ករណីឆបោកតាមទូរស័ព្ទ ដ៏កក្រើកនៅកូរ៉េខាងត្បូងតាំងពីជាង១០ឆ្នាំមុន ពេលនេះប៉ូលីសកូរ៉េ ទើបឃាត់ខ្លួនមេខ្លោងធំជាងគេបាន ក្រោយសម្ងំលាក់ខ្លួននៅហ្វីលីពីនជាច្រើនឆ្នាំ

កូរ៉េខាងត្បូង៖ មេក្រុមជនបោកប្រាស់ តាមការខលទូរស័ព្ទដ៏ធំជាងគេនៅកូរ៉េខាងត្បូងតាំងពីជាង១០ឆ្នាំមុន ឥឡូវនេះត្រូវបានប៉ូលិសកូរ៉េសហការជាមួយនឹងអាជ្ញាធរបរទេសចាប់បានហើយនៅប្រទេសហ្វីលីពីន ក្រោយពីបានរត់លាក់ខ្លួន លាក់អត្តសញ្ញាណអស់ជាច្រើនឆ្នាំមកនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា កាលពីថ្ងៃពុធទី៦ តុលាម្សិលមិញនេះ ស្ថានីយ៍ប៉ូលិសកូរ៉េខាងត្បូងបានធ្វើការឃាត់ខ្លួនបុរសជាជនល្មើសអាយុ៥០ឆ្នាំជាង ឈ្មោះថាផាក ដែលត្រូវគេស្គាល់ថាជាមេខ្លោងធំនៅពីក្រោយករណីឆបោកទ្រង់ទ្រាយធំតាមរយៈការខលលេខទូរស័ព្ទ (ដែលពាក្យបច្ចេកទេសភាសាអង់គ្លេសហៅថា voice phishing) នៅកូរ៉េខាងត្បូង តាំងពីជាង១០ឆ្នាំមុនមកនោះ។

ជនល្មើលនេះ គឺជាអតីតមន្ត្រីសមត្ថកិច្ចប៉ូលិសកូរ៉េ ហើយត្រូវបានគេចោទប្រកាន់ថាជាមេខ្លោងនៅពីក្រោយករណីឆបោកតាមការខលទូរសព័្ទតាំងពីឆ្នាំ២០១២មក គឺរយៈពេល៤ឆ្នាំក្រោយពីពេលដែលគាត់ត្រូវបានគេបណ្តេញចេញពីមុខតំណែងជាមន្ត្រីប៉ូលិសដោយសារតែពាក់ព័ន្ធករណីស៊ីសំណូកសូកប៉ាន់។

ករណីឆបោកដែលគាត់បានប្រព្រឹត្តនោះ គឺបក្សពួកក្រុមនេះបន្លំអត្តសញ្ញាណជាអ្នកធ្វើការធនាគារឈ្មោះថា គីម មីយ៉ុង ហើយបានផ្ញើសារអក្សរទៅកាន់លេខទូរស័ព្ទនានាដោយមានខ្លឹមសារបែបបោកប្រាស់ ដោយស្នើឱ្យអ្នកទទួលបានសារធ្វើការទាក់ទងមកវិញ។ នៅពេលដែលអ្នកទទួលបានសារទាក់ទងមកលេខទូរស័ព្ទនោះវិញ ក្រុមបក្សពួកខ្លួនក៏បន្លំធ្វើជាទាមទារព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់ទាក់ទងនឹងលេខកុងធនាគារ ដើម្បីអាចយកទៅបញ្ជាក់អត្តសញ្ញាណបាន តែមែនទែនទៅនៅពេលដែលទទួលបានព័ត៌មានទាំងនោះ ក្រុមបក្សពួកទាំងអស់នេះ នឹងអាចចូលទៅប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះទាំងនោះ ហើយវេរលុយចេញពីកុងធនាគាររបស់ជនរងគ្រោះ ចូលមកបក្សពួកខ្លួន។

យ៉ាងណាមិញ កាលពីឆ្នាំ២០១៣ ប៉ូលិសកូរ៉េនៅឆូណាន បានធ្វើការឃាត់ខ្លួនបានអ្នកពាក់ព័ន្ធទាំងអស់ដល់ទៅ២៨នាក់ ដែលជាបក្សពួកប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់ តែជនល្មើសឈ្មោះ ផាក នេះ និងបក្សពួកមួយចំនួនទៀតបានរត់គេចខ្លួនមករស់នៅប្រទេសហ្វីលីពីន ប្រមាណជាង ៤០០គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល តាំងពីពេលនោះមក។

រយៈពេលជាង១០ឆ្នាំមកហើយ ដែលប៉ូលិសកូរ៉េនៅតាមប្រមាញ់អត្តសញ្ញាណ រហូតដល់កំណត់បានទីតាំងច្បាស់លាស់ តាមរយៈខ្សែបណ្តាញពីក្នុងបក្សពួកជនល្មើសរូបនេះ ហើយក៏បានឈានដល់ការចាប់ខ្លួនបានជនល្មើសផ្ទាល់នៅប្រទេសហ្វីលីពីននៅថ្ងៃទី២៥ ខែកញ្ញានេះ។ បើតាមការបញ្ជាក់របស់ប៉ូលិស ជនល្មើសរូបនេះ បន្លំខ្លួនជាអត្តសញ្ញាណមនុស្ស ២ ផ្សេងដើម្បីគេចខ្លួនពីការតាមចាប់កន្លងមក។

ចំពោះករណីនេះ ប៉ូលិសគ្រោងនឹងធ្វើការសត្យាប័ណ្ណនាំខ្លួនជនល្មើសនេះពីប្រទេសហ្វីលីពីន មកកាត់ទោសនៅកូរ៉េខាងត្បូងផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *