់ដំបូងគេគឺមនុស្សដែលមានអាយុ៦០ឆ្នាំឡើងទៅ អ្នកធ្វើការក្នុងវិស័យវេជ្ជសាស្រ្ត ជាផ្នែកមួយនៃវិធានការដើម្បីបង្កើនប្រព័ន្ធការពារទប់ទល់នឹងជំងឺកូវីដ-១៩នៅក្នុងប្រទេសកូរ៉េខាងត្បូង។
សម្រាប់ការចាក់វ៉ាក់សាំងដូសជម្រុញជុំដំបូងនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន និងភរិយា គឺត្រូវនឹងលក្ខខណ្ឌក្រុមអាយុដែលអាចទទួលបានការចាក់វ៉ាក់សាមងផងដែរ។ វ៉ាក់សាំងកូវីដដែលលោកប្រធានាធិបតីកូរ៉េខាងត្បូងចាក់ដូសទី៣នេះ គឺវ៉ាក់សាំង Pfizer របស់អាមេរិក ក្រោយពីវ៉ាក់សាំងដូសទី១ និងទី២កន្លងមករបស់លោកជាវ៉ាក់សាំង AstraZeneca។
បើតាមការបញ្ជាក់របស់មន្រ្តីនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង ក្រោយពីបានចាក់វ៉ាក់សាំងកូវីដដូសទី៣នេះប៉ុន្មានម៉ោងក្រោយមក លោកប្រធានាធិបតីបានចាប់ផ្តើមបំពេញកិច្ចការងាររបស់ខ្លួនជាធម្មតាប្រក្រតីឡើងវិញ ហើយបានបញ្ជាក់ថាលោកប្រធានាធិបតីហាក់មិនមានអាការៈឈឺខ្លួនប្រាណអ្វី អាចជាឥទ្ធិពលពីវ៉ាក់សាំងនោះទេ។
ក្នុងឱកាសនោះដែរ លោកប្រធានាធិបតីកូរ៉េខាងត្បូងបន្តជំរុញប្រជាជនកូរ៉េខាងត្បូង និងអ្នករស់នៅក្នុងប្រទេសនេះទាំងអស់ទៅចាក់វ៉ាក់សាំងកូវីដឱ្យបានគ្រប់ៗគ្នា ខណៈដែលបច្ចុប្បន្ននេះមានដល់ទៅ ៧៨%ហើយនៃប្រជាជននៅកូរ៉េខាងត្បូងទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ១ដូស ខណៈមានមនុស្សដល់ទៅ៣១.៦២លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំង២ដូស។
បើតាមការរំពឹងទុក អត្រានៃការចាក់វ៉ាក់សាំងកូវីដនៅកូរ៉េខាងត្បូងរួចរាល់ រំពឹងនឹងកើនដល់លើស ៧០% នៃប្រជាជនទាំងអស់ ត្រឹមចុងខែតុលានេះ មុននឹងកូរ៉េខាងត្បូងចាប់ផ្តើមបើកប្រក្រតីភាពថ្មីរស់នៅជាមួយនឹងកូវីដនាពេលខាងមុខនេះ។