ល្អណាស់! មានឯកសារបញ្ជាក់ ៣ នេះ អ្នកធ្វើដំណើរទៅមកវ៉ុលកូរ៉េខាងត្បូង និងសឹង្ហបុរី ទាំងអស់មិនបាច់ធ្វើចត្តាឡីស័កតែម្តង!! សង្ឃឹមថាកូរ៉េខាងត្បូង និងខ្មែរយើង អាចធ្វើបានឆាប់ៗនេះដែរ …

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង និងសឹង្ហបុរីបានព្រមព្រៀងគ្នាហើយក្នុងការលើកលែងមិនបាចចត្តាឡីស័កសម្រាប់ប្រជាជនប្រទេសទាំងពីរ ពេលដែលធ្វើដំណើរទៅគ្នាទៅវិញទៅមក ជាវិធានការថ្មីចុងក្រោយដើម្បីកាត់បន្ថយផលប៉ះពាល់ពីកូវីដ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News របស់កូរ៉េកាលពីថ្ងៃសុក្រម្សិលមិញនេះ។

តាមការចុះផ្សាយក្នុងសារព័ត៌មានបានឱ្យដឹងថា វិធានការរយោគយល់គ្នារវាងប្រទេសទាំងពីរ កូរ៉េខាងត្បូង និងសឹង្ហបុរីនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះទៅហើយ ដោយអ្នកធ្វើដំណើរមកដល់សឹង្ហបុរី ហោះចេញពីកូរ៉េខាងត្បូងនឹងមិនចាំបាច់ធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ដែលជាតម្រូវរបស់អាជ្ញាធរសុខាភិបាលសឹង្ហបុរីឥឡូវនេះទៀតទេ ហើយចំណែកអ្នកដែលធ្វើដំណើរមកពីសឹង្ហបុរីចូលមកដល់ ប្រទេសកូរ៉េខាងត្បូងវិញក៏មិនចាំបាច់ធ្វើចត្តាឡីស័កទៀតដែរ។

មែនទែនទៅវិធានការនេះជាវិធានការពិសេសបន្ថែមអនុវត្តតែរវាងអ្នកធ្វើដំណើរទៅមករវាងប្រទេសទាំងពីរនេះប៉ុណ្ណោះ ចំណែកឯអ្នកធ្វើដំណើរចេញចូលកូរ៉េខាងត្បូង ពីប្រទេសផ្សេងទៀត តម្រូវការចត្តាឡីស័កនៅតែត្រូវធ្វើដដែលជាធម្មតា។ កន្លងមក កូរ៉េខាងត្បូងក៏បានប្រកាសលើកលែងការធ្វើចត្តាឡីស័កដល់អ្នកធ្វើដំណើរមកពីប្រទេសជាច្រើនផងដែរ លើកលែងតែប៉ុន្មានប្រទេសដែលមានហានិភ័យកូវីដខ្ពស់ប៉ុណ្ណោះ តែការលើកលែងនេះអនុវត្តតែក្នុងលក្ខខណ្ឌប្រភេទនៃការធ្វើដំណើរជាការមករកស៊ីជំនួញ មករៀនសូត្រ មកជួបជុំបងប្អូននៅកូរ៉េ ឬមកក្នុងសកម្មភាពមនុស្សធម៌ ឬការទូតប៉ុណ្ណោះ។

ដូចនេះមានន័យថាកិច្ចព្រមព្រៀងលើកលែងចត្តាឡីស័ករវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសបរទេសជាលើកដំបូងផងដែរ ដោយទទួលស្គាល់វ៉ាក់សាំងកូវីដទាំងអស់ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក មានទាំងវ៉ាក់សាំងចិន ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ផងដែរ ហើយការចាក់វ៉ាក់សាំងលាយមុខបញ្ចូលគ្នាក៏ត្រូវបានទទួលស្គាល់ផងដែរ។ កិច្ចព្រមព្រៀងនេះមានន័យថា អ្នកធ្វើដំណើរទៅមកប្រទេសទាំងពីរតាមជើងហោះហើរ ដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ និងមិនបាច់ធ្វើចត្តាឡីស័កនោះទេ ហើយអាចធ្វើដំណើរបានទៅគ្រប់ទីកន្លែងដោយសេរីផងដែរ។

កិច្ចព្រមព្រៀងនេះបានសម្រេចក្នុងអំឡុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងរដ្ឋមន្ត្រីក្រសួងដែនដីកូរ៉េ និងសមភាគីសឹង្ហបុរីនៅថ្ងៃសុក្រម្សិលមិញនេះ ហើយកិច្ចព្រមព្រៀងនេះបញ្ជាក់ច្បាស់ពីការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

មន្ត្រីជំនាញបន្តទៀតថា កិច្ចព្រមព្រៀងនេះនឹងអាចជួយជំរុញទំនាក់ទំនងមនុស្សនិងមនុស្សឡើងវិញក្រោយពីមានការរំខានយ៉ាងខ្លាំង ដោយសារតែតម្រូវការធ្វើចត្តាឡីស័កពេលធ្វើដំណើរជាង២ឆ្នាំមកនេះ ហើយតម្រូវការទេសចរណ៍ធ្វើដំណើរទៅមករវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសសឹង្ហបុរី ក៏នឹងអាចកើនឡើងវិញផងដែរ។

ដើម្បីទទួលបានការរួចផុតចត្តាឡីស័កនេះ អ្នកធ្វើដំណើរចូលមកត្រូវបង្ហាញឯកសារចាំបាច់នានាបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដរួចរាល់ យ៉ាងហោចបាន២សប្តាហ៍ និងបានធ្វើតេស្តកូវីដអវិជ្ជមានក្នុងរយៈពេល៤៨ម៉ោង ឬ៧២ម៉ោងមុនធ្វើដំណើរ ហើយអ្នកធ្វើដំណើរមក ក៏តម្រូវឱ្យត្រូវបញ្ជាក់ថាបានស្នាក់នៅក្នុងប្រទេសដែលបានធ្វើដំណើរចេញមកនោះ រយៈពេល២សប្តាហ៍មុនផងដែរ ហើយត្រូវធ្វើការហោះហើរតាមជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរតែម្តង។

នេះមានន័យថា អ្នកធ្វើដំណើរពីសឹង្ហបុរី ចូលមកប្រទេសកូរ៉េខាងត្បូងត្រូវបញ្ជាក់ថា (១) បានចាក់វ៉ាក់សាំងកូវីដរួចរាល់ផុត២សប្តាហ៍ហើយ និងបានធ្វើតេស្តកូវីដអវិជ្ជមាន ៤៨ ទៅ៧២ម៉ោងមុនហោះហើរ (២) បញ្ជាក់ថាមុនពេលហោះហើរ២សប្តាហ៍ គឺស្នាក់នៅក្នុងប្រទេសសឹង្ហបុរីរហូត និង(៣) ត្រូវហោះហើរតាមជើងហោះហើរផ្ទាល់ពីសឹង្ហបុរីមកកូរ៉េខាងត្បូង។ សម្រាប់អ្នកធ្វើដំណើរពីកូរ៉េខាងត្បូង ទៅសឹង្ហបុរី ក៏ត្រូវអនុវត្តដូចគ្នា។

សូមបញ្ជាក់ថា ជាមួយនឹងកិច្ចព្រមព្រៀងថ្មីនេះ ការអនុវត្តកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ ក៏នឹងត្រូវចាប់ផ្តើមអនុវត្តវិញដែរ ក្រោយពីបានផ្អាកតាំងពីខែមេសា ២០២០មក។

Leave a Reply

Your email address will not be published. Required fields are marked *