ចូលរួមក្នុងព្រឹត្តិការណ៍សប្តាហ៍អាស៊ាន២០២១ លោកជំទាវទូតកម្ពុជាថ្មី បង្ហាញក្តីរំពឹងខ្ពស់លើឱកាសបង្កើនពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ នាពេលខាងមុខ ខណៈកិច្ចព្រមព្រៀង FTA ជិតសម្រេចបាន …

កូរ៉េខាងត្បូង៖ ក្នុងឱកាសនៃកម្មវិធីពិព័រណ៌សប្តាហ៍អាស៊ានឆ្នាំ២០២១កាលពីដើមសប្តាហ៍នេះ  លោកជំទាវទូតកម្ពុជាថ្មី បានឆ្លៀតឱកាសលើកឡើងទស្សនៈវិស័យ និងការរំពឹងទុកពីឱកាសកិច្ចសហប្រតិបត្តិការសក្តានុពលរវាងកម្ពុជា និងកូរ៉េខាងត្បូងនាពេលខាងមុខផងដែរ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times របស់កូរ៉េ បានឱ្យដឹងថាព្រឹត្តិការណ៍ពិព័រណ៌នេះរៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ដែលព្រឹត្តិការណ៍តាំងពិព័រណ៌សប្តាហ៍អាស៊ានឆ្នាំ២០២១នេះ ជាព្រឹត្តិការណ៍សំខាន់ដែលមជ្ឈមណ្ឌលនេះផ្តួចផ្តើមរៀបចំឡើងតាំងពីឆ្នាំ២០១៩មក ដែលក្នុងនោះមានវត្តមានតាំងបង្ហាញពីសមិទ្ធផលនានារបស់ប្រទេសសមាជិកអាស៊ាន និងកូរ៉េខាងត្បូង ដើម្បីជាការបង្ហាញ និងធ្វើឱ្យសាធារណជនកូរ៉េជ្រួតជ្រាបកាន់តែខ្លាំងពីសក្តានុពលនៃតំបន់ប្រទេសអាស៊ានចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសកូរ៉េខាងត្បូង។

សម្រាប់ឆ្នាំនេះ ការតាំងពិព័រណ៌សប្តាហ៍អាស៊ាននេះបានរៀបចំដំណាលគ្នាជាមួយព្រឹត្តិការណ៍សប្តាហ៍ធុរកិច្ចអាសា៊ននិងឥណ្ឌាឆ្នាំ២០២១ផងដែរ ហើយមានការចូលរួមជាអធិបតីប្រធានគណៈកម្មការគោលនយោបាយខាងត្បូងថ្មីរបស់កូរ៉ផងដែរ ហើយឆ្នាំនេះព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងក្នុងទំរង់កាត់ជាការចូលរួមផ្ទាល់ផង និងចូលរួមតាមអនឡាញផងដោយសារតែបរិការណ៍កូវីដ។

ក្នុងឱកាសនោះដែរ លោកជំទាវទូតកម្ពុជា ជ្រឹង បុទុមរង្សី ដែលទើបនឹងមកកាន់តំណែងថ្មីនៅលើទឹកដីកូរ៉េខាងត្បូងនេះ បានផ្តល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Korea Times។ លោកជំទាវបានលើកឡើងក្តីរំពឹងខ្ពស់របស់លោកជំទាវ ក្នុងវត្តមានចូលរួមព្រឹត្តិការណ៍ដ៏ធំជាលើកដំបូងក្នុងបេសកកម្មការទូតរបស់លោកជំទាវ ចំពោះឱកាសពង្រឹងកិត្យានុភាពកម្ពុជា និងកិច្ចសហប្រតិបត្តិការបន្ថែមរវាងកម្ពុជានិងកូរ៉េ តាមក្របខណ្ឌតំបន់អាសា៊ន។

លោកជំទាវទូតកម្ពុជា និងបណ្តាអង្គទូតអាស៊ាន ទស្សនាស្តង់ពិព័រណ៌ក្នុងព្រឹត្តិការណ៍ពិព័រណ៌សប្តាហ៍អាស៊ាន

លោកជំទាវបានលើកឡើងថា «ព្រឹត្តិការណ៍ពិព័រណ៌នេះជាព្រឹត្តិការណ៍ធំជាងគេមួយដែលលោកជំទាវបានចូលរួម តាំងពីបានដល់ទឹកដីកូរ៉េខាងត្បូងថ្មីៗនេះ» ហើយបេសកកម្មនៅលើទឹកដីកូរ៉េខាងត្បូងនេះ គឺនៅមានសភាពថ្មីថ្មោងចំពោះលោកជំទាវ តែយ៉ាងណាលោកជំទាវបានគូសបញ្ជាក់ពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា និងកូរ៉េនាពេលខាងមុខ ជាពិសេសក្នុងខណៈដែលប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆាប់ៗខាងមុខនេះ ដូចនេះព្រឹត្តិការណ៍ពិព័រណ៌នេះជាឱកាសដ៏សំខាន់ សម្រាប់ឱ្យសាធារណជនកូរ៉េស្វែងយល់ពីកម្ពុជាកាន់តែច្បាស់បន្ថែមទៀត។

លោកជំទាវបានលើកដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រាកដណាស់ នឹងបើកឱ្យមានឱកាសជាច្រើនទៀតរវាងប្រទេសទាំងពីរ ជាពិសេសលើការធ្វើពាណិជ្ជកម្ម និងជំរុញផលិតផលកម្ពុជាចូលមកកាន់ទីផ្សារកូរ៉េផងដែរ។ ក្នុងឱកាសព្រឹត្តិការណ៍ពិព័រណ៌នោះ ក្រុមការងារស្ថានទូតក៏បានធ្វើបទបង្ហាញពីឱកាសវិនិយោគជាច្រើន និងគួរឱ្យទាក់ទាញនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្នុងការតាំងពិព័រណ៌សប្តាហ៍អាស៊ាននេះ ប្រធានបទសំខាន់គឺពាក់ព័ន្ធនឹងស្រូវអង្ករ ដែលជាអត្តសញ្ញាណរួមចម្បងរបស់តំបន់អាសា៊ន រួមទាំងកម្ពុជាយើងផងដែរ។

ចំពោះវឌ្ឍនភាពនៃដំណើរការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង បើតាមការលើកឡើងថ្មីៗចុងក្រោយរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាយើង គឺនឹងអាចចុះហត្ថលេខាជាផ្លូវការ មិនឲ្យហួសពីក្នុងខែតុលាខាងមុខនេះឡើយ បន្ទាប់ពីប្រទេសទាំងពីរបានធ្វើការចរចាអស់រយៈពេលជាង១ឆ្នាំមកនេះ។ ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាកាលពីខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពីភាគីទាំងពីរបានធ្វើការសិក្សាពីលទ្ធភាពជាដៃគូពាណិជ្ជកម្មមួយគ្នាអស់ជាច្រើនខែ គឺចាប់តាំងពីឆ្នាំខែវិច្ឆិកា ឆ្នាំ២០១៩ មកម៉្លេះ។

ប្រធានបទសំខាន់នៃការតាំងពិព័រណ៌ផ្តោតសំខាន់លើស្រូវ

Leave a Reply

Your email address will not be published. Required fields are marked *