ម្យ៉ាងដែរ! នៅកូរ៉េខាងត្បូងករណីដំបូងគេបង្អស់ បុរសជាឪពុក២នាក់ ក្រោយលែងលះមិនព្រមបង់ប្រាក់ឧបត្ថម្ភកូនខ្លួនឯង ត្រូវក្រសួងកូរ៉េពិន័យមិនឱ្យចេញទៅក្រៅប្រទេសបាន ហើយដល់ចុងឆ្នាំ បើនៅមិនបកស្រាយទៀត នឹងត្រូវ…

កូរ៉េខាងត្បូង៖ ជាករណីដំបូងគេហើយដែលបុរសកូរ៉េខាងត្បូង២នាក់ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងដាក់បម្រាមមិនឱ្យធ្វើដំណើរចេញក្រៅស្រុក ក្រោយពីបដិសេធមិនបង់ថ្លៃរ៉ាប់រងចិញ្ចឹមកូនរបស់ខ្លួន ក្រោយពីបានលែងលះគ្នា នេះបើតាមការបញ្ជាក់របស់ក្រសួងសមភាពយេនឌឺ និងគ្រួសារកូរ៉េពីថ្ងៃអង្គារម្សិលមិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា ករណីនេះគឺជាករណីដំបូងបង្អស់ហើយដែលរដ្ឋាភិបាលកូរ៉េបានបម្រាមបែបនេះ ចំពោះអ្នកដែលមិនទទួលខុសត្រូវលើកាតព្វកិច្ចហិរញ្ញវត្ថុលើកូនបង្កើតរបស់ខ្លួន ជាកាតព្វកិច្ចដែលត្រូវមានក្រោយពីបានលែងលះគ្នាតាមតុលាការស្របច្បាប់នោះ។ ករណីនេះជាករណីដំបូងក្រោយពីច្បាប់ពាក់ព័ន្ធនឹងការបន្ទុកបែបនេះ ត្រូវបានអនុម័តកែសម្រួលកាលពីខែកក្កដា ២០២១នេះ ដើម្បីពង្រឹងលើវិធានការពិន័យ។

ក្រោមច្បាប់ថ្មីដែលកែសម្រួលនេះ ការហាមឃាត់មិនឱ្យធ្វើដំណើរនឹងត្រូវដាក់ពិន័យចំពោះអ្នកណាដែលជំពាក់កាតព្វកិច្ចរ៉ាប់រងចិញ្ចឹមកូន ច្រើនជាង៥០លានវ៉ុន (ប្រមាណ៤១,៧០០ដុល្លារ) ឡើងទៅ ហើយអ្នកដែលមានជំពាក់កាតព្វកិច្ចរ៉ាប់រងចិញ្ចឹមកូន ច្រើនជាង៣០លានវ៉ុន ហើយជាអ្នកធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសច្រើនជាង៣ឆ្នាំកាលពីឆ្នំាមុនមួយឆ្នាំ នឹងត្រូវជាប់ពិន័យនេះដូចគ្នា។

បើតាមការបញ្ជាក់របសក្រសួង បុរសជាឪពុកទាំង២នាក់ដំបូងដែលជាប់បម្រាមថ្មីនេះ មានឈ្មោះគីម និងហុង ដែលបានជំពាក់ប្រាក់រ៉ាប់រងចិញ្ចឹមកូនខ្លួនឯងក្រោយពីលែងលះដល់ទៅ ១១៧.២លានវ៉ុន និង១២៥.៦លានវ៉ុន។ ហើយកាលពីថ្ងៃទី៩ កញ្ញានេះ អតីតប្រពន្ធរបស់បុរស២នាក់នេះបានស្នើឱ្យមានការអនុវត្តច្បាប់ថ្មីនេះ ហាមឃាត់មិនឱ្យបុរសជាឪពុក២នាក់ ដែលមិនបង់ប្រាក់ឧបត្ថម្ភចិញ្ចឹមកូននេះ មិនឱ្យអាចធ្វើដំណើរទៅក្រៅប្រទេសបាន។

ក្នុងករណីនេះក្រសួងលើកឡើងថា បានផ្តល់ពេល១០ថ្ងៃដើម្បីឱ្យបុរសជាឪពុកចូលខ្លួនមកបកស្រាយបំភ្លឺហេតុអ្វីមិនព្រមបង់ប្រាក់ឧបត្ថម្ភកូន តែឪពុកទាំង២នាក់នេះមិនចូលខ្លួនមកបំភ្លឺ ដូចនេះក្រសួងជំនាញសមភាពយេនឌឺ បានស្នើដល់ក្រសួងយុត្តិធម៌ឱ្យអនុវត្តករណីនេះតែម្តង។

ក្នុងនោះទៀត ក្រសួងនឹងអនុញ្ញាតទុកពេលដល់ខែធ្នូខាងមុខទៀត ដើម្បីបុរសទាំងពីរខាងលើបកស្រាយពន្យល់ពីហេតុផលដែលមិនព្រមផ្តល់ប្រាក់ឧបត្ថម្ភកូនខ្លួនឯងនេះ បើមិនដូចនោះទេ ព័ត៌មានផ្ទាល់ខ្លួនរបស់បុរសជាឪពុកទាំង២នាក់នេះ នឹងត្រូវបង្ហាញជាសាធារណៈលើគេហទំព័ររបស់ក្រសួងរយៈពេល៣ឆ្នាំជាប់ ចាប់ពីថ្ងៃទី៣១ ខែធ្នូខាងមុខនេះទៅ។

សូមបញ្ជាក់ថា តួលេខនៃអ្នកដែលមិនបានផ្តល់ប្រាក់ឧបត្ថម្ភដល់កូនខ្លួនតាមការបង្គាប់របស់តុលាការ មានត្រឹម២១.៥% ក្នុងឆ្នាំ២០១៥ តែកើនឡើងរហូតដល់ ៣៦.៨% ក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ ហើយក្រសួងជំនាញលើកឡើងទៀតថា វិធានការដាក់ការហាមឃាត់ធ្វើដំណើរទៅក្រៅប្រទេស ចំពោះអ្នកដែលមិនជួយឧបត្ថម្ភកូនរបស់ខ្លួនក្រោយលែងលះគ្នានេះ នឹងត្រូវសម្រួលឱ្យងាយក្នុងការអនុវត្តបានបន្ថែមទៀត ដើម្បីជម្រុញប្រសិទ្ធិភាពនៃគោលនយោបាយនេះ។

Leave a Reply

Your email address will not be published.