ចែករំលែក! អ្នកខុសច្បាប់នៅកូរ៉េ បើបានចាក់វ៉ាក់សាំង ហើយស្ម័គ្រចិត្តចេញពីកូរ៉េត្រឹមចុងឆ្នាំ២០២១នេះ នឹងបានអត្ថប្រយោជន៍ធំៗដល់ទៅ ២ នេះ រួចផុតលុយពិន័យរាប់លានវ៉ុន ហើយនៅ ..

កូរ៉េខាងត្បូង៖ វិធានការថ្មីសម្រួលជូនជនបរទេសរស់នៅខុសច្បាប់ក្នុងប្រទេស ដែលបានចាក់វ៉ាក់សាំងរួច ហើយព្រមព្រៀងស្ម័គ្រចិត្តចាកចេញពីប្រទេសកូរ៉េខាងត្បូង នឹងទទួលបានការអត្ថប្រយោជន៍ធំៗដល់ទៅពីរបន្ថែមទៀត ជាការដាក់ចេញថ្មីប្រកាសដោយក្រសួងយុត្តិធម៌កូរ៉េ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times របស់កូរ៉េ។

តាមរយៈការប្រកាស វិធានការថ្មីនេះនឹងអនុញ្ញាតឱ្យជនបរទេសដែលកំពុងនៅខុសច្បាប់ក្នុងប្រទេសកូរ៉េ ដែលបានចាក់វ៉ាក់សាំងកូវីដរួច ហើយស្ម័គ្រចិត្តចេញពីប្រទេសកូរ៉េ នៅកាលបរិច្ឆេទកំណត់ពីថ្ងៃអង្គារទី១២ តុលា ២០២១នេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ គឺនឹងរួចខ្លួនមិនបាច់ត្រូវបង់ប្រាក់សំណងពិន័យ និងមិនជាប់បញ្ជីខ្មៅដែលត្រូវជាប់មិនឱ្យចូលប្រទេសកូរ៉េខាងត្បូងវិញទៀតផង។

វិធានការថ្មីនេះជាផ្នែកមួយក្នុងការរៀបចំអត្ថប្រយោជន៍ឱ្យកាន់តែធំ ជំរុញឱ្យអ្នកខុសច្បាប់ដែលកំពុងរស់នៅកូរ៉េខាងត្បូង ទៅចាក់វ៉ាក់សាំងកូវីដឱ្យបានគ្រប់ៗគ្នា ខណៈដែលបច្ចុប្បន្ននេះតួលេខនៃការចាក់វ៉ាក់សាំងក្នុងចំណោមអ្នកខុសច្បាប់ជាជនបរទេស នៅតែមានចំនួនទាបនៅឡើយដោយសារតែភាពស្ទាក់ស្ទើរបារម្ភពីទិដ្ឋភាពផ្លូវច្បាប់នេះឯង។

សូមបញ្ជាក់ថា វិធានថ្មីនេះបញ្ជាក់ថា អ្នកខុសច្បាប់ ដែលបានចាក់វ៉ាក់សាំងកូវីដរួច និងស្ម័គ្រចិត្តព្រមព្រៀងចេញពីប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលកំណត់ខាងលើនេះ នឹងរួចពីការផាកពិន័យដែលជាទូទៅ រដ្ឋាភិបាលកូរ៉េដាក់ពិន័យលើអ្នកខុសច្បាប់រស់នៅកូរ៉េនេះក្នុងករណីចាប់បាន អាចដល់ទៅ៣០លានវ៉ុន (ប្រមាណជាង ២៥,១៤០ ដុល្លារ) ឯណោះ អាស្រ័យទៅនឹងរយៈពេលដែលអ្នកនោះបានស្នាក់នៅខុសច្បាប់។ អ្នកដែលមិនអាចបង់ប្រាក់ពិន័យនេះបាន គឺនឹងត្រូវកត់ចូលបញ្ជីខ្មៅ ហាមមិនឱ្យចូលប្រទេសកូរ៉េខាងត្បូងជាថ្មី អាចពី១ឆ្នាំ ដល់ទៅ១០ឆ្នាំឯណោះ។

ដូចនេះ អត្ថប្រយោជន៍នេះគឺសំខាន់ណាស់សម្រាប់ជនបរទេសដែលរស់នៅខុសច្បាប់នៅក្នុងប្រទេសកូរ៉េ គឺអាចមកចាក់វ៉ាក់សាំងដូចគ្នាទៅនឹងប្រជាជនកូរ៉េខាងត្បូងហើយ អាចយកលក្ខខណ្ឌនៃការចាក់វ៉ាក់សាំងទៅបញ្ជាក់សមត្ថកិច្ច នៅពេលចាកចេញដើម្បីបានរួចការបង់ផាកពិន័យហើយ មិនជាប់ឈ្មោះអាក្រក់ក្នុងបញ្ជីរបស់រដ្ឋាភិបាលកូរ៉េទៀត។ លក្ខខណ្ឌនេះរដ្ឋាភិបាលកូរ៉េ សម្រួលជូនទៀត បើទោះជាចាក់វ៉ាក់សាំងរួចរាល់មិនទាន់បាន ១៤ថ្ងៃក៏ដោយ ដោយជនបរទេសខុសច្បាប់គ្រាន់តែបង្ហាញក្រដាសបញ្ជាក់ថាបានចាក់វ៉ាក់សាំងរួចប៉ុណ្ណោះ។

ក្នុងករណីដែលជនបរទេសដែលស្នាក់នៅខុសច្បាប់ ហើយមិនបានមកចាក់វ៉ាក់សាំងទៀតនោះ ក្នុងករណីដែលប៉ូលិសកូរ៉េចាប់បាននោះ គឺនឹងត្រូវបណ្តេញចេញពីប្រទេសហើយ ជាប់ប្រាក់ពិន័យ និងជាប់ហាមឃាត់មិនឱ្យចូលមកស្រុកកូរ៉េខាងត្បូងវិញទៀតផងដែរ។

សូមបញ្ជាក់ថា កន្លងមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលកូរ៉េនៅតែបន្តជំរុញទទូចឱ្យអ្នកដែលខុសច្បាប់ ចេញមកចាក់វ៉ាក់សាំងកូវីដឱ្យបានគ្រប់គ្នា តាមមជ្ឈមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងដែលរៀបចំដោយរដ្ឋាភិបាលកូរ៉េនៅតាមតំបន់រៀងៗខ្លួន។ ការចាក់វ៉ាក់សាំងសម្រាប់អ្នកខុសច្បាប់ គឺនឹងមានការលើកទឹកចិត្តជាច្រើនអំពីរដ្ឋាភិបាលកូរ៉េ ហើយឈ្មោះ និងព័ត៌មានរបស់ពលករមិនស្របច្បាប់ គឺគេរក្សាសិទ្ធិ មិនចែកចាយទៅស្ថាប័នផ្សេងៗទេ ជាពិសេសទៀតនោះ គឺរដ្ឋាភិបាលកូរ៉េសម្រួលជូនចាក់វ៉ាក់សាំងស្មើសិទ្ធិគ្នាដូចទៅនឹងប្រជាជនកូរ៉េ និងជនបរទេសទូទៅផងដែរ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *