កូរ៉េខាងត្បូង៖ ព័ត៌មានលម្អិតពីគម្លាតសង្គមថ្មី នឹងត្រូវអាជ្ញាធរប្រកាសឱ្យដឹងនៅថ្ងៃសុក្រសប្តាហ៍នេះហើយ ខណៈដែលគេរំពឹងថានឹងមានការបន្ធូរបន្ថយ និងផ្តល់អត្ថប្រយោជន៍័បន្ថែមច្រើនដល់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចនោះ។
ចុះផ្សាយក្នុងសារព័ត៌មាន YTN News បានឱ្យដឹងថារដ្ឋាភិបាលកូរ៉េគ្រោងនឹងប្រកាសវិធានការគម្លាតសង្គមថ្មីនៅថ្ងៃសុក្រទី១៥ តុលា ២០២១នេះ ដែលវិធានការគម្លាតសង្គមនេះនឹងត្រូវបន្តអនុវត្តបានពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះទៅ បន្តពីវិធានការគម្លាតសង្គមដែលមានបច្ចុប្បន្ននេះ។
យ៉ាងណាមិញ បើទោះមិនទាន់បានប្រកាសផ្លូវការ គេរំពឹងថាវិធានការថ្មីនេះនឹងអាចមានការបន្ថែមអត្ថប្រយោជន៍ថ្មីៗជាច្រើនលើការបន្ធូរបន្ថយគម្លាតសង្គមជាពិសេសចំពោះអ្នកបានចាក់វ៉ាក់សាំងកូវីដរួចរាល់។
បើតាមការរំពឹងទុកមួយចំនួន គេលើកឡើងថាចំពោះកម្រិតនៃគម្លាតសង្គមបច្ចុប្បន្នជាពិសេសតំបន់ប្រជុំជនធំៗដូចជាសេអ៊ូល អ៊ីនឆន់ និងឃ្យ៉ុងគីជាដើម នឹងប្រហែលជាត្រូវបន្តនៅគម្លាតសង្គមកម្រិត៤ខ្ពស់ជាងគេដដែល ដោយសារតែគេយល់ឃើញថាធ្វើបែបនេះនឹងអាចធ្វើឱ្យស្ថានការណ៍មានសភាពនឹងនរ និងទប់ស្កាត់ការឆ្លងកូវីដបានផងដែរ ជាពិសេសមុននឹងចាប់ផ្តើមស្ថានការណ៍ប្រក្រតីភាពថ្មី រស់នៅជាមួយកូវីដពីខែក្រោយនេះទៅ។
យ៉ាងណាមិញ គេរំពឹងថាជាមួយនឹងអត្រាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដមានកាន់តែច្រើនឡើងៗនោះ អត្ថប្រយោជន៍សង្គមសម្រាប់អ្នកបានចាក់វ៉ាក់សាំងកូវីដរួចអាចនឹងត្រូវបានគេបន្ថែមឱ្យ។ ជាក់ស្តែងគេរំពឹងថាម៉ោងដំណើរការសម្រាប់ភោជនីយដ្ឋានទូទៅ នឹងអាចពន្យារបន្ថែមទៀតទៅតាមតំបន់ផ្សេង ហើយចំនួនអ្នកដែលអាចចូលរួមការជួបជុំឯកជនក៏នឹងអាចនឹងបង្កើនថែមទៀតផងដែរ ជាពិសេសគឺបង្កើនការអនុញ្ញាតជូនអ្នកចាក់វ៉ាក់សាំងកូវីដរួច។
មន្ត្រីជាន់ខ្ពស់មួយរូបនៃអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានលើកឡើងដែរថា រដ្ឋាភិបាលនឹងបន្តបង្កើនអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួច។
ក្នុងនោះដែរ វិធានការគម្លាតសង្គមដែលគេគ្រោងនឹងប្រកាសថ្មីនេះ អាចនឹងត្រូវគេដាក់ឱ្យអនុវត្តដល់ទៅ៣សប្តាហ៍តែម្តង លើសពីការអនុវត្តរាល់ដងដែលវិធានការគម្លាតសង្គមត្រូវដាក់ឱ្យអនុវត្តរៀងរាល់២សប្តាហ៍ប៉ុណ្ណោះ។ អាជ្ញាធរបានលើកឡើងថា ការកែប្រែគម្លាតសង្គមនេះអាចជាលើកចុងក្រោយហើយ មុននឹងឈានដល់ដំណាក់កាលប្រក្រតីភាពថ្មីដែលគ្រោងនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ តែអាជ្ញាធរអំពាវនាវប្រជាជនឱ្យបន្តអនុវត្តតាមវិធានការគម្លាតសង្គមឱ្យបានម៉ត់ចត់បន្តទៀត។