កូរ៉េខាងត្បូង៖ គិតមកដល់ថ្ងៃនេះ យ៉ាងហោចលើស៣០%ហើយនៃយុវជនជំទង់អាយុ១៦ ដល់ ១៧ឆ្នាំ នៅកូរ៉េខាងត្បូងបានធ្វើការចុះឈ្មោះសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ទៅតាមផែនការកំណត់របស់រដ្ឋាភិបាលកូរ៉េ ២ថ្ងៃក្រោយការចុះឈ្មោះបានបើកចាប់ផ្តើម។
បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា តួលេខនៃចំនួនយុវជនអាយុ១៦ ដល់១៧ឆ្នាំដែលបានមកចុះឈ្មោះដើម្បីចាក់វ៉ាក់សាំងមានដល់ទៅជាង ៣០ម៉ឺននាក់ហើយក្នុងចំណោមចំនួនសរុបទូទាំងប្រទេសដល់ទៅជាង៩០ម៉ឺននាក់ បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។
សូមបញ្ជាក់ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង កំពុងបើកដំណើរការចុះឈ្មោះចាក់វ៉ាក់សាំងសម្រាប់យុវជនអាយុ១៦ ដល់១៧ឆ្នាំតាំងពីថ្ងៃអង្គារសប្តាហ៍នេះ ពីម៉ោង៨ល្ងាចមក ហើយអ្នកដែលអាចចុះឈ្មោះត្រូវនឹងលក្ខខណ្ឌគឺអ្នកដែលកើតក្នុងចន្លោះឆ្នាំ២០០៤ និង២០០៥។ គេរំពឹងថាតួលេខនឹងបន្តកើនឡើងបន្ថែមដោយសារតែការចុះឈ្មោះនឹងបន្តបើករហូតដល់ទៅថ្ងៃទី២៩ ខែតុលា ខាងមុខឯណោះ ហើយដំណើរការចាក់វ៉ាក់សាំងវិញ នឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែតុលាខាងមុខនេះទៅ ដោយពួកគេនឹងទទួលបានវ៉ាក់សាំង Pfizer តែមួយប្រភេទប៉ុណ្ណោះ។
ចំណែកឯដំណើរការបើកឱ្យចុះឈ្មោះសម្រាប់កុមារអាយុ១២ ដល់១៥ឆ្នាំវិញ នឹងចាប់ផ្តើមពីថ្ងៃទី១៨ តុលា រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា។
តួលេខនេះដែលសម្រេចបានក្នុងរយៈពេល២ថ្ងៃដំបូងនៃការបើកចុះឈ្មោះ គឺជាលទ្ធផលល្អ ដោយសារតែកន្លងមកមានការលើកឡើងពីការបារម្ភរបស់ឪពុកម្តាយ ចំពោះការឱ្យកូនរបស់ខ្លួនទៅចាក់វ៉ាក់សាំងនេះ។ កន្លងមក អាជ្ញាធរសុខាភិបាលក៏ធ្លាប់បានលើកឡើងដោយខ្លួនឯងថា «សម្រាប់កុមារដែលមិនមានស្ថានភាពជំងឺធ្ងន់ធ្ងរទេនោះ ផលប្រយោជន៍នៃការចាក់វ៉ាក់សាំងមិនលើសពីហានិភ័យដែលអាចកើតមានឡើងនោះទេ» ដូចនេះការចាក់វ៉ាក់សាំងសម្រាបក្រុមយុវជនក្រោមអាយុ១៨ឆ្នាំ អាជ្ញាធរមិនជម្រុញខ្លាំងពេកនោះទេ។
តែយ៉ាងណាសម្រាប់កុមារដែលមានអាការៈបញ្ហាសុខភាពនានា អាជ្ញាធរសុខាភិបាលផ្តល់អនុសាសន៍ថាគួរតែចាក់វ៉ាក់សាំងកូវីដនេះកុំឱ្យខានឱ្យសោះ ជាពិសេសកុមារដែលមានជំងឺទឹកនោមផ្អែម ជំងឺថ្លើម ឬជំងឺសួតជាដើម និងជំងឺផ្សេងៗទៀតដែលអាចងាយរងគ្រោះខ្លាំងនៅពេលដែលឆ្លងកូវីដ-១៩។
យ៉ាងណាមិញ សម្រាប់តួលេខនៃការចុះឈ្មោះចាក់វ៉ាក់សាំង បានលឿន និងច្រើនជាងការរំពឹងទុកនេះ គឺអាចដោយសារតែឪពុកម្តាយបារម្ភពីហានិភ័យដែលកូនៗខ្លួនអាចនឹងប្រឈមការឆ្លងកូវីដនៅពេលដែលចូលរៀននៅសាលាផ្ទាល់ផងដែរ ជាពិសេសអ្នកដែលមានអាយុ១៦ និង១៧ឆ្នាំនេះ គឺសុទ្ធតែត្រូវដល់ជិតឆ្នាំប្រឡងដែលតម្រូវឱ្យនៅសាលារៀនច្រើន និងត្រូវរៀនគួរច្រើនជាងមុនផងដែរ។
សូមបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅ រដ្ឋាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់សិស្សវិទ្យាល័យថ្នាក់បញ្ចប់ដែលត្រូវប្រឡងថ្នាក់ជាតិចូលសាកលវិទ្យាល័យនោះចំនួន ៤៤ម៉ឺននាក់ ហើយក្នុងនោះមានករណីរាយការណ៍ពីអាការៈប៉ះពាល់ពីការចាក់វ៉ាក់សាំងចំនួន ១៥ករណីផងដែរ តែសុទ្ធមិនមានអាការៈធ្ងន់ធ្ងរ និងព្យាបាលជារួចរាល់ហើយដែរ។