ត្រៀមឱ្យហើយ! បន្តិចទៀតនេះ ពេលដែលកូរ៉េខាងត្បូងអនុវត្តផែនការថ្មី «រស់នៅជាមួយនឹងកូវីដ» អ្នកឆ្លងកូវីដល្មមៗ នឹងត្រូវសម្រាកព្យាបាលតាមផ្ទះរៀងៗខ្លួនហើយ លើកលែងតែករណី ២ នេះទេ ..

កូរ៉េខាងត្បូង៖ ខណៈគម្រោងការថ្មី «រស់នៅជាមួយនឹងកូវីដ» គ្រោងនឹងដាក់ចេញឱ្យអនុវត្តឆាប់ៗខាងមុខនេះនៅកូរ៉េខាងត្បូង អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏កំពុងគ្រោងបង្កើនការអនុវត្តព្យាបាលអ្នកជំងឺកូវីដដោយខ្លួនឯងពីផ្ទះផងដែរ ជារបត់ថ្មីនៃស្ថានការណ៍កូវីដនៅកូរ៉េខាងត្បូងឆាប់ៗនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា ផែនការថ្មីក្នុងការអនុញ្ញាតឱ្យអ្នកជំងឺកូវីដអាចព្យបាលដោយខ្លួនឯងនៅផ្ទះបាននេះ ជាគ្រោងការណ៍ផ្នែកមួយនៃគម្រោងថ្មី «រស់នៅជាមួយនឹងកូវីដ» ដែលអាចនឹងចាប់ផ្តើមប្រកាសលម្អិត និងអនុវត្តពីខែក្រោយនេះទៅ បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង។ នេះនឹងជាការឈានផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មីហើយ ដែលមនុស្សទាំងអស់ត្រូវសម្របខ្លួនទៅនឹងជំងឺកូវីដ ហើយសកម្មភាពសេដ្ឋកិច្ច និងសង្គមនានានឹងត្រូវងាកមកកាន់ប្រក្រតីភាពវិញជៀសមិនខានផងដែរ។

លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានថ្លែងថា ដោយសារតែលទ្ធផលបានលឿនរហ័សនៃដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ បច្ចុប្បន្ននេះកូរ៉េខាងត្បូងមានចំនួនអ្នកជំងឺឈឺធ្ងន់ និងអត្រាអ្នកបាត់បង់ជីវិតថយចុះយ៉ាងខ្លាំង ដូចនេះហើយរដ្ឋាភិបាលនឹងបង្កើនឱ្យមានជំរើសក្នុងការអាចព្យបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះផ្ទាល់តែម្តងបាន ខណៈដែលស្ថានភាពប្រក្រតីថ្មីនេះ គ្រប់គ្នាត្រូវតែសម្របខ្លួនជាមួយឆាប់ៗនេះខាងមិនបាននោះទេ។ ពេលនោះមានន័យថា អាជ្ញាធរលែងព្យាយាមទប់ស្កាត់ការឆ្លងកូវីដទៀតហើយ តែធ្វើយ៉ាងណាធានាការចាក់វ៉ាក់សាំងឱ្យបានច្រើន ហើយអ្នកដែលឆ្លងកូវីដក៏នឹងមិនមានអាការៈឈឺធ្ងន់ធ្ងរនោះដែរ។

ការអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះដោយខ្លួនឯង គឺមិនមែនមានន័យថាគ្រូពេទ្យកូរ៉េមិនរវីរវល់នឹងអ្នកជំងឺកូវីដនោះទេ តែគេត្រូវមានកម្មវិធីទូរស័ព្ទពិសេសមួយ ដើម្បីអាចឱ្យគ្រូពេទ្យតាមដាន និងពិនិត្យស្ថានភាពជំងឺរបស់អ្នកជំងឺកូវីដដែលកំពុងព្យាបាលខ្លួនឯងនៅផ្ទះនេះ ដូចនេះហើយទើបអ្នកណាដែលមិនសូវចេះប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទ នឹងមិនអាចអនុញ្ញាតឱ្យព្យបាលខ្លួនឯងនៅផ្ទះនោះទេ។

សូមបញ្ជាក់ថា សម្រាប់បច្ចុប្បន្ននេះ ការព្យាបាលជំងឺកូវីដនៅតាមផ្ទះមានអនុវត្តស្រាប់ហើយផងដែរ តែក្នុងកម្រិតតិចតួច ហើយសម្រាប់តែអ្នកជំងឺកូវីដដែលមានអាការៈស្រាល ឬសឹងតែមិនមានលេចចេញអាការៈសង្ស័យអ្វីគួរឱ្យបារម្ភប៉ុណ្ណោះ ដូចនេះក្រោមផែនការថ្មីក្នុងការពង្រីកវិសាលភាពនៃការព្យបាលអ្នកជំងឺកូវីដនៅតាមផ្ទះនេះ នឹងបង្កើនវិសាលភាពដល់អ្នកជំងឺកូវីដទូទៅដែលមានអាយុក្រោម៧០ឆ្នាំ លើកលែងចេញតែករណី២ប៉ុណ្ណោះ គឺទី១អ្នកដែលពិបាកក្នុងការធ្វើការរស់នៅព្យាបាលដាច់ដោយឡែកពីផ្ទះ និងទី២អ្នកដែលពិបាកមិនសូវចេះប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ។

បើតាមការអនុវត្តជាក់ស្តែងមានទីក្រុង និងខេត្តដល់ទៅ១៧ហើយនៅកូរ៉េខាងត្បូង ដែលបានកំពុងអនុវត្តវិធានការអនុញ្ញាតឱ្យអ្នកជំងឺកូវីដព្យាបាលនៅតាមផ្ទះខ្លួនឯងនេះ ហើយគិតត្រឹមថ្ងៃសុក្រសប្តាហ៍មុននេះ មានអ្នកជំងឺកូវីដព្យាបាលនៅតាមផ្ទហដល់ទៅ ៣,៣២៨នាក់ហើយ ដែលបានកើនឡើងយ៉ាងរហ័សពីតួលេខត្រឹមតែ ១,៥១៧នាក់ កាលពីចុងខែកញ្ញាថ្ងៃទី៣០ កន្លងមក។ ក្នុងចំណោមអ្នកជំងឺដែលព្យាបាលនៅផ្ទះ ៣,៣៧៨នាក់នេះ មានដល់ទៅ ៩៧.១% រស់នៅក្នុងទីក្រុងសេអ៊ូល អ៊ីនឆន់ និងខេត្តឃ្យ៉ុងគី។

អាជ្ញាធរសុខាភិបាលបានលើកឡើងផងដែរថា នឹងធ្វើឱ្យប្រព័ន្ធសម្រាប់ត្រួតពិនិត្យការព្យាបាលជំងឺកូវីដនៅតាមផ្ទះខ្លួនឯងនេះ មានភាពល្អប្រសើរជាងមុនដោយសម្រួលឱ្យមានអ្នកចាំត្រួតពិនិត្យ២៤ម៉ោង ជាពិសេសត្រៀមក្នុងពេលមានស្ថានការណ៍បន្ទាន់ណាមួយលើអ្នកជំងឺ។

សូមបញ្ជាក់ថា គម្រោងការថ្មី «រស់នៅជាមួយនឹងកូវីដ» នេះរដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមផ្លាស់ប្តូរចាប់ពីថ្ងៃទី៩​ ខែវិច្ឆិកានេះទៅ ដោយសារតែគេរំពឹងថាត្រឹមថ្ងៃទី២៥ ខែតុលាខាងមុខនេះ យ៉ាងហោចប្រជាជនទូទាំងប្រទេសដល់ ៧០% នឹងបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុង ហើយដូចនេះរយៈពេល២សប្តាហ៍បន្ទាប់ពីចាក់វ៉ាក់សាំងហើយបាន៧០%នេះ គម្រោងការ «រស់នៅជាមួយនឹងកូវីដ» នឹងអាចចាប់ផ្តើមបានហើយ។

តែយ៉ាងណាវិញ ក៏មានការបារម្ភលើកឡើងថា នៅពេលដែលគេចាប់ផ្តើមអនុវត្តគម្រោងការថ្មីនេះ ដែលគម្លាតសង្គមមួយចំនួននឹងត្រូវកាត់បន្ថយនោះ អត្រាតួលេខឆ្លងនឹងអាចកើនលោកដល់ក្បែរ ៥០០០ពាន់ករណីផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *