មេខ្លោងធំជាងគេនៃបណ្តាញឧក្រិដ្ឋកម្ម Nth Room ដ៏កក្រើកនៅកូរ៉េខាងត្បូងកន្លងមកនោះ ត្រូវបានតុលាការកំពូលកូរ៉េកាត់ទោសឱ្យជាប់ឃុំ ៤២ឆ្នាំ ហើយនឹងទោសផ្សេងៗជាច្រើនទៀត …

កូរ៉េខាងត្បូង៖ តុលាការកូរ៉េខាងត្បូងបានឯកភាពទៅលើការកាត់ទោសជាប់ឃុំឃាំរយៈពេល ៤២ឆ្នាំ លើជនល្មើសមេខ្លោងធំជាងគេ ក្នុងបទឧក្រិដ្ឋបំពានគម្រាមកំហែងលើជនរងគ្រោះជានារីតាមប្រព័ន្ធអ៊ីនធើណែត ដ៏ធំជាងគេដែលបានផ្ទុះបែកធ្លាយប៉ុន្មានឆ្នាំមុននេះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ចុះផ្សាយក្នុងសារព័ត៌មាននេះបានឱ្យដឹងថា តុលាការកូរ៉េខាងត្បូងបានឯកភាពទៅតាមការកាត់ក្តីរបស់សាលាឧទ្ធរណ៍កូរ៉េខាងត្បូង ដែលដាក់ទោសលើជនល្មើសឈ្មោះ ឆូ ជូប៊ីន (Cho Ju-bin) ជាមេខ្លោងធំជាងគេក្នុងបទឧក្រឹដ្ឋបំពានលើស្រ្តីតាមប្រព័ន្ធអ៊ីនធើណែត ឱ្យជាប់ឃុំឃាំងរយៈពេល៤២ឆ្នាំ រួមទាំងការតម្រូវឱ្យពាក់ខ្សែជើងអេឡិកត្រូនិករយៈពេល៣០ឆ្នាំជាប់គ្នា និងបង់ប្រាក់ពិន័យចំនួន ១០០លានវ៉ុន (ប្រមាណជាង ៩០០០០ដុល្លារ) និងត្រូវហាមឃាត់មិនឱ្យធ្វើការនៅទីតាំងដែលមានពាក់ព័ន្ធនឹងកុមាររយៈពេលដល់ទៅ១០ឆ្នាំ ក្រោយពីបញ្ចប់ការឃុំឃាំង ហើយព័ត៌មានផ្ទាល់ខ្លួនរបស់ជនល្មើសនឹងត្រូវបង្ហាញឱ្យសាធារណជនដឹងរយៈពេល១០ឆ្នាំ។

ជនល្មើសនេះត្រូវបានរកឃើញថាពាក់ព័ន្ធនឹងករណីបទឧក្រិដ្ឋបង្កើតជាវេទិកាគម្រាមកំហែងជនរងគ្រោះជាស្រ្តីជាច្រើនតាមប្រព័ន្ធអ៊ីនធើណែត ធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយគេឃាត់ខ្លួនបានអ្នកពាក់ព័ន្ធចំនួន៣៨នាក់ទៀត ហើយមានជនរងគ្រោះជាកុមារ និងស្រ្តីដល់ទៅ៧៤នាក់ ដែលត្រូវបានក្រុមនេះគម្រាមកំហែងដោយយករូបភាព និងវីដេអូអាក្រាតដែលបែកធ្លាយរបស់ជនរងគ្រោះទាំងនោះ ទៅបន្តចែកចាយធ្វើអាជីវកម្មតាមប្រព័ន្ធតេឡេក្រាម ដែលហៅថាបេកសាបាំង (Beksabang)។ ជនល្មើសជាមេខ្លាងធំជាងគេនេះ ត្រូវជាប់ចោទបទលួចលាក់លុយដល់ទៅ ១០៨លានវ៉ុន បានពីដំណើរការបទឧក្រិដ្ឋរបស់ខ្លួនផងដែរ។

ជនល្មើសរូបនេះ និងបក្សពួកបានបង្កើតជាបណ្តាញឧក្រិដ្ឋរបស់ខ្លួននេះកាលពីខែមីនា ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ មុននឹងត្រូវប៉ូលិសឃាត់ខ្លួននៅថ្ងៃទី១៦ ខែមីនា ២០២០។ តុលាការសាលាដំបូងកាត់ក្តីឱ្យជាប់ឃុំឃាំងរយៈពេល៤៥ឆ្នាំ តែត្រូវតុលាការសាលាឧទ្ធរណ៍បន្ថយទោសឱ្យមកនៅតែ៤២ឆ្នាំវិញ។ តែយ៉ាងណាមិញ ជនល្មើសបានឆ្លើយសារភាពទៅនឹងបទល្មើសដែលខ្លួនបានប្រព្រឹត្ត តែបានបានបដិសេធថាប្រព័ន្ធតេឡេក្រាម បេកសាបាំង (Beksabang) ដែលខ្លួនបង្កើតនិងដំណើរការនោះ មិនមែនជាប្រព័ន្ធឧក្រិដ្ឋកម្មនោះទេ ហើយភស្តុតាងមួយចំនួនដែលសមត្ថកិច្ចយកមកចោទប្រកាន់ខ្លួន ត្រូវបានប្រមូលមកដោយខុសច្បាប់ផងដែរ។ ការឆ្លើយតបបែបនេះ ត្រូវបានតុលាការកំពូលកូរ៉េខាងត្បូងច្រានចោល។

ក្នុងនោះដែរ បក្សពួក៤នាក់ទៀតក្នុងបទល្មើសនេះត្រូវបានតុលាការឯកភាពលើការដាក់ទោស១៣ឆ្នាំម្នាក់ផងដែរ ដែលក្នុងនោះរួមមានទាំងអតីតមន្ត្រីកូរ៉េម្នាក់ផងដែរ ដែលធ្វើការនៅសាលាក្រុងហ្គូជេ ហើយក៏មានសមាជិកបង់ថ្លៃ២នាក់ទៀតនៃប្រព័ន្ធតេឡេក្រាម បេកសាបាំង (Beksabang) នេះត្រូវបានតុលាការកាត់ទោសឱ្យជាប់ទោស ៧ឆ្នាំម្នាក់ និង៨ឆ្នាំម្នាក់ផងដែរ។

សូមបញ្ជាក់ថា កន្លងមកករណីនេះក្រោយពីបែកធ្លាយ ត្រូវបានសាធារណជនទូទាំងប្រទេសកូរ៉េខាងត្បូងភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមានករណីបែបនេះកើតឡើង ក្នុងសម័យកាលបច្ចេកវិទ្យានេះ ហើយដូចនេះរដ្ឋាភិបាលកូរ៉េបានប្រកាសថានឹងមានវិធានការតឹងរ៉ឹងបំផុតលើបទឧក្រិដ្ឋប្រភេទនេះ ហើយមិនត្រឹមតែអ្នកប្រព្រឹត្តប៉ុណ្ណោះទេដែលត្រូវរងការកាត់ទោស សូម្បីតែអ្នកប្រើប្រាស់សេវាកម្មនានាក្នុងប្រព័ន្ធឧក្រឹដ្ឋកម្មបែបនេះ ក៏នឹងត្រូវរងការកាត់ទោសផងដែរ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *