កូវីដអូសបន្លាយពេក វិធានការគម្លាតសង្គមតឹងតែងនៅកូរ៉េខាងត្បូង មានអ្នកបំពានកាន់តែច្រើនឡើងៗ!! កាលថ្ងៃឈូសុក មនុស្សជាង៧៥នាក់ ជិះទូកទៅកោះជប់លៀងផឹកស៊ី បង្ហោះវីដេអូផ្អើលបណ្តាញសង្គមកូរ៉េ..

កូរ៉េខាងត្បូង៖ ករណីអ្នកបំពានគម្លាតសង្គម និងបម្រាមនានាពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងថ្មីៗចុងក្រោយនេះឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលស្ថានការណ៍កូវីដបន្តអូសបន្លាយ ហើយស្របពេលដែលគេរំពឹងថាស្ថានការណ៍ថ្មី «រស់នៅជាមួយនឹងកូវីដ» នឹងចាប់ផ្តើមឆាប់ៗនេះនោះ។

បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times កាលពីថ្ងៃទី១៨ កញ្ញា ២០២១កន្លងទៅ ចំពេលបុណ្យឈូសុកនៅស្រុកកូរ៉េនោះ គេចាប់បានមនុស្ស៧៥នាក់ នាំគ្នាជិះទូកទៅកោះមួយនៅប្រមាណ៣គីឡូម៉ែត្រពីក្រុងអ៊ីនឆន់ ជាកោះដែលគ្មានមនុស្សនៅ ដើម្បីទៅជប់លៀងមួយឆ្នេរខ្សាច់មួយកោះដាច់តែឯង។

ករណីលួចល្មើសគម្លាតសង្គមទៅជប់លៀងមនុស្សដល់ទៅជាង១០០នាក់នេះ ត្រូវបានគេដឹងតាមរយៈវីដេអូដែលល្បីនៅលើបណ្តាញសង្គម ដោយគេឃើញមានតង់ដល់ទៅ២០តង់តម្លើងនៅលើឆ្នេរខ្សាច់នៃកោះនោះ ហើយមានមនុស្សជួបជុំផឹកស៊ីគ្រឿងស្រវឹង និងមិនមានអ្នកពាក់ម៉ាស់នោះទេ។ កម្មវិធីនេះរៀបចំឡើងដោយជនជាតិកូរ៉េផ្ទាល់ ដោយប្រមូលលុយពីអ្នកចូលរួមភាគច្រើនគឺជាជនបរទេស។

បើតាមវីដេអូដែលគេបែកធ្លាយឱ្យដឹងពីការជប់លៀងលើកោះនេះ គឺគេដឹងថានៅពេលនោះក្រុងអ៊ីនឆន់នៅស្ថិតក្រោមគម្លាតសង្គមកម្រិត៤ ដែលជាគម្លាតសង្គមកម្រិតខ្ពស់ និងតឹងតែងជាងគេនៅឡើយនោះទេ។ ហើយក្នុងចំណោមមនុស្ស៧៥នាក់ដែលជប់លៀងលើកោះនោះ មាន៤នាក់ត្រូវរកឃើញថាវិជ្ជមានកូវីដក្រោយមក បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។

វីដេអូដែលគេបង្ហោះនេះ ត្រូវបានអ្នកបង្ហោះលុបចោលវិញក្រោយមក ក្រោយពីនៅលើបណ្តាញសង្គមនោះផ្ទុះការរិះគន់ខ្លាំងឡើងៗ ហើយមានការស្នើឱ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់លើអ្នកបំពានគម្លាតសង្គមទាំងនេះទៀតផង មានទាំងការរៀបចំញ្ញត្តិដាក់ជូនដល់ប្រធានាធិបតីកូរ៉េខាងត្បូងទៀតផង។

ចំណែកឯមូលដ្ឋានអាជ្ញាធរនៅលើកោះនោះវិញ បានបញ្ជាក់ថាខ្លួនមិនបានមានវិធានការអ្វីនោះទេ មិនបានផាកពិន័យអ្វីនោះដែរ ដោយសារតែអ្នកបំពានទាំងនោះគេពិបាកកំណត់អត្តសញ្ញាណ ហើយអាជ្ញាធរដឹងរឿងនេះគឺក្រោយពីអ្នកនោះបានចាកចេញទៅអស់ទៅហើយ គឺដឹងតាមរយៈវីដេអូដែលល្បីលើបណ្តាញសង្គមដូចគ្នាប៉ុណ្ណោះ។

បើតាមគោលការណ៍ច្បាប់ដែលត្រូវអនុវត្តលើអ្នកល្មើសគម្លាតសង្គម គឺអាជ្ញាធរអាចចុះទៅចាប់ឃាត់ខ្លួនដល់ទីតាំងដែលមានការបំពានតែម្តង។ តែជាការគួរឱ្យហួសចិត្តដែរនោះ គឺសមត្ថកិច្ចប៉ូលិសមិនបានតាមដានស៊ើបលើអត្តសញ្ញាណអ្នកដែលបានទៅជប់លៀងខុសច្បាប់បំពានគម្លាតសង្គមទាំងនោះទេ តែបែរជាទៅធ្វើការស៊ើបអង្កេតលើអ្នកនេសាទម្នាក់អាយុជាង៥០ឆ្នាំ សង្ស័យលើបទដឹកអ្នកជប់លៀងទៅកាន់កោះនោះ ដោយមិនមានច្បាប់អនុញ្ញាតឱ្យដឹកភ្ញៀវទេសចរណ៍តាមទូករបស់គាត់ទៅវិញ។

ករណីបំពានមួយទៀតដែរនោះ គឺថ្មីៗនេះនៅក្លឹបកម្សាន្តមួយនៅហ្គាងណាម ប៉ូលិសរកឃើញម្ចាស់ហាងក្លឹបកម្សាន្តនេះបានជួលរថយន្តក្រុងមួយ និងដឹកអតិថិជនខ្លួនពីហ្គាងណាម ទៅដេហ្គូដែលនៅទីនោះស្ថិតនៅកម្រិតគម្លាតសង្គមកម្រិត៣ ហើយក្លឹបកម្សាន្តផឹកស៊ីអាចបើកបានដល់ម៉ោង១០យប់។

ចំពោះករណីបំពាននេះ អាជ្ញាធរនៅដេហ្គូលើកឡើងថាពិបាកក្នុងការឃាត់មនុស្សទាំងនោះដែលមកពីសេអ៊ូល ដោយសារតែតាមគោលការណ៍នៅតំបន់មូលដ្ឋានរបស់ខ្លួន គឺមនុស្សទាំងនោះ បើទោះមកពីសេអ៊ូលមែន តែមិនបានល្មើសគម្លាតសង្គមម៉ោងកំណត់នៅមូលដ្ឋានខ្លួននៅដេហ្គូនោះទេ។

ហើយបើតាមរបាយការណ៍ព័ត៌មានដទៃទៀត នៅឈុងណាម ក៏មានអ្នកទៅលេងឆ្នេរសមុទ្រ ផឹកស៊ីដោយមិនពាក់ម៉ាស់ ក្រោយពីទីតាំងហាងកាហ្វេ និងភោជនីយដ្ឋានបិទម៉ោង១០យប់ផងដែរ។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់ជាបន្តបន្ទាប់របស់រដ្ឋាភិបាលកូរេ៉ គេអាចនឹងគ្រោងអនុវត្តគន្លងប្រក្រតីភាពថ្មី ដោយសម្របខ្លួនរស់នៅជាមួយនឹងកូវីដ ដែលផែនការលម្អិតគេនឹងអាចផ្សព្វផ្សាយឱ្យដឹងនាពេលឆាប់ៗខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *