ព្រៃផ្សៃណាស់! នៅឈុនណាម កូរ៉េខាងត្បូង សង្សារមួយគូស្រឡាញ់គ្នាបាន៥ខែ ស្រាប់តែមិត្តប្រុសរៀបចំផែនការមួយឈុត ចង់សម្លាប់សង្សារខ្លួនឯងចោល ដើម្បីបានប្រាក់ធានារ៉ាប់រងជីវិត តែសំណាងល្អ …

កូរ៉េខាងត្បូង៖ ករណីប៉ុនប៉ងគ្រោងទុកមុនដោយសង្សារប្រុស រៀបចំផែនការចង់សម្លាប់មិត្តស្រីខ្លួនឯងមួយ ដោយសារតែចង់បានលុយធានារ៉ាប់រងអាយុជីវិតយកមកប្រើប្រាស់ បានកើតឡើងយ៉ាងគួរឱ្យភ្ជាក់ផ្អើល កាលពីថ្ងៃទី៩ តុលាកន្លងទៅនេះ នៅនឹងខេត្តឈុនណាម ប្រទេសកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Naver News បានឱ្យដឹងថាករណីនេះកើតឡើងកាលពីថ្ងៃទី៩ តុលា ម៉ោងជាង១១យប់ នៅនឹងចំណុចសណ្ឋាគារមួយក្បែរតំបន់ភ្នំ នៅក្នុងខេត្តឈុនណាម ដោយមិត្តប្រុសដែលជាជនល្មើសអាយុ១៩ឆ្នាំ បានលួងលោកមិត្តស្រីខ្លួនដែលមានអាយុ១៩ឆ្នាំដូចគ្នានោះ ថាខ្លួនបានរៀបចំកម្មវិធីមួយជាការភ្ញាក់ផ្អើលត្រៀមសម្រាប់មិត្តស្រីខ្លួន នៅនឹងទីតាំងមួយប្រមាណជាង១គីឡូមែ៉ត្រពីសណ្ឋាគារដែលខ្លួនស្នាក់នៅ ដោយត្រូវឱ្យមិត្តស្រីរបស់ខ្លួនត្រូវដើរទៅទីតាំងដែលខ្លួនរៀបចំនោះ ដើម្បីដឹងថាជាគេរៀបចំអ្វីសម្រាប់ឱ្យខ្លួន។

នៅពេលនោះ មិត្តស្រីដែលជាជនរងគ្រោះ ភ័យផងដោយសារតែនៅទីតាំងដែលប្រាប់នោះមានភាពងងឹតខ្លាំង ហើយនៅពេលកណ្តាលអាធ្រាត្រទៅហើយ តែដោយសារតែមិននឹកស្មានពីផែនការដែលសង្សាររបស់ខ្លួនរៀបចំបែបនេះ និងដោយទុកចិត្តផងក៏ដើរទៅកាន់ទីតាំងដែលសង្សារខ្លួនបានប្រាប់នោះ។ នៅពេលដែលដើរទៅទីតាំងត្រៀមនោះ ស្រាប់តែមានមិត្តភក្តិរបស់សង្សារប្រុសនោះ សម្ងំលាក់ខ្លួននៅទីតាំងនោះដែរ ជាមួយកាំបិតក្នុងដៃផងដែរ។

នៅពេលដែលមិត្តភក្តិរបស់ជនល្មើសជាសង្សារប្រុសនោះ ឃើញជនរងគ្រោះដើរមកដល់ ក៏ចាប់ទាញកាំបិតរបស់ខ្លួន ហក់មកចង់ចាក់សំដៅកតែម្តង ធ្វើយ៉ាងណាផ្តាច់ជីវិតស្រ្តីរងគ្រោះនៅពេលនោះ។​ តែជាការចៃដន្យសំណាងល្អ កាំបិតដែលជនល្មើសត្រៀមហើយយកមកប្រើនោះ មិនទាន់ប្រើបានសម្រេចផង ក៏បានបាក់ ដូចនេះក៏បើកឱកាសឱ្យស្រ្តីរងគ្រោះអាចរត់គេចខ្លួនពីកន្លែងនោះ មកកាន់ទីតាំងដែលមានមនុស្ស និងស្រែកឆោឡោឱ្យគេជួយ និងប្តឹងសមត្ថកិច្ច។

ជាសំណាងល្អក្រោយពីមិត្តស្រីជាជនរងគ្រោះបានរត់គេចខ្លួនពីទីនោះ មកដល់ទីតាំងមានមនុស្ស និងបានប្តឹងសមត្ថកិច្ចហើយ ក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងអាចសង្គ្រោះជីវិតបានទាន់ពេលវេលា តែនៅពេលនោះ សមត្ថកិច្ចនាំគ្នាចុះមកទីតាំងកើតហេតុ តែមិនឃើញក្រុមជនល្មើស ហើយក្រោយមកយ៉ាងណាមិញ គេក៏បានរកឃើញជនល្មើសជាសង្សារនោះបានបើករថយន្តព្យាយាមរត់គេច ហើយពួកម៉ាក់ជាជនដៃដល់របស់ខ្លួនកំពុងសម្ងំក្នុងឃ្លុបឡានខាងក្រោយ ដែលត្រូវបានឃាត់ខ្លួនជាប់ទាំង២នាក់។

បើតាមការសារភាពបានឱ្យដឹងជនរងគ្រោះបានស្គាល់ជនល្មើសជាសង្សារនេះពីខែឧសភា២០២១នេះ តាមរយៈកម្មវិធីឆាតក្នុងទូរស័ព្ទហើយក៏បានស្រឡាញ់គ្នាមក។ អ្នកទំាងពីរនេះបានចុះឈ្មោះទិញធានារ៉ាប់រងអាយុជីវិត ដោយដាក់ឈ្មោះមិត្តស្រីរងគ្រោះជាម្ចាស់ធានារ៉ាប់រង ហើយអ្នកដែលមានសិទ្ធិទទួលធានារ៉ាប់រងគឺឈ្មោះពួកគេទាំងពីរនាក់។ តែដោយសារតែ ជនល្មើសជាមិត្តប្រុសនេះត្រូវការលុយ យកទៅបង់រំលួសរថយន្តខ្លួនដែលកំពុងជិះ ហើយចាប់បានពេលធ្វើសកម្មភាពនេះ ទើបនឹកឃើញរៀបចំជាផែនការនេះឡើង ដើម្បីអាចមានសិទ្ធិយកប្រាក់ធានារ៉ាប់រងនេះមកចាយវាយបាន។

ក្រោយពីបានធ្វើការស៊ើបអង្កេតបន្តទៀតទៅ គេរកឃើញមានជនល្មើសពាក់ព័ន្ធម្នាក់ទៀតជាមិត្តភក្តិរបស់ក្រុមជនល្មើសនេះដែរ ដែលតាមផែនការជាអ្នកត្រូវចាំទទួលជនល្មើសជាអ្នកចាក់កាំបិត នៅពេលដែលធ្វើសកម្មភាពរួចដើម្បីរត់គេចខ្លួន ដោយមិនឱ្យជាប់ពាក់ព័ន្ធនឹងជនល្មើសជាសង្សារ មកនៅក្បែរទីតាំងកើតហេតុទេ។ តែចៃដន្យនៅពេលនោះ គឺរថយន្តរបស់ជនល្មើសម្នាក់ដែលរង់ចាំដឹកគ្នាចេញនេះ បែរជាបែកកង់ឡាននៅពេលនោះ ជិះមិនបាន ទើបជនល្មើសជាអ្នកបង្កសកម្មភាពចាក់កាំបិតនោះ រត់ទៅពួនក្នុងឃ្លុបឡានរបស់ជនល្មើសជាសង្សារវិញ។

យ៉ាងណាមិញ ជនល្មើសទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបន្តនីតិវិធីតុលាកាបន្តទៀតហើយ។

Leave a Reply

Your email address will not be published. Required fields are marked *