ដោយសារកូវីដ ក្រឡាប់ចាក់អស់ហើយ! ទីផ្សាររថយន្ត១ទឹកនៅកូរ៉េខាងត្បូង បែរជាកើនឡើងថ្លៃខ្លាំង ក្នុងជាង១០ខែចុងក្រោយនេះ បើទិញថ្មីជិះ លក់វិញសឹងបាន ៩០% តម្លៃដើម! អ្នកជំនាញពន្យល់ថា ដោយសារតែបញ្ហានេះ..

កូរ៉េខាងត្បូង៖ ចាប់តាំងពីកូរ៉ូណាវាយលុកមក សឹងតែអ្វីៗទាំងអស់ក្នុងសង្គមជួបបញ្ហា តែឥឡូវនេះសូម្បីតែទីផ្សារលក់រថយន្តមួយទឹកនៅកូរ៉េខាងត្បូង ក៏ក្រឡាប់ចាក់អស់ដែរ ដោយគេឃើញរថយន្តមួយទឹកមួយចំនួនបែរជាហក់ឡើងតម្លៃកាន់តែខ្លាំងជាងមុនទៅវិញ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Naver News របស់កូរ៉េ។

បើតាមព័ត៌មាននៃតម្លៃរថយន្តមួយទឹកនៅកូរ៉េ តាមគេហទំព័រ Encar.com ដែលជាគេហទំព័រទិញលក់រថយន្តធំជាងគេនៅកូរ៉េ កាលពីថ្ងៃទី៧ តុលាម្សិលមិញនេះ តម្លៃរបស់រថយន្ត Hyundai Palisade សេរីឆ្នាំ២០១៨ កើនឡើងដល់ទៅតម្លៃ ៣៨លានវ៉ុនក្នុងមួយគ្រឿង គឺកើនដល់ទៅជាង ៣.១៨លានវ៉ុន (ប្រមាណ៩.១%) ពីខែមករាកន្លងមក។

ក្នុងពេលដូចគ្នានោះ រថយន្តមួយទឹកម៉ូតផ្សេងទៀតដូចជា Hyundai Tucson និងរថយន្ត Mercedez-Benz E-Class W213 ក៏កើនតម្លៃខ្លាំងដែរដល់ទៅ ៨២ម៉ឺនវ៉ុន សម្រាប់រថយន្ត Hyundai Tucson និងកើនដល់ ១.៤៩លានវ៉ុន សម្រាប់រថយន្ត Mercedez-Benz E-Class W213។ រថយន្តប្រភេទ Hyundai Santa Fe TM និងរថយន្ត Genesis G70 ក៏កើនដូចគ្នាដែរដល់ទៅជាងរាប់ម៉ឺនវ៉ុន ក្នុងរយៈពេលជាង១០ខែចុងក្រោយនេះ។

ជាទូទៅ នេះជានិន្នាការប្លែក ដែលគេហៅថាបែបក្រឡាប់ចាក់តម្លៃទីផ្សារ ដោយសារតែជាទូទៅរថយន្ត១ទឹក បើទោះជាល្អនៅថ្មីយ៉ាងណា ក្រោយពេលដែលគេចាប់ផ្តើមជិះភ្លាម តម្លៃវានឹងចាប់ផ្តើមធ្លាក់រហូត ហើយនៅពេលដែលឆ្នាំកាន់តែចាស់ទៅៗ តម្លៃក៏នឹងកាន់តែធ្លាក់ខ្លាំងផងដែរ តែចំឡែកតែបច្ចុប្បន្ននេះដែលតម្លៃរថយន្ត១ទឹកបែរជាកើនគួរឱ្យកត់សម្គាល់ខ្លាំងទៅវិញ។

មែនទែនទៅ ករណីនេះគឺដោយសារតែការប៉ះពាល់ពីស្ថានការណ៍កូវីដ ដែលនាំឱ្យមានការបង្អាក់ដល់ដំណើរការនៃការផលិតរថយន្តថ្មីពីក្រុមហ៊ុនធំៗ ដោយសារតែកង្វះធ្ងន់ធ្ងរទៅលើបន្ទះភ្លើងសម្រាប់តម្លើងលើរថយន្ត ដោយសារតែរោងចក្រផលិតបន្ទះភ្លើងទាំងនេះដែលនៅតំបន់អាស៊ីអាគ្នេយ៍សុទ្ធតែមានការរអាក់រអួលក្នុងដំណើរការផលិតដោយសារតែកូវីដ។ ដូចនេះ ចំពោះការកុម្មង់រថយន្តថ្មីៗសេរីចុងក្រោយ បើទោះជាកុម្មង់ហើយក៏ត្រូវរង់ចាំសឹងតែអាចដល់១២ខែក៏មាន ទំរាំបានរថយន្តមកជិះផ្ទាល់ ដោយសារតែរោងចក្រផលិតមិនទាន់។

បញ្ហាបែបនេះហើយ ដែលនាំឱ្យមនុស្សជាច្រើននាំគ្នាងាក​មកមើលរថយន្តមួយទឹកវិញ ដែលជាហេតុនាំឱ្យទីផ្សាររថយន្តមួយទឹកនៅកូរ៉េខាងត្បូងបែរជាហក់ត្រូវប៉ាន់ខ្លាំងបែបនេះទៅវិញ។ បើតាមការប្រៀបធៀបតម្លៃទីផ្សារ សម្រាប់រថយន្តទំនើបសេរីឆ្នាំ២០២០ ដែលគេជិះហើយ នៅមានសភាពស្អាតនោះ សឹងតែអាចលក់មកវិញឥឡូវនេះបានដល់តម្លៃក្បែរដើមឯណោះ រហូតដល់ក្បែរ៩០% នៃតម្លៃដើមក៏មានដោយសារតែបញ្ហាកង្វះខាតការផ្គត់ផ្គង់រថយន្តថ្មីក្នុងទីផ្សារនេះ​ឯង។

 

Leave a Reply

Your email address will not be published. Required fields are marked *