កូរ៉េខាងត្បូងប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដជាង១.៥លានដូស ដល់ប្រទេសសងខាងកម្ពុជាយើង ២ នេះ ដោយសារតែកត្តាចាំបាច់សំខាន់ៗ ២នេះ ..

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃនេះ នឹងធ្វើការបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅឱ្យប្រទេសជិតខាងកម្ពុជាយើងចំនួន២គឺប្រទេសថៃ និងវៀតណាម ខណៈដែលវ៉ាក់សាំងកូវីដនៅកូរ៉េខាងត្បូងឥឡូវនេះមានហូរហៀរដែរហើយនោះ បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកូរ៉េខាងត្បូងដែលចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ចុះផ្សាយក្នុងសារព័ត៌មាននេះបានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងដឹកចេញវ៉ាក់សាំងកូវីដ AstraZeneca របស់ខ្លួនដល់ទៅ១.‌១លានដូស ជូនទៅប្រទេសវៀតណាម និង៤៧ម៉ឺនដូសវ៉ាក់សាំងកូវីដ AstraZeneca ដដែលនេះជូនទៅប្រទេសថៃនៅក្នុងថ្ងៃនេះតែម្តង ដែលគេរំពឹងថានឹងអាចដឹកទៅដល់គោលដៅត្រឹមថ្ងៃពុធស្អែកនេះ បើតាមការបញ្ជាក់របស់មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង។

នេះជាលើកដំបូងបង្អស់ហើយ ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងធ្វើការបរិច្ចាគវ៉ាក់សាំងកូវីដ-១៩របស់ខ្លួនទៅប្រទេសដទៃទៀត បើមិនគិតពីការចូលរួមវិភាគទានរបស់កូរ៉េខាងត្បូងតាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោកតាមរយៈកម្មវិធីកូវ៉ាក់នោះ។ មែនទែនទៅ ការបរិច្ចាគវ៉ាក់សាំងកូវីដថ្ងៃនេះជូនដល់ប្រទេសវៀតណាម គឺអនុវត្តតាមការសន្យារបស់​ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន ដែលកាលពីពេលកន្លងក្នុងអំឡុងពេលជំនួបជាមួយថ្នាក់ដឹកនាំវៀតណាមនៅទីក្រុងញូវយ៉ក បាននិយាយថាខ្លួននឹងធ្វើការបរិច្ចាគវ៉ាក់សាំងកូវីដខ្លួនឱ្យប្រទេសវៀតណាមយ៉ាងហោច១លានដូស។

ការបរិច្ចាគនេះ ត្រូវបានក្រសួងការបរទេសកូរ៉េខាងត្បូងលើកឡើងថា គឺជាការបរិច្ចាគទៅប្រទេសដៃគូពាណិជ្ជកម្មសំខាន់របស់ខ្លួននៅក្នុងតំបន់ ដើម្បីជួយការពារដល់ប្រជាជនកូរ៉េដែលនៅទីនោះផង និងដើម្បីជួយការពារកូវីដជូនដល់ប្រជាជនរបស់ប្រទេសថៃ និងវៀតណាមនេះផង បើទោះជាមួយភាគធំនៃប្រជាជនថៃ និងវៀតណាមខ្លួនឯងនេះបានចាក់វ៉ាក់សាំងកូវីដរួចរាល់ហើយក៏ដោយ។

ក្រសួងក៏បានបញ្ជាក់ពីហេតុផលដែលថា ការដែលខ្លួនធ្វើការបរិច្ចាគនេះ គឺដោយសារតែស្តុកវ៉ាក់សាំងរបស់ខ្លួនមានពេញលេញប្រើប្រាស់បានឥឡូវនេះ ដោយមិនមានការខ្វះខាត ហើយអាចអនុវត្តកម្មវិធីផែនការចាក់វ៉ាក់សាំងរបស់ខ្លួនបានដោយមិនមានបញ្ហា ដូចនេះទើបខ្លួនធ្វើការចែកបរិច្ចាគនេះ ហើយជម្រើសប្រទេសទាំង២នេះដែរ គឺដោយរដ្ឋាភិបាលកូរ៉េបានពិចារណាទៅលើសំណើផ្ទាល់របស់សាមីប្រទេសផង និងទៅលើស្ថានការណ៍សុវត្ថិភាពរបស់ប្រជាជនកូរ៉េរស់នៅទីនោះផង រួមទាំងស្ថានការណ៍កូវីដនិងតម្រូវការខ្លាំងនៃវ៉ាក់សាំងរបស់ប្រទេសទាំងពីរនេះផងដែរ។

សូមបញ្ជាក់ថា ក្រសួងការបរទេសកូរ៉េ ក៏នឹងពិចារណាលើការគាំទ្រផ្តល់វ៉ាក់សាំងកូវីដដល់ប្រទេសដទៃទៀត ដើម្បីជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងស្ថានការណ៍កូវីដផងដែរ ដោយនឹងពិចារណាទៅលើស្តុកវ៉ាក់សាំងរបស់ខ្លួន និងកម្រិតនៃការចាក់វ៉ាក់សាំងរបស់ប្រទេសដែលនឹងអាចទទួលវ៉ាក់សាំងផងដែរ។ សម្រាប់កូរ៉េខាងត្បូងខ្លួនឯងផ្ទាល់ កាលពីថ្ងៃម្សិលមិញនេះ ចំនួនអ្នកដែលបានចាក់វ៉ាក់សាំងកូវីដដូសទី១ បានកើនដល់លើស ៤០លាននាក់ហើយ ខណៈដែលបច្ចុប្បន្នគេកំពុងតែផ្តោតខ្លាំងទៅលើការចាក់វ៉ាក់សាំងកូវីដដូសទី២ជូនប្រជាជនខ្លួន ខណៈដែលគម្រោងការរស់នៅជាមួយនឹងកូវីដ នឹងអាចចាប់ផ្តើមអនុវត្តពីខែវិច្ឆិកាខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *