អ្នកធ្វើការនៅកូរ៉េខាងត្បូង ៧នាក់ ក្នុង១០នាក់ មិនដឹងពីការផ្លាស់ប្តូរច្បាប់ស្តីពីការបំពានជិះជាន់នៅកន្លែងការងារ ដែលចូលធរមាននៅថ្ងៃនេះទេ!! បើរកឃើញថាថៅកែ ជិះជាន់ធ្វើបាបបុគ្គលិក នឹងត្រូវពិន័យដល់..

កូរ៉េខាងត្បូង៖ អ្នកធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើន សឹងមិនដែលដឹងលឺពីច្បាប់ថ្មីការពារការធ្វើបាបបំពាននៅក្នុងកន្លែងការងារ ដែលនឹងចូលជាធរមានចាប់អនុវត្តពីសប្តាហ៍នេះទៅ បើតាមលទ្ធផលនៃការធ្វើស្ទង់មតិមួយបង្ហាញថ្ងៃពុធម្សិលមិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាលទ្ធផលសម្រង់មតិមួយរៀបចំធ្វើឡើងដោយក្រុមសង្គមស៊ីវិលតំណាងនិយោជិតមួយឈ្មោះ Gabjil 119 (직장갑질 119) បានរកឃើញថា យ៉ាងហោចណាស់៧០%នៃអ្នកធ្វើការនៅក្នុងការិយាល័យមិនដឹង ឬមិនដែលបានលឺពីច្បាប់កែថ្មី ដែលគេហៅថាច្បាប់ការពារការជិះជាន់នៅនឹងកន្លែងការងារនេះទេ ដែលច្បាប់ថ្មីនេះគ្រោងនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍នេះតែម្តង។

សម្រង់មតិដែលធ្វើនេះមានអ្នកចូលរួមជាអ្នកធ្វើការងារក្នុងការិយាល័យដល់ទៅ ១០០០នាក់ បានរៀបធ្វើពីថ្ងៃទី៧ ដល់១៤ កញ្ញាកន្លងមកនេះ។

ក្រោយការកែប្រែច្បាប់ថ្មីនេះ ការជិះជាន់ធ្វើបាបនៅកន្លែងការងារ អាចនឹងរងការពិន័យដល់ទៅ១០លានវ៉ុន (ប្រមាណ ៨,៣៧០ដុល្លារ) បើគេរកឃើញថាអ្នកបង្កកំហុសជាមេកើយ ឬក្រុមគ្រួសារសាច់ញាតិរបស់មេនៅក្រុមហ៊ុន។ លើលពីនោះទៀត ថៅកែក្រុមហ៊ុននឹងរងការពិន័យដល់៥លានវ៉ុនដែរ ប្រសិនបើរកឃើញថាថៅកែក្រុមហ៊ុនមិនបើកការស៊ើបអង្កេតឱ្យបានត្រឹមត្រូវពីការជីះជាន់នៅនឹងនឹងកន្លែងការងារនេះ នៅពេលដែលមានការរាយការណ៍ណាមួយនោះ។

ច្បាប់ថ្មីការពារពីការជិះជាន់នៅនឹងកន្លែងការងារនេះត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៩មក ដើម្បីបញ្ហានេះដែលពីមុនមកតែងត្រូវបានមើលរំលង ហើយតែងបង្កឱ្យមានការប៉ះពាល់ដល់អារម្មណ៍អ្នកធ្វើការសឹងគ្រប់ៗគ្នានៅកន្លែងការងារ។

តាមរយៈច្បាប់ដែលកែថ្មីនេះ យ៉ាងណាមិញលទ្ធផលសម្រង់មតិបង្ហាញថាសឹងតែ ៧២.៨% មិនបានដឹងពីការកែប្រែទាំងអស់នេះនោះទេ។ លទ្ធផលសម្រង់មតិនេះដែរ ក៏បានលើកឡើងថារដ្ឋាភិបាលកូរ៉េ និងស្ថាប័នពាក់ព័ន្ធមិនបានធ្វើការផ្សព្វផ្សាយពីការកែប្រែច្បាប់នេះ ហើយដែលក្រុមសង្គមស៊ីវិលតំណាងនិយោជិតនេះលើកឡើងដែរថា នៅតែមានអ្នកធ្វើការជាច្រើននៅតែមិនត្រូវគេរាប់បញ្ចូលក្នុងការទទួលបានការការពារផ្លូវច្បាប់នេះ ដូចជាអ្នកធ្វើការងារប្រភេទពិសេសកុងត្រាជាដើម ឬអ្នកដែលធ្វើការនៅកន្លែងការងារដែលមានបុគ្គលិកតិចជាង៥នាក់ជាដើម។

 

Leave a Reply

Your email address will not be published. Required fields are marked *